ភ្នំពេញៈ តុលាការជាន់ខ្ពស់បានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មន្ត្រីការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរង គជប ជាការសម្រេចស្របគ្នានឹងការលើកឡើងរបស់តុលាការជាន់ទាបដែលអះអាងថាការអនុញ្ញាតឱ្យពួកគាត់ទាំង ៥ រូបនៅក្រៅឃុំ«នឹងធ្វើឲ្យមានអសន្តិសុខក្នុងសង្គម» ខណៈមន្ត្រីជាប់ឃុំនិងក្រុមគ្រួសារថាជារឿងអយុត្តិធម៌និងចាត់ទុកថាការបន្តឃុំខ្លួនពួកគាត់ដើម្បីជាចំណាប់ខ្មាំងនយោបាយ។
តុលាការកំពូល កាលពីម្សិលមិញ បានប្រកាសសាលដីកាលើសំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុកទាំង៤រូប គឺ លោក ណៃ វង់ដា លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី និងមន្ត្រី គ.ជ.ប លោក នី ចរិយា ដោយសម្រេចបន្តឃុំខ្លួនបណ្តោះអាសន្នក្រោមហេតុផលដើម្បីស្វែងរកភ័ស្ភុតាងដាក់បន្ទុកបន្ថែម។
ក្រោយការសម្រេចនេះក្រុមគ្រួសារបានស្រែកទ្រហោយំនៅតុលាការ និងបានស្រែកថាអយុត្តិធម៌បំផុតសម្រាប់មន្ត្រីការពារសិទ្ធិមនុស្ស។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅតុលាការកំពូលលោក ស្រី គឹម សត្ថាវី ប្រកាសសាលដីកាថា«យើងសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ជាស្ថាពរដើម្បីកុំឱ្យជនជាប់ចោទ និងជនសមគំនិតត្រូវរ៉ូវគ្នា»។
លោក យី សុខសាន្ត ថ្លែងក្រោយតុលាការបដិសេធឱ្យនៅក្រៅឃុំថា៖«ខ្ញុំសោកស្តាយដែលមានរដ្ឋាភិបាលចាប់ពួកសង្គមស៊ីវិលធ្វើការខាងសិទ្ធិមនុស្សយកមកដាក់ពន្ធនាគារ គឺមានតែជនផ្តាច់ការទេ ដែលគេយកពួកសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សដាក់ពន្ធនាគារ ព្រោះពួកយើងធ្វើការងារនេះជួយដល់ជនក្រីក្របំពេញចន្លោះការខ្វះខាតរាជរដ្ឋាភិបាល មិនកិបកេងទេ ហើយពួកយើងគ្មានបានផលប្រយោជន៍ពីគណបក្សនយោបាយណាមួយទេគឺយើងធ្វើការដោយឆន្ទៈ មនុស្សធម៌»។
យ៉ាងនេះក្តី លោកថា៖«នីតិវិធីគ្មានអីជាមូលដ្ឋានក្នុងការបន្តឃុំខ្លួនពួកយើងទៀតទេ ដូច្នេះយើងឃើញថា គ្រាន់តែជាការសម្រេចមួយទាក់ទងនឹងរឿងនយោបាយ ដូច្នេះនៅពេលស្ថានភាពនយោបាយធូរស្រាលយើងនឹងបានចេញក្រៅឃុំ»។
លោក សំ សុគង់ មេធាវីការពារឱ្យលោក នី ចរិយា ថ្លែងថា ក្រុមមេធាវីមិនអាចទទួលយកបានចំពោះការសម្រេចនេះទេ ដោយចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់កូនក្តី។
លោកថា៖«ការឃុំខ្លួនពួកគាត់ច្រើនខែមកហើយ អ្វីដែលជាសំអាងហេតុរបស់តុលាការកំពូល ក៏ដូចជាសភាស៊ើបសួរនៅសាលាឧទ្ធរណ៍គឺរក្សាជនជាប់ចោទដើម្បីចាត់ការតាមនីតិវិធី តែយើងឃើញថាការរក្សាបែបនេះ គឺអស់ភាពចាំបាច់ហើយ»។
