ភ្នំពេញៈ ក្រោយទទួលបានអាជ្ញាប័ណ្ណបូមខ្សាច់ចំនួនពីរទីតាំង កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃចន្ទនេះ ដាក់លក់ខ្សាច់ប្រមាណពី ២ ទៅ ៣ ម៉ឺនម៉ែត្រគុប ទៅឲ្យដេប៉ូ ១០ កន្លែង នៅបណ្តោយដងទន្លេមេគង្គ តាមផ្លូវជាតិលេខ ១ លេខ ៥ លេខ ៦ និងដេប៉ូនៅកោះពេជ្រ ក្នុងតម្លៃពី ៤,៥ ដុល្លារ ទៅ ៥ ដុល្លារ។
ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណលើកដំបូងចំនួនពីរ ឲ្យកំពង់ផែស្វយ័តភ្នំពេញ បន្ទាប់ពីការសិក្សាឃើញថា តម្លៃទីផ្សារខ្សាច់នៅភ្នំពេញមានការកើនឡើងគួរឲ្យកត់សម្គាល់ និងដើម្បីបូមស្តារផ្លូវនាវាចរណ៍។ អាជ្ញាប័ណ្ណចំនួនពីរនោះ មានទីតាំង ទី ១ ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ព្រំប្រទល់ទល់នឹងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល និងទី ២ នៅឃុំខ្សុំ ស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល ដែលកំពង់ផែស្វយ័តភ្នំពេញ ត្រូវផ្គត់ផ្គង់ខ្សាច់យ៉ាងហោចណាស់ ២ ម៉ឺនម៉ែត្រគុប ក្នុង ១ ថ្ងៃ សម្រាប់វិស័យសំណង់។
អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ឺ ប៉ាវី បានឲ្យដឹងពីម្សិលមិញថា ក្រោយទទួលបានអាជ្ញាប័ណ្ណ និងការជួបពិភាក្សាជាមួយក្រុមការងាររបស់ក្រសួង នាយកដ្ឋាន ក៏បានចាប់ផ្តើមការបូមខ្សាច់នោះ កាលពីល្ងាចថ្ងៃសៅរ៍ ដោយជាជំហានដំបូង គឺនឹងមានការបញ្ចេញខ្សាច់ទៅកាន់ដេប៉ូចំនួន ១០ កន្លែង ហើយតម្លៃខ្សាច់នោះខ្ពស់បំផុត ៥ ដុល្លារ ទាបបំផុត ៤,៥ ដុល្លារ អាស្រ័យទៅលើទីតាំងបូម។
លោកថា៖ «ម៉ោង ១២ ស្អែក (ថ្ងៃចន្ទ) យ៉ាងយូរ គឺអ្នកប្រើប្រាស់ អាចទៅទទួលខ្សាច់ចែកចាយប្រើប្រាស់ យើងនឹងខំពន្លឿនឲ្យបាន ម៉ោង ៨ ទៅ ៩ ដាក់លក់បានហើយ ហើយល្ងាចយើងនឹងទៅសុំយោបល់ពីក្រសួង ព្រោះក្រសួងជាអ្នកកំណត់ទីផ្សារឲ្យយើង»។
បើតាមលោក ហ៊ឺ ប៉ាវី ការផ្តល់ខ្សាច់ទៅឲ្យដេប៉ូទាំង ១០ នេះ នឹងធ្វើឡើងក្នុងរយៈពេល ១ សប្តាហ៍សិន ដើម្បីជាការសាកល្បង ហើយក្នុងករណីដែលមិនអាចផ្គត់ផ្គង់តម្រូវការខ្សាច់ទៅលើវិស័យសំណង់បានគ្រប់គ្រាន់ទេនោះ នាយកដ្ឋាននេះ នឹងបន្ថែមខ្សាច់ទៅឲ្យដេប៉ូបន្ថែមទៀត។
លោកថា៖ «សម្រាប់អាជ្ញាប័ណ្ណបូមខ្សាច់ពីរទីតាំងនៅប្រឡាយស្តៅតាឯក និងប្រឡាយកោះកែវគឺ អគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ មានប្រើប្រាស់ក្បាលបូមសម្រាប់បូមស្តារ ចំនួន ៧ គ្រឿង សាឡង់ដឹកខ្សាច់ចំនួន ៤២ គ្រឿង»។
