ភ្នំពេញៈ តុលាការ​កំពូល​ជំនុំជម្រះ​ករណី​អតីត​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ២ ​រូប​ពី​ម្សិលមិញ​លើ​បណ្តឹង​ប្រឆាំង​នឹង​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​បទចោទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​ដែល​ប្រព្រឹត្ត​ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​ ២០១៨ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ផ្សេងទៀត​។

តាម​កំណត់ហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ស៊ុន ធន់ ជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ធំ​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត រីឯ លោក​ ពៀត ម៉ាប់ ជា​គ្រូបង្រៀន​នៅ​ខេត្តសៀមរាប ហើយ​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ដែរ​។ អ្នក​ទាំង​ ២ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​អំឡុង​ខែ​ឧសភា-មិថុនា ឆ្នាំ​ ២០២០ ហើយ​បញ្ជូនមក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ​។

បើ​តាម​កំណត់ហេតុ​ដដែល​គឺ​លោក​ ស៊ុន ធន់ និង​លោក​ ពៀត ម៉ាប់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​ ១១ មិថុនា ឆ្នាំ​ ២០២០​។ អ្នក​ទាំង​ ២ ​ត្រូវ​បាន​ចោទ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​តាម​មាត្រា​ ៤៥៣,៤៩៤ ៤៩៦ និង​មាត្រា​ ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​។

ដោយ​មិន​សុខ​ចិត្តនឹង​ដីកាឃុំខ្លួន​នេះ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​គឺ​លោក​ សំ សុគង់ និង​លោក​ ឡោ ជុនធី ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។ ប៉ុន្តែ​បណ្តឹង​នេះ​ត្រូវបាន​ឧទ្ធរណ៍​បដិសេធ​ និង​រក្សា​តាម​អំណាច​ដីកាឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​។

លោក​ សំ សុគង់ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ពី​ម្សិលមិញ ខណៈ​អវត្តមាន​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​ថា សាលាឧទ្ធរណ៍​មិន​ឲ្យ​កូនក្តី​លោក​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ចៅក្រម​បាន​លើក​ហេតុផល​ថា ខ្លាច​កូនក្តី​លោក​ទៅ​បង្ក​បទល្មើស​ផ្សេង​។ បទល្មើស​របស់​ពួកគាត់​ជា​បទឧក្រិដ្ឋ ហើយ​បើ​រក្សា​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​ ក្នុង​ពន្ធនាគារ​គឺ​ងាយស្រួល​ស្ថិតក្រោម ការត្រួតពិនិត្យ​របស់​តុលាការ​។

លោក​បន្តថា កូនក្តី​របស់​លោក​ទាំង​ ២ ​នាក់​មាន​ជំងឺ​លើសឈាម ជំងឺ​ទឹកនោមផ្អែម ឡើង​ជាតិ​អាស៊ីត និង​លើស​ជាតិ​ខ្លាញ់​ដូច្នេះ​ពួកគាត់​ត្រូវការ​ព្យាបាល​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​។ ម្យ៉ាង​កូនក្តី​របស់​លោក​មិនអាច​គេច​ទៅណា​បានទេ ព្រោះ​ពួកគាត់​មាន​អាជីព​ជា​គ្រូបង្រៀន និង​មាន​លំនៅ​ច្បាស់លាស់​។ ការមិន​ដោះលែង​ពួកគាត់​ឲ្យ​នៅក្រៅ​ឃុំ​មិនមែន​ជា​មធ្យោបាយ​ល្អ​ទេ ព្រោះ​ត្រូវ​រង​នូវ​សម្ពាធ​ពី​អន្តរជាតិ​ និង​គ្រួសារ​របស់គាត់​បញ្ហា​ជីវភាព​ផង​។

លោក​មេធាវី​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា ផ្អែក​តាមច្បាប់​គឺ​កូនក្តី​ខ្ញុំ​មិនទាន់​មាន​ទោស​ទេ​។ ពួកគាត់​នៅ​ដំណាក់កាល​ជន​ត្រូវ​ចោទ​នៅឡើយ​។ តែ​ឧទ្ធរណ៍​ហាក់​សន្មត​ជាមុន​ថា កូនក្តី​ខ្ញុំ​មាន​ទោស​»​។

ដោយឡែក​លោក​មេធាវី ឡោ ជុនធី ក៏បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ដែរ​ថា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា ប្រការ​មិន​ដោះលែង​កូនក្តី​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​សំអាង​ថា កូនក្តី​លោក​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​។ ប៉ុន្តែ​តាម​សំណុំរឿង​ពាក់ព័ន្ធ​អតីត​សមាជិក​បក្ស​សង្គ្រោះជាតិ​បាន​កើតឡើង​តាំងពី​ឆ្នាំ​ ២០១៨ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​តុលាការ​ដោះលែង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែរ​។ ប៉ុន្តែ​ឆ្នាំ​ ២០២០ ​ទើប​សមត្ថកិច្ច​ចាប់​កូនក្តី​លោក​ទៅវិញ​។

មេធាវី​រូបនេះ​ប្រាប់​ចៅក្រម​ថា​៖ «​កូនក្តី​របស់ខ្ញុំ មាន​ផល​លំបាក​បញ្ហា​ជីវភាព​គ្រួសារ និង​មាន​ជំងឺ​ផង​។ ដូច្នេះ​សូម​តុលាការ​ពិចារណា​ឲ្យ​ពួកគាត់​បាន​នៅក្រៅ​ឃុំ​»​។

លោក​ ឌុច គឹមសន តំណាង​មហាអយ្យការ​សន្និដ្ឋានថា តាម​ការសិក្សា​លើ​សំណុំរឿង និង​ពិនិត្យ​លើ​អង្គហេតុ​បង្ហាញថា ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាំង​សាលាឧទ្ធរណ៍​សម្រេច​លើ​ដីកា​ឃុំខ្លួន​ជន​ទាំង​ ២ ​នាក់​បណ្តោះអាសន្ន​នេះ​ត្រឹមត្រូវ​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ហេតុដូច្នេះ​ខ្ញុំ​សូម​តម្កល់​ដីកាឃុំខ្លួន​នេះ​តាម​សាលាឧទ្ធរណ៍​ដដែល និង​រក្សា​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​បន្តទៀត​»​។

បន្ទាប់ពី​ជំនុំជម្រះ​ប្រមាណ​ជា​កន្លះ​ម៉ោង​រួចមក លោក​ ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​បញ្ជាក់ថា សាលដីកា​នៃ​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៥ ខែ​តុលា​ ខាងមុខ​៕