ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​កំបាំងមុខ​ជនជាប់ចោទ​ដែល​ជា​អតីតមន្ត្រី​នគរបាល​អង្គរក្ស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ ៣០ ​ឆ្នាំ​ដដែល តាម​សាលដីកា​សាលាឧទ្ធរណ៍​ករណី​បាញ់​បុរស​ម្នាក់​ស្លាប់​ ខណៈ​មាន​ជម្លោះ​ពេល​កំពុង​ផឹក​គ្រឿងស្រវឹង​កាលពី​ឆ្នាំ ២០១៥ នៅ​ភូមិ​គោកពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​កំបាំងមុខ​ជនជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ២០ ខែ​កក្កដា ដែល​ជា​ថ្ងៃ​ជំនុំជម្រះ ជនជាប់ចោទ​ឈ្មោះ ទឹម សារី អាយុ ៣៥ ​ឆ្នាំ​បាន​សារភាព​ជា​សាធារណៈ​នៅក្នុង​អង្គ​សវនាការ​ថា គាត់​ពិតជា​បាន​បាញ់​សម្លាប់​បុរស​រងគ្រោះ​ឈ្មោះ ស្រី ចាន់វុទ្ធី ប្រាកដ​មែន​។ តែ​គាត់​បាន​ស្នើសុំ​តុលាការ​កំពូល​បន្ថយទោស​ដល់​គាត់​នៅ​ក្រោម​ ៣០ ​ឆ្នាំ​ដើម្បី​ឲ្យ​គាត់​បាន​សល់​ពេលខ្លះ ទៅ​រកស៊ី​ចិញ្ចឹមជីវិត និង​ចិញ្ចឹម​ម្តាយ​ចាស់ជរា​។

លោក​ចៅក្រម​បន្តថា​៖ «​ករណី​នេះ​តុលាការ​មិនអាច​ពិចារណា​ជូន​ជនជាប់ចោទ​បានទេ ព្រោះ​សាលាឧទ្ធរណ៍​បាន​បន្ថយទោស​ជូន​ពី​ជាប់​ពន្ធនាគារ​ ១ ​ជីវិត​មក​នៅ ៣០ ​ឆ្នាំ​គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​ត្រឹមត្រូវ​តាម​កំណត់​ច្បាប់​ហើយ​»​។

លោក​បន្តថា កាលពី​ថ្ងៃ​ជំនុំជម្រះ​សាច់ញាតិ​របស់​ជនរងគ្រោះ​បាន​ស្នើសុំ​តុលាការ​ឲ្យ​រក្សា​ទោស​ជាប់​ពន្ធនាគារ​ ១ ​ជីវិត​តាម​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ តែ​តុលាការ​កំពូល​មិន​អាច​ពិចារណា​ជូន​បាន​ទេ​។ ម្យ៉ាង​ក្រុម​គ្រួសារ​ជនរងគ្រោះ​កាលពី​មុនពេល​ចាប់ផ្តើម​ជំនុំជម្រះ​ក៏​មិនបាន​ដាក់​សារណា​ជូន​តុលាការ​កំពូល​ដើម្បី​ពិចារណា​ដែរ​។

លោក​ថ្លែង​ថា​៖ «​តុលាការ​កំពូល​មិន​ពិចារណា​​តាម​ការស្នើ​ឲ្យ​ដំឡើង​ទោស​ ១ ​ជីវិត​វិញ​ដល់​ជនជាប់ចោទ​បាន​ទេ តែ​រក្សា​សំណង​ ១២០ ​លាន​រៀល​សង​ទៅ​គ្រួសារ​ជនរងគ្រោះ​ដដែល​»​។

តាម​កំណត់ហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនល្មើស​បាន​អង្គុយ​ផឹកស្រា​នៅក្នុង​ពិធី​ខួបកំណើត​ចៅ​របស់​ជនរងគ្រោះ​។ ពេល​កំពុង​ហូបចុក ជនជាប់ចោទ​បាន​ទាស់សម្តី​គ្នា​ជាមួយ​ជនរងគ្រោះ ហើយ​ជនជាប់ចោទ​បាន​បាញ់​ទៅលើ​ជនរងគ្រោះ​រហូត​អស់​ ១ ​បង់ ហើយ​មាន​ស្នាម​ធ្លុះ​ចំនួន ១៥ ​កន្លែង ចំ​ដើមទ្រូង​ចំនួន ១ ​កន្លែង ​ចំ​ក្រោម​ក្លៀក​ខាង​ធ្វេង​ចំនួន ២ ​កន្លែង​ចំពោះ​ចំនួន​ ៤ ​កន្លែង ចំ​ក្រោម​ដោះ​ខាងស្តាំ​ចំនួន​ ៣ ​កន្លែង ចំ​ជង្គង់​ស្តាំ​ចំនួន​ ៣ ​កន្លែង និង​ចំ​ជង្គង់​ឆ្វេង​ចំនួន​ ២ ​កន្លែង បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។

សំណុំ​រឿងនេះ​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្តាល​កាត់ទោស​កំបាំងមុខ​ជនជាប់ចោទ ទឹម សារី ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​ក្នុង​ឆ្នាំ​ ២០១៦ តាម​បញ្ញត្តិ​មាត្រា​ ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ខណៈ​ជនជាប់ចោទ​កំពុង​រត់គេច​ខ្លួន​។

លុះ​មកដល់​ឆ្នាំ ២០១៨ ទើប​នគរបាល​ស្រុក​អង្គស្នួល​ស្រាវជ្រាវ​ចាប់បាន និង​ឃុំខ្លួន​ឲ្យ​អនុវត្តទោស​ក្នុង​ពន្ធនាគារ​តាម​សាលក្រម​របស់​សាលាដំបូង​ខេត្តកណ្តាល​។ ពេលនោះ​ជនជាប់ចោទ​មិន​សុខចិត្ត​នឹង​ទណ្ឌកម្ម​ទោស​ជាប់ពន្ធនាគារ​អស់​ ១ ​ជីវិត​ក៏​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​សាលាឧទ្ធរណ៍​បន្ថយទោស​ដល់​ជន​ចាប់​ចោទ​ពី​ជាប់ពន្ធនាគារ​ ១ ​ជីវិត មក​នៅជាប់​ពន្ធនាគារ​ ៣០ ​ឆ្នាំ​វិញ​៕