បើតាមលោក សំ សុគង់ បើទោះបីជាក្រុមមេធាវីព្យាយាមលើកហេតុផល ទាំងច្បាប់ជាតិ និងអន្តរជាតិ តែតុលាការកំពូលហាក់មិនយកចិត្តទុកដាក់ឡើយ។
ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ អំ សំអាត ដែលបានឃ្លាំមើលករណីនេះយល់ថា ជារឿងអយុត្តិធម៌សម្រាប់មន្ត្រីការពារសិទ្ធិមនុស្ស ខណៈលោកមើលឃើញថាមន្ត្រីសិទ្ធិមនុស្សទាំងនោះនឹងមិនធ្វើឱ្យវឹកវរក្នុងសង្គមដូចតុលាការចោទប្រកាន់។
លោកថា៖ «ខ្ញុំមិនជឿថាពួកគាត់ចេញមកអាចបង្កឱ្យមានភាពហិង្សាទេ ព្រោះគាត់ធ្វើការលើកស្ទួយផ្នែកសិទ្ធិមនុស្ស រឿងអីដែលទៅបង្កភាពអសន្តិសុខសម្រាប់ប្រទេសជាតិ ណាមួយពួកគាត់មានលំនៅពិតប្រាកដ មុខរបរ មានអ្នកធានានិងសហការជាមួយអាជ្ញាធរនិងតុលាការពេលដែលកោះហៅ»។
យ៉ាងណាក៏ដោយ លោកនៅតែអះអាងថាករណីនេះជារឿងនយោបាយសុទ្ធសាធ ហើយថា ការសម្រេចនេះមិនមានអ្វីចំណេញដល់រដ្ឋាភិបាលទេ ។
ភរិយាលោក នី ចរិយា គឺអ្នកស្រី យ៉ែម ចន្ថា ថ្លែងទាំងទឹកភ្នែកខណៈកំពុងកាន់ដៃកូនបានទទូចជាថ្មីដល់តុលាការអនុញ្ញាតឱ្យស្វាមីបាននៅក្រៅឃុំដើម្បីជួបជុំគ្រួសារវិញ។
អ្នកស្រីថា៖«បងសំណូមពរថាសូមឱ្យដោះលែងឱ្យបាននៅក្រៅឃុំផង ព្រោះគាត់គ្មានបង្កចលាចលដល់សង្គមទេ យ៉ាងហោចណាស់បានជួបជុំគ្រួសារម៉ែក្មេកខ្ញុំអាយុជាង៨០ឆ្នាំមករកគាត់ (នី ចរិយា) អត់ឃើញរហូត ខ្ញុំកុហកថាគាត់ទៅខេត្តរហូត ព្រោះគាត់នឹកកូនគាត់ ហើយគាត់ជាមនុស្សចាស់ វង្វេងទៀត»។
ទោះជាបែបនេះក្តី អ្នកស្រីយល់ឃើញថាតុលាការកំពុងយកស្វាមីរបស់ខ្លួនធ្វើជាឈ្នាន់នយោបាយ។
អ្នកស្រីថា៖«គាត់ធ្វើការងារមនុស្សធម៌ដល់ពេលគណបក្សទាំងពីរយកពួកគាត់ធ្វើជាចំណាប់ខ្មាំង អត់យល់ពីអារម្មណ៍ដល់ក្រុមគ្រួសារនោះមិនវេទនាតែគាត់មួយទេគឺទាំង៥គ្រួសារ ហើយម្នាក់ៗសុទ្ធតែមានកូនគ្រួសារ គេដទៃទៀតបានជួបជុំ ដល់គ្រួសារបងវេទនា»។
ដោយអស់សង្ឃឹមខ្លាំង អ្នកស្រីថា៖«ឥឡូវខ្ញុំលែងជឿតែលើមនុស្សហើយ(ប្រព័ន្ធតុលាការ)ខ្ញុំគិតតែពីអុជធូបបន់រហូត មុនមកតុលាការបងបន់ស្រន់ ម្សិលមិញបងបន់នៅព្រះអង្គដងកើ...បងអស់ជំនឿលើស្ថាប័នណាទៀតហើយ ព្រោះមកដល់តុលាការកំពូលហើយនៅតែមិនបានយុត្តិធម៌ទៀត»។
ចំណែកភរិយា លោក យី សុខសាន្ត ដែលបានស្រែកយំឱបស្វាមី ហើយរៀបរាប់ថា«បើតុលាការបន្តឃុំខ្លួនគាត់អ៊ីចឹង គួរតែយកសាំងមកដុតគ្រួសារយើងទាំង ៥ តែម្តងទៅ»។
ចំណែកលោកណៃ វង់ដា បានហៅការសម្រេចនេះថាជាតុលាការតេឡេកុម្ម៉ង់។ លោកថា៖ «បើតុលាការឯករាជ្យគេដោះលែងយើងហើយ ព្រោះយើងអត់មានធ្វើអីខុសទេ តែបើតុលាការតេឡេកុម្ម៉ង់ ដែលគេហៅឱ្យអាក្រក់ស្តាប់ថា តុលាការអាយ៉ងគឺមិនដោះលែង»៕