ភ្នំពេញ៖ តុលាការ​កំពូល​ពី​នៅ​ថ្ងៃទី ​២៨ ​តុលា​នេះ ​បាន​ប្រកាស​សាល​ដីកា​ឲ្យ​លោក​ លៀម ​​ប៊ុនរឿន​ អតីត​​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ជាប់​ពន្ធនាគារ ​៨ ​ឆ្នាំ ​និង​រឹបអូស​ផ្ទះ ​២ ​កន្លែង​រថយន្ត ​១ ​គ្រឿង ​ព្រម​ទាំង​ប្រាក់ ​១៧ ​០០០ ​ដុល្លារ​ ស្រប​តាម​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដដែល​ បន្ទាប់​ពី​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃទី ​២១ ​តុលា​។​​

នៅ​ក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​នា​ថ្ងៃ​នេះ​​ លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ​យូ ​យុត្ថារ៉ា បាន​អាន​សាលដីកា​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ថា ​ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​មក​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល​​យល់​ឃើញ​ថា ​ទាំង​ជន​ជាប់​ចោទ​ទាំង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​សុទ្ធ​តែ​បាន​លើក​ឡើង​ថា ​តាំង​ពី​នៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ​និង​នៅ​សាលា​ឧទ្ធរណ៍​ពុំ​បាន​ពិចារណា​រឿង​នេះ​​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ ​ព្រោះ​ថា​ជន​ជាប់​ចោទ​ចូលរួម​សហការ​ជាមួយ​នគរបាល​ដោយ​ពុំ​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ឡើយ​។

លោក​ចៅក្រម​បន្ត​ថា​ ក្នុង​ពេល​ជំនុំជម្រះ​ជនជាប់​ចោទ​​បាន​​ស្នើសុំ​តុលាការ​កំពូល​ឲ្យ​ផ្តល់​ស្ថាន​សម្រាល​ទោស​ខ្លះ​ និង​សុំ​កុំ​ឲ្យ​តុលាការ​រឹបអូស​យក​ផ្ទះ ​១ ​ល្វែង​នៅ​បុរីប៉េងហួត​ស្ទឹងមានជ័យ​ និង​នៅ​ខេត្ត​ពោធិ៍សាត់ ​១ ​​កន្លែង​ ព្រម​ទាំង​សុំ​យក​រថយន្ត​ម៉ាក ​KIA​ ១​ គ្រឿង​វិញ​ និង​សុំ​ប្រាក់​ដែល​សមត្ថកិច្ច​បាន​រឹប​អូស​យក​ចំនួន ​១៧ ០០០ ​ដុល្លារ​មក​វិញ​។

លោក​ថ្លែង​ថា៖​ «ការ​ស្នើសុំ​ខាង​លើ​មិន​អាច​ជា​មូលហេតុ​ដែល​ឲ្យ​តុលាការ​កំពូល​​ពិចារណា​បាន​ទេ​។ សាលក្រម ​និង​សាលដីកា​​របស់​តុលាការ​ទាំង ២ ថ្នាក់​សម្រេច​មក​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ​។ ដូច្នេះ​តុលាការ​តម្កល់​ការ​សម្រេច​នោះ​ដដែល​»​។

តាម​កំណត់​ហេតុ​តុលាការ​​កំពូល​បង្ហាញ​ថា ​ជន​ជាប់​ចោទ​​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួន​​កាល​ពី​ថ្ងៃទី ​២៧​ ខែ កក្កដា​ ឆ្នាំ​ ២០១៩ ​​តាម​បណ្តឹង​របស់​ជន​រងគ្រោះ​ម្នាក់ ​ពាក់ព័ន្ធ​​ករណី​ទារ​​ប្រាក់​​​ខុស​ច្បាប់​​ចំនួន ១០ ​ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​ចេញ​ច្បាប់​ឱ្យ​សាងសង់​ទីតាំង​ក្រុមហ៊ុន ​រួច​បាន​បញ្ជូន​ខ្លួន​មក​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) មុន​ពេល​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

បើ​តាម​កំណត់​ហេតុ​​​នេះ ​ជន​ជាប់​ចោទ​ឈ្មោះ​ លៀម​ ប៊ុនរឿន​ មាន​ផ្ទះ​នៅ​បុរីប៉េងហួត​ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ​រាជធានី​ភ្នំពេញ​ចំនួន ​១​​ ផ្ទះ​នៅ​ខេត្ត​ពោធិ៍សាត់​​ចំនួន ២​ និង​មាន​រថយន្ត​ ២ គ្រឿង​ ដោយ ​១ ​គ្រឿង​​ម៉ាក​ Lexus​ 570​​ ពណ៌​មាស​​ស៊េរី​ឆ្នាំ ​២០១០ ​និង​រថយន្ត ១ ​គ្រឿង​ទៀត​​ ម៉ាក ​​KIA​ Morning​ ពណ៌ស​ ​ស៊េរី​ឆ្នាំ​ ២០១២។​

ក្នុង​សំណុំ​រឿង​នេះ​ លោក លៀម​ ប៊ុនរឿន​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅថ្ងៃ​ទី ​២៧ ​​ខែ ​កុម្ភៈ ​ឆ្នាំ ​២០២០​ ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ ​៨ ឆ្នាំ​ ចោទ​ពី​បទ​​វិតិក្រម​ បទ​រំលោភ​​អំណាច​ និង​បទ​សម្អាត​ប្រាក់​ និង​ពិន័យ​ប្រាក់​ចំនួន ​៨ ​លាន​រៀល​ចូល​ថវិកា​រដ្ឋ​ ព្រម​ទាំង​រឹប​អូស​ផ្ទះ ​២ ​កន្លែង ​រថយន្ត ​១ ​គ្រឿង ​ព្រម​ទាំង​ប្រាក់ ​១៧ ​០០០ ​ដុល្លារ​ផង​៕