ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ម្នាក់​ពាក់ព័ន្ធ​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ ១០ ឆ្នាំ​ម្នាក់ ប្រព្រឹត្ត​កាល​ពី​ឆ្នាំ ២០១៦ នៅ​ភូមិ​ខ្យោក​ជើង ឃុំ​ពពឹស ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ជា​សំណុំ​រឿង​ដែល​តុលាការ​ថ្នាក់​ក្រោម​ទាំង ២ ថ្នាក់ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២៣ ឆ្នាំ។

លោក ស្រី គិ​ម ស​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃតុលាការ​កំពូល​បាន​អាន​អង្គហេតុ​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​និង​ចំពោះមុខ​ឪពុក​របស់​ក្មេង​រង​គ្រោះ​ថា កាល​ពី​ថ្ងៃ​ទី ៧ ខែ​ មិថុនា ឆ្នាំ ២០១៦ ឪពុក​របស់​ក្មេងស្រី​រង​គ្រោះ​បាន​ទៅ​បូមទឹក​ដាក់​ស្រែ​ចម្ងាយ​ពី​ភូមិ​ប្រមាណ ៣ គីឡូម៉ែត្រ ហើយ​ក៏មាន​វត្តមាន​ជន​ជាប់​ចោទ​ឈ្មោះ ទ្រី គឹម​ឈាង អាយុ ៣០ ឆ្នាំ នៅ​ទី​នោះ​ដែរ។

លោកស្រី​បន្តថា លុះ​រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់ ក្រោយពី​ក្មេងស្រី​រង​គ្រោះ​ឈ្មោះ​ច.ស.ឃ អាយុ ១០ ឆ្នាំ​ ចេញ​ពី​សាលារៀន នាង​បាន​ទិញ​កាហ្វេ​យក​ទៅ​ឲ្យ​ឪពុក​នៅ​កន្លែង​វាល​ស្រែ​នោះ។ បន្ទាប់​មក​ឪពុក​នាង​បាន​ចេញ​ទៅ​មើល​ស្រែ ១ ទៀត​ដោយ​ទុក​ក្មេងស្រី​រង​គ្រោះ​និង​ប្អូនស្រី​តូច​ម្នាក់​ទៀត​ឲ្យ​នៅ​ជាមួយ​ជន​ជាប់​ចោទ ព្រោះ​សំអាង​ថា​ពួកគេ​ជា​ពូជីទួត​មួយ​នឹង​គ្នា។ ប៉ុន្តែ​ក្រោយ​មក​ឪពុក​របស់​ក្មេងស្រី​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​តែ​កូន​ស្រី​ប្អូន តែ​បាត់​ក្មេង​រង​គ្រោះ ក៏​សួរ​កូន​ស្ត្រី​ប្អូន​ទើប​នាង​ប្រាប់ថា បងស្រី​របស់​នាង​ត្រូវ​បាន​ពូឈាង​នាំចូល​ក្នុង​ព្រៃ​ហើយ​នាង​ឮ​ពូ​ឈាង ប្រាប់​ថា​ទៅ​រក​ឃ្មុំ។ ដោយ​បាត់​កូន​យូរពេក​ឪពុក​ក្មេងស្រី​រង​គ្រោះ​បាន​ជិះ​កង់​ដើរ​រក តែ​រក​មិន​ឃើញ​ហើយ​ក៏​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​ពពឹស តែម្តង។

លោកស្រី​បន្តទៀតថា ក្រោយពី​នគរបាល​ប៉ុស្តិ៍​ទទួលបាន​បណ្តឹង ក៏​ចាត់​កម្លាំង​ចូល​រក​ក្នុងព្រៃ​ក្បែរ​វាល​ស្រែ​ដែល​ជន​ជាប់​ចោទ​បូមទឹក​ដាក់​ស្រែ។បន្ទាប់​មក​សមត្ថកិច្ច​ក៏បាន​រក​ឃើញ​សាកសព​ក្មេង​ស្រី​នោះ

ហើយ​ពេល​ធ្វើ​កោសល្យ​វិច័យ​រក​ឃើញ​ថា សព​នាង ត្រូវបាន​សម្រាត​ខោ​ត្រឹម​ជង្គង់ ហើយ​បាក់ក ដោយសារ​ជន​ជាប់​ចោទ​កាច់​បំបាក់។ ១ ម៉ោង​បន្ទាប់​ពី រក​ឃើញ​សព សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​ចាប់​បាន​ជន​ជាប់​ចោទ​នៅ​ថ្ងៃ ៧ មិថុនា ឆ្នាំ ២០១៦។