ពាក់ព័ន្ធនឹងការផ្តល់អាជ្ញាប័ណ្ណខ្សាច់ទៅកំពង់ផែស្វយ័តភ្នំពេញ ដែលជាស្ថាប័នរដ្ឋនេះ បើតាមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានពន្យល់ថា កោះពីរ ដុះនៅក្នុងទន្លេមេគង្គក្នុងទឹកដីខេត្តកណ្តាល បានធ្វើឲ្យចរន្តទឹកទន្លេមេគង្គហូរខុសប្រក្រតី ដែលអាចប៉ះពាល់ដល់ច្រាំងទន្លេ ទើបក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យកំពង់ផែស្វយ័តភ្នំពេញបូមយកខ្សាច់ពីតំបន់ដុះដីនោះ ដើម្បីបន្ថយការបាក់ច្រាំងទន្លេ និងសម្រួលបើកផ្លូវដល់នាវាចរណ៍ពីភូមិខ្សុំ ឃុំបន្ទាយដែក ទៅដល់ប្រឡាយកោះកែវ ឋិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកថា៖ «វាទើសអាកោះពីរហ្នឹង វាបុកមកខាងនេះ វាបាក់នៅត្រង់ខាងនេះ។ យើងនឹងសម្រួលខាងនេះ ព្រោះកោះហ្នឹងអត់ឲ្យបាត់ទេ បូមផ្លូវខាងនេះដើម្បីឲ្យទឹកវាហូរតាមនេះ អ៊ីចឹងវាសម្រួលការបាក់ច្រាំងនៅសងខាង»។
លោក ឌិត ទីណា ឲ្យដឹងថា ក្រៅពីអាជ្ញាប័ណ្ណ ដែលផ្តល់ទៅអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ នៅដើមខែឧសភាខាងមុខនេះ ក្រសួងរ៉ែ និងថាមពល ក៏នឹងដាក់ឲ្យមានការដេញថ្លៃបូមខ្សាច់ប្រកួតប្រជែង សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ ដែលលក្ខខណ្ឌស្របតាមការកំណត់របស់ក្រសួង។
លោកថា៖ «ក្រុមហ៊ុន ដែលមានសិទ្ធិចូលរួមដេញថ្លៃអាជីវកម្មខ្សាច់ ត្រូវមានលក្ខខណ្ឌតាមការកំណត់ដូចជា បង្ហាញក្បាលបូមមានទំហំត្រូវតាមការកំណត់ ត្រូវមានសាឡង់ ឬទូក មានអ្នកបច្ចេកទេសជំនាញខាងបូមជាដើម»។
កាលពីដើមខែមេសាកន្លងទៅក្នុងកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ពាក់ព័ន្ធ នឹងការផ្គត់ផ្គង់តម្រូវការខ្សាច់ ក្រសួងរ៉ែ និងថាមពល និងក្រុមអាជីវករដែលមានទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានឯកភាពគ្នា ផ្អាកការធ្វើអាជីវកម្មរយៈពេល ៣ ទៅ ៦ ខែ ដើម្បីទុកពេលឲ្យក្រសួង ធ្វើការសិក្សាពីផលប៉ះពាល់នានា មុននឹងសម្រេចឲ្យដំណើរការអាជីវកម្មឡើងវិញ។ លទ្ធផលការសម្រេចផ្អាកនេះ បានធ្វើការផ្គត់ផ្គង់បរិមាណខ្សាច់នៅលើទីផ្សារថយចុះ និងធ្វើឲ្យតម្លៃខ្សាច់ឡើងថ្លែគួរឲ្យកត់សម្គាល់៕