ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បើក​អង្គ​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក សម រង្ស៊ី ពាក់​ព័ន្ធ​បទ​ចោទ​សម​គំនិត​ក្លែង​ឯកសារ​ព្រំដែន​កម្ពុជា វៀតណាម ដែល​សាលា​ដំបូង​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ។

សវនាការ​នេះ​ធ្វើឡើង​តាម​ការប្តឹង​សារទុក្ខ​លើ​ការសម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​បាន​សម្រេច​ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់​ពន្ធនាគារ​កំណត់ ៥ ឆ្នាំ​ដោយ​ត្រូវ​អនុវត្ត​ទោស​ពេញ និង​ជំនួយការ​របស់​លោក ២ នាក់​មាន​ឈ្មោះ អ៊ឹង ជុង​លាង និង សត្យា សម្បត្តិ ដែល​ពួកគេ​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ​ដូចគ្នា តែ​អនុវត្ត​ទោស​តែ ៣ ឆ្នាំ សល់ ២ ឆ្នាំ​ទៀត ត្រូវ​ព្យួរ​ទោស។

លោក​ត្រូវ​បាន​ចោទ​ពី​បទ «សម​គំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ និង ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

សំណុំ​រឿងនេះ​កើតចេញពី​ការ​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ កាលពី​ថ្ងៃទី ១២ និង ១៣ ខែសីហា ឆ្នាំ ២០១៥ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី។

នៅ​ក្នុង​វីដេអូ​ ដែល​មាន​រយៈពេល​ជាង ១០ នាទី​នោះ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខ​ហួរ បាន​បរិយាយ អំពី​សន្ធិសញ្ញា​ព្រំដែន ​កម្ពុជា ​វៀតណាម ដែល​លោក​បាន​រក​ឃើញ ​នៅ​តាម​អ៊ីនធឺណិត ដោយ​សន្ធិសញ្ញា​ក្លែង​ក្លាយ​នោះ សរសេរ​ថា កម្ពុជា-វៀតណាម ព្រមព្រៀង​រំលាយ​ព្រំដែន។ ការថ្លែង​ដូច្នេះ​ឈាន​ដល់​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ ហើយ​តុលាការ ផ្តន្ទាទោស​គាត់​ដាក់​ពន្ធនាគារ ៧ ឆ្នាំ ប៉ុន្តែ​លោក​ត្រូវ​បាន​លើក​លែង​ទោស​ក្រោយ​ពេល សុំទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​មុន។

នៅក្នុង​សវនាការ​ កាលពី​ថ្ងៃ​ម្សិលមិញ លោក សំ សុ​គង់ មេធាវី​របស់ លោក ​សម រង្ស៊ី បាន​ថ្លែង​ថា អតីត​មេបក្ស​ប្រឆាំង​រូបនេះ មិន​បាន​ដឹង​អំពី​ការ​បង្ហោះ​វីដេអូ​ឃ្លីប​របស់​ លោក ហុង សុខ​ហួរ ទៅ​ក្នុង​ផេក​របស់​គាត់​ទេ ដោយសារ​តែ​នៅ​ថ្ងៃ​កើត​ហេតុ លោក សម រង្ស៊ី កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ហើយ​ទំព័រ​ហ្វេសប៊ុក​របស់​លោក គឺ​ហាក់​ដូចជា​ទូរទស្សន៍​សម្រាប់​ចែក​រំលែក​ព័ត៌មាន ដែល​មាន​អ្នក​បង្ហោះ​ព័ត៌មាន​ច្រើន​នាក់។

លោក​ថ្លែងថា៖ «ការសម្រេច​របស់​សាលាឧទ្ធរណ៍ មានការភាន់ច្រឡំ។ ឯកឧត្តម ហុង សុខ​ហួរ បញ្ជាក់​ហើយ​ថា អ្នក​ថត​វីដេអូ គឺ អ៊ឹង ជុង​លាង និង​ឈ្មោះ​សត្យា សម្បត្តិ​ជា​អ្នក​បង្ហោះ​ក្នុង​ផេក ហើយ​ឯកឧត្តម សម រង្ស៊ី ប្រហែល​ជា​មិន​ដឹង​ទេ ដោយសារ​គាត់​នៅ​ក្រៅ​ប្រទេស។ ក្រោយ​ពេល​បង្ហោះ មាន​ការ​ចាប់​ខ្លួន ហុង សុខហួរ។ ដូច្នេះ អ៊ឹង ជុង​លាង និង សត្យា សម្បត្តិ ទេ​ជា​អ្នក​បង្ហោះ តាម​ការបញ្ជា​របស់​ឯក​ឧត្តម ហុង សុខហួរ»។

លោក សំ សុ​គង់ ថ្លែងបន្តថា ការចោទប្រកាន់​កូនក្តី​លោក ពីបទ​សមគំនិត​នោះ មិន​ត្រឹមត្រូវ ដោយ​លោក​បក​ស្រាយ​ថា សម​គំនិត លុះ​ត្រា​តែ​កូន​ក្តី​លោក​ផ្តល់​មធ្យោបាយ ឬ​ ឧបត្ថម្ភ​ដល់​បទ​ល្មើស​នោះ។

លោក សុគង់ ស្នើ​ឲ្យ​តុលាការ​កំពូល​បដិសេធ​ចោល​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប ហើយ​ឲ្យ​កូន​ក្តី​លោក​រួចផុត​ពី​បទ​ចោទ។

ប៉ុន្តែ​តំណាង​អយ្យការ ថ្លែងថា ការ​លើកឡើងថា លោក សម រង្ស៊ី មិនបាន​ដឹង​នោះ គឺជា​ការ​ដោះសា​ប៉ុណ្ណោះ។

លោក ​គង់ ស្រ៊ីម ប្រធាន​ចៅក្រម​ជំនុំជម្រះ​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ៩ ខែកក្កដា៕