ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បានប្រកាស​សាលដីកា​តម្កល់​ទោស​បុរស​ជាប់ចោទ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ ២៥ ​ឆ្នាំ​ដដែល និង​បង្គាប់​ឲ្យ​សាលា​ឧទ្ធរណ៍​ជំនុំជម្រះ​បុរស​ម្នាក់​ឡើងវិញ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ ១ ​គីឡូក្រាម​កាលពី​ឆ្នាំ​ ២០១៨​។

ការតម្កល់​ទោស និង​ការបង្វិល​សំណុំរឿង​ទៅ​ឲ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ឡើងវិញ​នេះ​ត្រូវ​បាន​លោក​ចៅក្រម គង់ ស្រ៊ីម គូសបញ្ជាក់​នៅ​ចំពោះមុខ​ជនជាប់ចោទ​ដោយ​ផ្អែកទៅលើ​ការសួរដេញដោល​ជនជាប់ចោទ​ឈ្មោះ នុត លីណា អាយុ​ ៣២ ​ឆ្នាំ និង​ឈ្មោះ​ យឹម ប៊ុនឆៃ អាយុ ២៨ ​ឆ្នាំ និង​ក្រោយពី​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​ពី​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​។

ក្រៅពីនេះ​ក៏​ផ្អែកទៅលើ​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​នៅក្នុង​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ជំនុំជម្រះ​ទី​ ១៨ ​ខែ​ឧសភា ឆ្នាំ​ ២០២០ ​ផងដែរ​ដែល​ជនជាប់ចោទ យឹម ប៊ុនឆៃ បាន​ទទួល​ស្គាល់​ថា គ្រឿងញៀន​មេតំហ្វេតាមីន​ ១ ​គីឡូក្រាម​នេះ​ខ្លួន​បានទទួល​ពី​បុរស​ម្នាក់​នៅ​ផ្លូវ​លេខ ៣៧១ ​ម្តុំ​ផ្សារប៉េសេ បន្ទាប់មក​ខ្លួន​យក​គ្រឿងញៀន​នោះ​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ទៀត​ដែល​រង់ចាំ​ទទួល​នៅ​តូប​លក់​កាហ្វេ​មួយ​កន្លែង​ឈ្មោះ​ (​ដើម្បី​អូន​) ​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ នៅពេល​ទៅដល់​ទីនោះ នគរបាល​ខណ្ឌដង្កោ​ព័ទ្ធ​ចាប់បាន​។

លោក គង់ ស្រ៊ីម បញ្ជាក់​ថា​ពេល​សាកសួរ​នៅ​ដំណាក់កាល​នគរបាល យឹម ប៊ុនឆៃ ​ឆ្លើយ​ថា​ខ្លួន​ស្គាល់ លីណា ប៉ុន្តែ​ពេល​សាកសួរ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​គឺ​ជនជាប់ចោទ​ឆ្លើយ​ថា ខ្លួន​មិនបាន​ស្គាល់​លីណា​ទេ​។

លោក​បន្តថា ចំពោះ លីណា នៅ​គ្រប់​ដំណាក់កាល​បាន​ឆ្លើយ​បដិសេធ​រហូត និង​បាន​ស្នើសុំ​ឲ្យ​តុលាការ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​តូប​លក់​កាហ្វេ​ឈ្មោះ​ (​ដើម្បី​អូន​) ​នោះ​។ ផ្អែកលើ​ការពិនិត្យ​លើ​អង្គហេតុ​បញ្ជាក់ថា ឈ្មោះ​នុត លីណា មិនទាន់​ឃើញ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ច្បាស់លាស់​ទេ​។ រីឯ​នៅ​ឧទ្ធរណ៍​ក៏​មិនបាន​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​អង្គហេតុ​របស់​លីណា​ដែរ​។

តាម​អង្គហេតុ​ដែល​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​ឲ្យ​ឈ្មោះ​ យឹម ប៊ុនឆៃ ​ជាប់ពន្ធ​នាគារ ២៥ ​ឆ្នាំ​គឺ​ជននេះ ពិតជា​មាន​ពិរុទ្ធភាព ហើយ​តុលាការ​កំពូល សម្រេច​តម្កល់​ទោស​ប៊ុនឆៃ​ឲ្យ​ជាប់ពន្ធនាគារ​ ២៥ ​ឆ្នាំ​ដដែល​។ «​លើកលែង​តែ​ នុត លីណា តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំរឿង​ទៅ​សាលា​ឧទ្ធរណ៍​ជំនុំជម្រះ​ជាថ្មី​ឡើងវិញ​»​។

តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញ​ថា ជន​ទាំង ២ ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​ ៨ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ នៅ​ផ្លូវ​បេតុង​ក្នុង​សង្កាត់​ដង្កោ​។ ក្នុង​ពេល​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឆែក​ក្រោម​កែបម៉ូតូ​ជនជាប់ចោទ​ប៊ុនឆៃ ឃើញ​ថ្នាំញៀន ៥ ​កញ្ចប់​ធំ​ស្មើ​ ១ ​គីឡូក្រាម និង​រឹបអូស​ម៉ូតូ ២ ​គ្រឿង គឺ​ម៉ាក ឌ្រីម​សង់​ស៊េរី​ ២០១៧ ១ ​គ្រឿង និង​ម៉ូតូ​ម៉ាក​ឌូក​ ១ ​គ្រឿង​៕