ភ្នំពេញៈ តុលា​ការ​កំពូល​កាលពីម្សិល​មិញ​បាន​ប្រកាស​សាល​ដីកា​តម្កល់​ទោស​បុរស​ជាប់​ចោទ​ជន​ជាតិ​នីហ្សេរី​យ៉ា ​៧ នាក់ ឲ្យ​ជាប់​ពន្ធ​នា​គារ​ម្នាក់​ៗ ​​១០ ​ឆ្នាំ​ដដែល​​ បន្ទាប់​ពី​ជំនុំជម្រះ​កាល​ពី​​ថ្ងៃ​ទី​ ២៦ មិថុនា ​ឆ្នាំ​​ ២០១៩​ ពាក់​ព័ន្ធ​ជួញ​ដូរ​គ្រឿងញៀន​ប្រ​ព្រឹត្ត​នៅ​​រាជ​ធានី​ភ្នំពេញ​​កាល​អំឡុង​ឆ្នាំ ២០១៤។

នៅ​ចំពោះ​មុខ​​ជន​ជាប់​ចោទ​ ៦ ​នាក់​​ កាល​ពី​ម្សិល​មិញ​ខណៈ​បក្ខ​ពួក​​ម្នាក់​អវត្ត​មាន​តាំង​ពី​បើក​សវនា​ការមក​នោះ​ លោកចៅ​ក្រម​ ស៊ឹង ​បញ្ញា​វុឌ្ឍ​ បា​​ន​អាន​សាល​ដីកា​ថា ​កាល​​ពីថ្ងៃ​បើក​សវនា​ការ​ជន​ជាប់​ចោទ​ម្នាក់​ឈ្មោះ​​ ​I​M​E​ ​J​OH​N​​UD​​O​M ​ អា​យុ​ ៥​២​ ឆ្នាំ​ បាន​ឆ្លើយ​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ថា​ គាត់​ពិត​ជា​បាន​កាន់​ថង់​ខ្មៅ​​ ១ យក​ទៅ​​ឲ្យ​មនុស្ស​​ម្នាក់​នៅ​ផ្សារ​សូ​រិ​យាម៉ល​​ជាថ្នូរ​នឹង​ប្រាក់​ ២០០​ ដុល្លារ​មែន ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ថា​ ក្នុង​ថង់​នោះ​មាន​គ្រឿង​ញៀន​ទេ​។​ចំណែក​ជន​ ៦​ នាក់​ទៀត ​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន ​និង​ចោទ​ថា​ជា​បក្ខពួក​គាត់​នោះ​​មិន​​ពាក់ព័ន្ធ​ទេ។

លោកចៅ​ក្រម​ ស៊ឹង​ បញ្ញា​វុឌ្ឍ​ បន្ត​ថា​ ចំណែក​ ៥ នាក់​ទៀត ​បាន​បដិសេធ​កាល​ពី​ជំនុំជម្រះ​ថា​​ មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿង​ញៀន​ទេ​ ប៉ុន្តែ​ក្រោយ​​ពីបាន​ពិភាក្សា​គ្នា​មក​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​យល់​ថា​ ចម្លើយ​នោះ​គ្រាន់​តែ​ជា​ការ​ដោះសា​ប៉ុណ្ណោះ។​

លោក​ថា​​​៖​ «​ជាក់​ស្តែង​ក្រុម​ជនជាប់​ចោទ​បាន​ប្រមូល​ផ្តុំ​គ្នា​រៀប​ចំ​​គម្រោង​​ជួញ​ដូរ​​គ្រឿង​ញៀន​ ហើយ​​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​បាន​ស៊ើប​អង្កេត​និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជាក់​ស្តែង​ទៀត​។​ ដូច្នេះ​តុលា​ការ​​កំពូល​​សម្រេច​បដិ​សេធ​បណ្តឹង​សារទុក្ខ​របស់​​ក្រុម​ជន​ជាប់​ចោទ​​ និង​តម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​​ទុកជា​បាន​ការ»។

​ចំពោះ​លោក ​ស៊ិន វ៉ាន់​នី ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​៦​នាក់​មិន​មាន​យោបល់​​អ្វី​ទាក់​ទង​នឹងការសម្រេច​​របស់​តុលា​ការ​កំពូល​នេះទេ​ ខណៈ​លោក​មិន​បាន​ចូល​ស្តាប់​​ការ​ប្រកាស​សាល​ដី​កាល​ពី​ម្សិលមិញ។

