ភ្នំពេញៈ តុលាការ​កំពូល​ពី​ម្សិលមិញ​ប្រកាស​តម្កល់​សាលដីកា​ចាប់ខ្លួន​របស់​សាលាឧទ្ធរណ៍ ដែល​អនុវត្ត​លើ​លោក​ ហ៊ាង គឹមស្រឿន អនុប្រធាន​គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ​ និង​គូកន​ម្នាក់ទៀត​ដែល​ប្តឹង​មោឃភាព​នឹង​ដីកា​ចាប់ខ្លួន​នេះ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៩ តុលា ពាក់ព័ន្ធ​នឹង​ការបង្ហោះ​សារ​ប្រមាថ ពី​រឿង​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​។

លោក​ ជូង ជូងី មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក​ ហ៊ាង គឹមស្រឿន ប្រាប់​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ ក្រោយពី​បាន​ស្តាប់​ការប្រកាស​សាលដីកា​ថា លោក​ ហ៊ាង គឹមស្រឿន និង​លោក​ ថុល សុផាន់ណា ប្រធាន​ក្រុមយុវជន​នៃ​គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ​ជា​កូនក្តី​របស់​លោក​បាន​ពឹងពាក់​លោក​ក្នុង​ការប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​ដីកាចាប់ខ្លួន​គាត់​។ ​តុលាការ​កំពូល​បាន​បើកសវនាការ​កាលពី​ថ្ងៃទី​ ១៩ តុលា​កន្លង​មក​។ ប៉ុន្តែ​តុលាការ​កំពូល​បានប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២៦ តុលា ដោយ​សម្រេច​តម្កល់​តាម​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដដែល​។

បើតាម​លោក​មេធាវី​ការតម្កល់​សាលដីកា​ចាប់ខ្លួន​កូនក្តី​របស់​លោក​នេះ​គឺ​តុលាការ​កំពូល​បាន​លើក​ហេតុផល និង​សំអាងថា​ឈ្មោះ​ ហ៊ាង គឹមស្រឿន គ្មាន​ឯកសារ​តាមផ្លូវ​ច្បាប់​ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​ក៏​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ​ដែល​ជា​ភ័ស្តុតាង​បង្ហាញថា ឈ្មោះ​ ហ៊ាង គឹមស្រឿន មាន​លំនៅ​ជាក់លាក់​ឡើយ​។

លោក​មេធាវី​ថ្លែងថា​៖ «​មានន័យ​ថា ដីកា​តាម​ចាប់ខ្លួន​នោះ​គឺ​នៅ​ដដែល មាន​ន័យថា នៅតែ​តាម​ចាប់ខ្លួន​អ៊ីចឹង​ហើយ​»​។

កាលពី​ថ្ងៃទី​ ១៩ តុលា ដែលជា​ថ្ងៃ​បើកសវនាការ​នោះ​លោក​មេធាវី ជូង ជូងី បាន​ប្រាប់​ចៅក្រម ថា​ដើមហេតុ​នៃ​សំណុំ​រឿងនេះ គឺ​ដំបូង​ឡើយ​លោក​ ពេជ្រ ស្រស់ ប្រធាន​បក្ស​យុវជន​កម្ពុជា បានប្តឹង​កូនក្តី​របស់លោក​។ ដើមបណ្តឹង បាន​សរសេរ​ក្នុង​ពាក្យបណ្តឹង​ដាក់ថា កូនក្តី​របស់​លោក​មាន​លំនៅ​ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ បន្ទាប់មក​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​កូនក្តី​លោក​តាម​អាសយដ្ឋាន​ដូច​ក្នុង​ពាក្យបណ្តឹង​។ ប៉ុន្តែ​ខាង​នគរបាល​សង្កាត់​ទួលសង្កែ​បាន​បញ្ជាក់ថា ឈ្មោះ​ ហ៊ាង គឹមស្រឿន គ្មាន​ឈ្មោះ​នៅក្នុង​ប៉ុស្តិ៍​រដ្ឋបាល​របស់លោក​ទេ​។ តាមពិត​កូនក្តី​របស់​លោក​រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ សែនសុខ រាជធានី​ភ្នំពេញ​។

លោក​មេធាវី​ ជូង ជូងី ប្រាប់​ចៅក្រម​ថា​៖ «​ដោយសារ​តែ​តុលាការ​ចេញ​ដីកា​កោះហៅ​ខុស​អាសយដ្ឋាន​ក៏​ចេញ​ដីកា​តាម​ចាប់​ខ្លួន​កូនក្តី​ខ្ញុំ​ទៅ​»​។

ប៉ុន្តែ​លោក​ ពេជ្រ ស្រស់ ដែល​ក៏​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ដែលជា​ដើមបណ្តឹង​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ការសម្រេច​សេចក្តី​របស់​តុលាការ​កំពូល​នេះ គឺជា​ការសម្រេច​មួយ​ត្រឹមត្រូវ​យុត្តិធម៌​តាម​នីតិវិធី​ច្បាប់​ហើយ ដោយសារ​តែ លោក​ ហ៊ាង គឹមស្រឿន បំពាន​លើ​សិទ្ធិ​អ្នកដទៃ ដែល​លើស​ពី​ច្បាប់​កំណត់​ទៅទៀត ព្រោះ​លោក​ ហ៊ាង គឹមស្រឿន និង​គូកន​បាន​បង្ហោះ​សារ​ថា ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជា​ក្រុម​មួយ​ទ្រពង ទប់ជើងគ្រែ​មាន​តំណែង​ខ្យល់​។​ល​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ប្តឹង​គាត់​ដោយសារ​គាត់​ប្រមាថ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ដែល​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ក្រុមប្រឹក្សា​។ គាត់​មាន​ចរិត​ញុះញង់​ឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ឧត្តម​ក្រុមប្រឹក្សា​»​។

មេបក្ស​រូបនេះ​បញ្ជាក់ថា​៖ «​រឿងនេះ​យើង​មិនអាច​ទទួល​យក​បាន​ទេ យើង​ចាត់ទុកថា​ជាការ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ទៀត ព្រោះ​ឧត្តមក្រុមប្រឹក្សា​ដំណើរការ​ទៅ​បាន គឺ​អាស្រ័យ​លើ​ព្រះរាជក្រឹត្យ ហើយ​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​»​។

តាម​កំណត់ហេតុ​របស់​តុលាការ​កំពូល គឺ​សំណុំ​រឿង​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​នៅ​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ​ ២០២០ បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ ហ៊ាង គឹមស្រឿន អនុប្រធាន​គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ និង​លោក​ ថុល សុផាន់ណា ប្រធាន​ក្រុមយុវជន​នៃ​គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ​។

យោងតាម​ដីកា​ស្វែងរក​ចាប់​ខ្លួន​នោះបាន​សម្រេច​ចោទប្រកាន់ ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​នេះ​ពីបទ​ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​អំពើ​ប្រមាថ​» ​ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០១៩ បន្ទាប់ពី​លោក​ ហ៊ាង គឹមស្រឿន បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ប្រមាថ​ដល់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ពាក់ព័ន្ធ​ករណី​អញ្ជើញ​លោក វ៉ា គឹមហុង បំភ្លឺ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​៕