ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបើកសវនាការ ជំនុំជម្រះ ស្ត្រីខ្មែរជួញដូរគ្រឿងញៀនម្នាក់ ខណៈស្ត្រីថៃម្នាក់ក្នុងសំណុំរឿងនេះ មិនប្តឹងសារទុក្ខដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក ២០ ឆ្នាំពាក់ព័ន្ធថ្នាំញៀនចំនួន ៤៩១១,៤ ក្រាមកាលពីឆ្នាំ ២០១៣ នៅរាជធានីភ្នំពេញ។
តាមអង្គហេតុនៃសំណុំរឿងនេះបង្ហាញថាស្ត្រីថៃឈ្មោះ WiLAWAN CHINPANG បានធ្វើដំណើរពីប្រទេសថៃទៅយកគ្រឿងញៀននៅប្រទេសឥណ្ឌា។ លុះត្រឡប់មកវិញស្ត្រីជាប់ចោទបាននាំគ្រឿងញៀនឆ្លងកាត់ប្រទេសម៉ាឡេស៊ី រួចបន្តដំណើរមកប្រទេសកម្ពុជាឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៣។
អង្គហេតុបន្តថានៅពេលស្ត្រីថៃជាប់ចោទអូសវ៉ាលិសឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងព្រលានយន្តហោះក៏ត្រូវសមត្ថកិច្ចឆែកឆេរវ៉ាលិសឃើញលាក់គ្រឿងញៀន នៅបាតវ៉ាលិស ហើយក៏ឃាត់ខ្លួនស្ត្រីសង្ស័យតែម្តង។ គ្រឿងញៀននោះត្រូវគេរុំស្តុតចំនួន ៤ ដុំបង្កប់នៅបាតវ៉ាលិសហើយលទ្ធផលធ្វើកោសល្យវិច័យបង្ហាញថា ជាប្រភេទម្សៅមេតំហ្វេតាមីនដែលមានទម្ងន់ ៤៩១១,៤ ក្រាម។ បន្ទាប់មកសមត្ថកិច្ចបានបន្តស្រាវជ្រាវរកអ្នកទទួលរហូតឃាត់ខ្លួនបានស្ត្រីខ្មែរឈ្មោះ កែវ ដាវី អាយុ ៤៤ ឆ្នាំម្នាក់ទៀត។
ស្ត្រី កែវដាវី ឆ្លើយក្នុងសវនាការពីម្សិលមិញថា៖ «ខ្ញុំបានស្គាល់បុរសស្បែកខ្មៅម្នាក់ ឈ្មោះ អូចេ ហើយនៅថ្ងៃទី ២៩ កក្កដាឆ្នាំ ២០១៣ ត្រូវបុរសម្នាក់នោះបានទូរស័ព្ទមកពឹងខ្ញុំឲ្យទៅយកខោអាវ ២ កំប្លេពីមិត្តស្រីរបស់គាត់នៅក្នុងបន្ទប់ផ្ទះសំណាក់ហើយគាត់ឲ្យកម្រៃ ២០០ ដុល្លារ។ ពេលនោះខ្ញុំទៅតាមការប្រាប់របស់បុរសនោះ។ លុះពេលខ្ញុំចូលដល់មាត់ទ្វារបន្ទប់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង»។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីកាលពីថ្ងៃទី ២៩ មេសាឆ្នាំ ២០១៤ សម្រេចផ្តន្ទាទោសឈ្មោះ WiLAWAN CHINPANG អាយុ ២៩ ឆ្នាំដាក់គុក ៣០ ឆ្នាំ និងពិន័យប្រាក់ ៨០ លានរៀលស្ត្រីឈ្មោះ កែវ ដាវី ដាក់គុក ២០ ឆ្នាំ ពិន័យប្រាក់ ៥០ លានរៀលចោទពីបទ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញឿន» តាមបញ្ញត្តិមាត្រា ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង និងជាតំណាងមហាអយ្យការសន្និដ្ឋានថា៖ «ស្ត្រីជាប់ចោទត្រូវសមត្ថកិច្ចចាប់ខ្លួនជាក់ស្តែងជាមួយគ្រឿងញៀន។ ដូច្នេះការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមមានលក្ខណៈត្រឹមត្រូវតាមច្បាប់ខ្ញុំសូមតម្កល់សាលដីកាដដែល»។
ប៉ុន្តែលោកមេធាវី ឡោ គីមហ្គិច មេធាវីចាត់តាំងការពារសិទ្ធិឲ្យស្ត្រីជាប់ចោទ បានសន្និដ្ឋានថាកូនក្តីលោកត្រូវស្ត្រីថៃឈ្មោះ WiLAWAN CHINPANG ពឹងពាក់ឲ្យជួយយកខោអាវពីក្នុងបន្ទប់ផ្ទះសំណាក់ឲ្យព្រោះថាគេឈ្លោះគ្នាជាមួយសង្សារ។ ប៉ុន្តែពេលទៅដល់មាត់ទ្វារបន្ទប់នោះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
លោកថ្លែងថា៖ «កូនក្តីខ្ញុំត្រូវបានស្ត្រីថៃឆបោក ហើយគាត់ក៏មិនទាន់បានកាន់វ៉ាលិសគ្រឿងញៀននោះដែរ។ ប៉ុន្តែបែរជាតុលាការចោទគាត់ថា ដឹកជញ្ជូនគ្រឿងញៀនទៅវិញ។ សូមតុលាការដោះលែងគាត់វិញ»។
ក្រោយជំនុំជម្រះលោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថាសាលដីកានេះប្រកាសនៅថ្ងៃទី ៣០ មេសា៕