ភ្នំពេញៈ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​សាលដីកា​តម្កល់​ទោស​ដាក់​ពន្ធនាគារ​ ៥ ​ឆ្នាំ​ដដែល​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​បទចោទ​សមគំនិត​ក្លែង​ឯកសារ​ព្រំដែន​កម្ពុជា-វៀតណាម បន្ទាប់ពី​ជំនុំជម្រះ​ពី​សប្តាហ៍​មុន​។

លោក​អគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​មិន​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការសម្រេច​នេះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ករណី​នេះ​ត្រូវ​បាន​តម្កល់​ទោស​។

លោក​ថា​៖ «​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល ប៉ុន្តែ​ចំពោះ​មូលហេតុ​នៃ​ការសម្រេច​តម្កល់​សាលដីកា​នេះ​ខ្ញុំ​មិន​អាច​បកស្រាយ​បញ្ជាក់​ជូន​បាន​ទេ​។ ខ្ញុំ​គ្រាន់​តែ​ជម្រាប​ថា តុលាការ​កំពូល​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​»​។

ដោយឡែក​លោក សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក សម រង្ស៊ី ក៏​មិន​បាន​អត្ថាធិប្បាយ​ពី​ករណី​ដែរ ខណៈ​ដីកា​សម្រេច​ចុង​ក្រោយ​។

លោក​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​៖ «​ការសម្រេច​នេះ​គឺជា​ការសម្រេច​ចុង​ក្រោយ​ដូច្នេះ​ខ្ញុំ​គ្មាន​យោបល់​អ្វី​ដែល​ត្រូវ​ជម្រាប​ជូន​បាន​ទេ​» ។

គួររំឭក​ថា​សំណុំ​រឿង​នេះ​កើត​ចេញ​ពី​ការ​បង្ហោះ​វីដេអូឃ្លីប​មួយ​កាលពី​ថ្ងៃទី​ ១២ និង​ ១៣ ​ខែ​សីហា ឆ្នាំ​ ២០១៥ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​។

នៅក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​ ១០ ​នាទី​នោះ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខហួរ បាន​បរិយាយ​អំពី​សន្ធិសញ្ញា​ព្រំដែន កម្ពុជា-វៀតណាម ដែល​លោក​បាន​រកឃើញ​នៅ​តាម​អ៊ីនធឺណិត​ដោយ​សន្ធិសញ្ញា​ក្លែងក្លាយ​នោះ​សរសេរ​ថា​កម្ពុជា-វៀតណាម ព្រមព្រៀង​រំលាយ​ព្រំដែន​។ ការថ្លែង​ដូច្នេះ​ឈាន​ដល់​ការចាប់​ខ្លួន​លោក ហុង សុខហួរ ហើយ​តុលាការ​ផ្តន្ទាទោស​គាត់​ដាក់​ពន្ធនាគារ​ ៧ ​ឆ្នាំ​ ប៉ុន្តែ​ លោក​ត្រូវ​បាន​លើកលែង​ទោស​ក្រោយ​ពេល​សុំទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​មុន​។

ដោយឡែក​លោក សម រង្ស៊ី ក្រោយពី​សមត្ថកិច្ច​រកឃើញ​ថា​ពាក់ព័ន្ធ​បទ​ចោទ​សមគំនិត​ក្លែង​ឯកសារ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ​ដោយ​ត្រូវ​អនុវត្ត​ទោស​ពេញ​។ រីឯ​ជំនួយការ​របស់​លោក សម រង្ស៊ី ២ ​នាក់​ម្នាក់ ឈ្មោះ អ៊ឹង ជុងលាង និង​ សត្យា សម្បត្តិ នោះ​ពួកគេ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៥ ឆ្នាំ​ដូច​គ្នា តែ​អនុវត្ត​ទោស​តែ​ ៣ ឆ្នាំ សល់​ ២ ឆ្នាំ​ទៀត​ត្រូវ​ព្យួរទោស​។

លោក សម រង្ស៊ី ត្រូវ​បាន​ចោទ​ពី​បទ​ «​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។

កាលពី​ថ្ងៃ​ទី​ ៥ កក្កដា​ជា​ថ្ងៃ​ជំនុំជម្រះ​នៅ​តុលាការ​កំពូល​លោក សំ សុគង់ មេធាវី​របស់​លោក សម រង្ស៊ី បាន​ថ្លែង​ថា​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ដឹង​អំពី​ការ​បង្ហោះ​វីដេអូឃ្លីប​របស់​លោក ហុង សុខហួរ ទៅក្នុង​ផេក​គាត់​ទេ ដោយសារ​នៅ​ថ្ងៃ​កើតហេតុ​លោក សម រង្ស៊ី កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ហើយ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​គឺ​ហាក់​ដូចជា​ទូរទស្សន៍​សម្រាប់​ចែករំលែក​ព័ត៌មាន​ដែល​មាន​អ្នក​បង្ហោះ​ច្រើន​នាក់​។

លោក សំ សុគង់ ថ្លែង​បន្ត​ថា​ការចោទប្រកាន់​កូន​ក្តី​លោក​ពី​បទ​សមគំនិត​នោះ មិន​ត្រឹមត្រូវ​ដោយ​លោក​បកស្រាយ​ថា សមគំនិត​លុះត្រា​តែ​កូនក្តី​លោក​ផ្តល់​មធ្យោបាយ​ ឬ​ឧបត្ថម្ភ​ដល់​បទល្មើស​នោះ​៕