សំណុំ​រឿងនេះ ត្រូវបាន​សាលា​ដំបូង​ខេត្តព្រៃវែង​ប្រកាស​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ កក្កដា ឆ្នាំ ២០១៧ ដោយ​ដាក់​ពន្ធនាគារ ២៣ ឆ្នាំ​តាម​មាត្រា ២០២ នៃ​ក្រម​ព្រហ្មទណ្ឌ។ តែ​ដោយ​ជន​ជាប់​ចោទ​មិន​សុខចិត្ត​ក៏បាន​ប្តឹង​ឧទ្ធរណ៍​តែ​ត្រូវ​សាលា​ឧទ្ធរណ៍​ប្រកាស​សាលដីកា​សម្រេច​តម្កល់​សាល​ក្រម​សាលា​ដំបូង​ខេត្ត​ព្រៃវែង​នៅ​ដដែល​កាល​ពី​ថ្ងៃ​ទី ១៤ ខែ ​កក្កដា ឆ្នាំ ២០១៧។

ឆ្លើយ​នៅក្នុង​សវនាការ​នោះ​ជនជាប់ចោទ ឈ្មោះ ទ្រី គឹមឈាង បាន​ប្រាប់​ចៅក្រម​ថា រូបគេ ពិត​ជា​បាន​ប្រព្រឹត្ត​លើ​ក្មេង​ស្រី​រង​គ្រោះ​ដូច​ការ​ចោទ​ប្រកាន់​មែន តែ​ត្រង់​សំណង​ជំងឺ​ចិត្ត​ដែល​ឪពុក​ក្មេង​ស្រី​ទាមទារ​នោះ​ខ្លួន​មិនមាន​លទ្ធភាព​សង​ទេ​ដោយសារ​គ្រួសារ​ក្រ។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​ដែរ លោក ព្រឹម សុវណ្ណ ជា​ឪពុក​របស់​ក្មេងស្រី​រង​គ្រោះ​បាន​ប្រាប់​ចៅក្រម​ថា គាត់​ប្តឹង​មក​តុលាការ​កំពូល​ព្រោះ​មិន​សុខចិត្ត​នឹង​ការ​ផ្តន្ទាទោស​ជន​ល្មើស​តិច​ពេក។

លោក​ប្រាប់​ចៅក្រម​ថា៖ «សាលាឧទ្ធរណ៍​ដាក់ទោស​ជនជាប់​ចោទ​តែ ២៣ ឆ្នាំ ហើយ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​កំពូល​ដាក់​ទោស​ជន​ជាប់​ចោទ ១ ជីវិត និង​ទាមទារ​សំណង ១ ម៉ឺន​ដុល្លារ»។

លោក ជុំ សំបាន តំណាងមហាអយ្យការ​សន្និដ្ឋាន​ថា ផ្អែក​តាម​អង្គហេតុ និង​ចម្លើយ​ជន​ជាប់​ចោទ​នោះ​គឺ​ការ​សម្រេច​ក្តី​របស់​សាលា​ឧទ្ធរណ៍​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​លោក​សូម​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។

លោកស្រី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឪពុក​ក្មេងរងគ្រោះ​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​សន្និដ្ឋាន​ថា តាំង​ពី​នៅ​តុលាការ​ខេត្ត​រហូតដល់​សាលា​ឧទ្ធរណ៍​គឺ​ជន​ជាប់​ចោទ​បាន​សារភាព​រហូត ដូច្នេះ​បានន័យ​ថា ជន​ជាប់​បាន​ប្រព្រឹត្ត​មែន។

លោកស្រី​ថា៖ «ប៉ុន្តែ​ករណីនេះ​ជនជាប់ចោទ​មិន​ត្រឹមតែ​រំលោភ​ក្មេងរងគ្រោះ​ទេ តែ​គាត់​ធ្វើ​ទារុណ​កម្ម​កាច់​ក​ច្របាច់​មាត់​និង​យក​ឈើ​បញ្ចូល​ក្នុង​ប្រដាប់​ភេទ​ក្មេង​រង​គ្រោះ​ទៀត។ ដោយ​ហេតុ​នេះ​ហើយ តុលាការ​ថ្នាក់​ក្រោម​មិនគួរ​លើក​យក​មាត្រា ២០២ នៃ​ក្រម​ព្រហ្មទណ្ឌ​មក​ផ្តន្ទាទោស​ជន​ជាប់​ចោទ​ទេ គួរយក​មាត្រា ២០៥ មក​ផ្តន្ទាទោស​ជន​ជាប់​ចោទ​វិញ»។

លោក ឡោ គីម​ហ្គិ​ច មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​សន្និដ្ឋាន​ថា លោក​យល់​ឃើញ​ថា សំណុំ​រឿង​នេះ​តំណាង​មហា​អយ្យការ​នៃ​សាលា​ឧទ្ធរណ៍​មិន​បាន​ប្តឹង​សារទុក្ខ​ជំទាស់​នឹង​ទណ្ឌកម្ម​ទោស​របស់​ជន​ជាប់​ចោទ​ទេ។ «ហេតុ​ដូច្នេះ​ខ្ញុំ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​កូនក្តី​ខ្ញុំ​ស្នើសុំ​តុលាការ​កំពូល​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល»។

ក្រោយ​ជំនុំជម្រះ លោកស្រី​ចៅក្រម គិ​ម ស​ត្ថា​វី ថ្លែងថា​សាលដីកា​នៃ​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ៨ ខែ​ ឧសភា ខាងមុខ​នេះ៕