តាម​កំណត់​ហេតុ​របស់​តុលា​ការ​បង្ហាញ​ថា ជន​ជាប់​ចោទ​ទាំង​នោះ មាន​ឈ្មោះ ១- IME JOHNUDOM អាយុ ៥២ ឆ្នាំ, ២- ECHO​WDO (SAMSON) អាយុ ៣២ ឆ្នាំ, ៣- FAVOUR IBEZIMAKO OBERTA អាយុ ៣២ ឆ្នាំ,៤-ORAGWAN (DOM-​WIN) អាយុ ៣២ ឆ្នាំ, ៥- OKECHUKWU IKEFUAKU អាយុ ២៨ ឆ្នាំ, ៦- EZIGBOGABR​IEL​CHU​KW​UEOKA អាយុ​ ៤២ ​ឆ្នាំ ​(អវត្ត​មាន) និងទី ៧- MIGAEL NWANKWO អាយុ ៣២ ឆ្នាំ។

បើ​តាម​កំណត់​ហេតុ​ដ​ដែល​ប​ង្ហាញ​ថា​​ កាលពី​ថ្ងៃ​ទី ២៦ ខែ តុលា ​ឆ្នាំ​ ២០១៤ ឈ្មោះ I​ME JOHNUDOM បាន​យួរ​ស្បោង​ខ្មៅ ១ យក​ទៅ​ប្រគល់​ឲ្យ​បុរស​ម្នាក់នៅ​ផ្សារសូរិ​យា​ម៉លក្នុង​សង្កាត់​ផ្សារ​ថ្មី ៣ ខណ្ឌ​ដូន​ពេញ ​ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន (ក្នុង​កំណត់​ហេតុ​មិន​បាន​បញ្ជាក់​ពី​ចំនួន​គ្រឿង​ញៀន​និង​ប្រភេទ​អ្វី​ទេ)។

បន្ទាប់​មកសមត្ថកិច្ច​បាន​ឲ្យ​ឈ្មោះ​នេះនាំ​ទៅ​បុរី​ពិភពថ្មី​​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យហើយ​បានចាប់​ខ្លួន​បុរស​ជន​ជាតិ​នីហ្សេរី​យ៉ា ៦ នាក់​ទៀត។ ក្នុង​នោះ​ ៤ នាក់​ ចាប់​បាន​នៅ​ក្នុង​ហាង​អា​ហារ​របស់​ឈ្មោះ​ ECHOWDO (SAMSON) និង ២ នាក់​ទៀត ​ចាប់​បាន​តាម​ផ្លូវក្នុង​សង្កាត់​ចោមចៅ​ដែរ។

សំណុំ​រឿង​នេះ ត្រូវ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកាស​សាល​ក្រម​កាលពីថ្ងៃទី​ ១៨ ​ខែ ​កញ្ញា ឆ្នាំ​ ២០១៥ ​ដោយ​ផ្តន្ទា​ទោស​ម្នាក់ៗ​ដាក់​ពន្ធ​នា​គារ​ ១០ ​ឆ្នាំ ចោទ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​តាម​បញ្ញតិ្ត​មាត្រា​ ៤០ នៃ​ច្បាប់​ស្តីពី​ការ​ត្រួ​ត​ពិនិត្យ​គ្រឿង​ញៀននិង​ពិន័យ​ប្រាក់​ម្នាក់ៗ​ ២០ ​លានរៀល។ ​

ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្ត​នឹង​សា​លក្រម​នេះ ​ជន​ជាប់​ចោទ​ទាំង​ ៧ នាក់ ​បាន​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ តែ​ត្រូវ​សា​លា​ឧទ្ធរណ៍​ប្រកាស​សា​លដី​កាកាល​ពី​ថ្ងៃ​ទី ១៣ ខែ​ សីហា​ ឆ្នាំ​ ២​០​១​៦ សម្រេច​តម្កល់​សាលក្រមរបស់​សាលា​ដំបូង​ទើប​ពួក​គេប​ន្ដប្ដឹ​ង​សារ​ទុក្ខ​មក​តុលាការ​កំពូល៕