ភ្នំពេញៈ តុលាការ​កំពូល​នៅថ្ងៃទី៣ធ្នូនេះ​​ បានប្រកាស​សាលដីកា​ ចំពោះមុខ​ជនជាប់ចោទម្នាក់​ ​ឲ្យ​ជាប់គុក ១ជីវិត​ដដែល ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី ២៦ ខែ​វិច្ឆិកា ​ពាក់ព័ន្ធ​ករណី​ប្លន់​បាញ់សម្លាប់​ស្ត្រី​ម្នាក់​ នៅ​ម្តុំ​ពោធិ៍ចិនតុង​ កាលពី​ឆ្នាំ ២០១១។

លោកស្រី​ ចៅក្រម គិ​ម ស​ត្ថា​វី បាន​អាន​សាលដីកា​ នៅ​ចំពោះមុខ​ជនជាប់ចោទ​ថា សំណុំ​រឿងនេះ ​មាន​ជនជាប់ចោទ​ឈ្មោះ ឡាយ វណ្ណៈ ដែល​ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​មេធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន ​របស់​តំណាង​មហាអយ្យការ​មក និង​ក្រោយពី​ស្តាប់​ការឆ្លើយ​សារភាព ​របស់​ជនជាប់ចោទ តុលាការ​យល់ឃើញថា កាលពី​ថ្ងៃ​ជំនុំជម្រះ ​មេធាវី​របស់​ជនជាប់ចោទ​ បាន​សុំ​ប្តូរ​បទ​ចោទ​ ពី​ឃាតកម្ម​គិតទុក​ជាមុន​ ទៅជា​បទ​ប្លន់​វិញ និង​ថា​ខ្លួន​មិនបាន​គិតទុក​ជាមុន​ ក្នុងការ​បាញ់​សម្លាប់​ស្ត្រី​រងគ្រោះ​ទេ។

លោកស្រី​ថ្លែងថា៖ «ករណីនេះ តុលាការ​ មិនអាច​ប្តូរ​បទ​ចោទ​តាម​ការស្នើសុំ​បានទេ ដោយសារ​ថា ​មុន​ធ្វើ​សកម្មភាព​គឺ​ជនជាប់ចោទ ​និង​បក្ខពួក ​បាន​ត្រៀម​និង​មាន​គម្រោង​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ស្ត្រី​រងគ្រោះ​ពិតមែន។ ដូច្នេះ​តុលាការ​កំពូល​យល់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ជនជាប់ចោទ​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់​ហើយ ដូច្នេះ​តុលាការ​កំពូល​ សម្រេច​ត​ម្ក​ល់​សាលដីកា​របស់​​សាលា​ឧទ្ធរណ៍​ទុក​ជាបាន​ការ​ដដែល»។

គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃ​ជំនុំជម្រះ លោក ពេជ្រ ផល្លា​សម្បត្តិ ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ បានស្នើ​សុំ​តុលាការ​ថា កូនក្តី​របស់លោក​ បាន​សារភាព​ពី​កំហុស​របស់គាត់​នៅ​គ្រប់​ដំណាក់កាល​តុលាការ​អស់ហើយ។ ហេតុដូច្នេះ​សូម​តុលាការ​មេត្តា​ប្តូរ​បទ​ចោទ ពី​ឃាតកម្ម​គិតទុក​ជាមុន​ មកជា​បង្ក​ហិង្សា​បណ្តាល​ឲ្យ​ជនរងគ្រោះ​មរណៈភាព​វិញ។

តាម​កំណត់ហេតុ តុលាការ​បញ្ជាក់ថា​ កាលពី​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១១ ស្ត្រី​រងគ្រោះ ឈ្មោះ​ជួន ធារ៉ា អាយុ៤៨បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ប្តូរ​លុយ​មួយកន្លែង​ នៅ​ម្តុំ​ផ្សារ​អូឡាំពិក ខណ្ឌចំការមន ហើយ​ត្រឡប់ទៅផ្ទះ​វិញ​ នៅ​ម្តុំ​រង្វង់​មូល​ថ្នល់បំបែក​ចោមចៅ​ ជាមួយ​កូនប្រុស​ម្នាក់។ ប៉ុន្តែ​ពេល​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌដង្កោ ​ស្រាប់តែ​ក្រុម​ជនជាប់ចោទ​ ធ្វើ​សកម្មភាព​ប្លន់​បាញ់​​៣គ្រាប់​ផ្ទុះ១គ្រាប់ត្រូវ​ចំ​ដើមទ្រូង​ខាងឆ្វេងធ្លាយ​ទៅក្រោយ និង​ឆក់យក​ស្បោង​លុយ​ជាង១០០លាន​រៀល​គេចខ្លួន​បាត់​ ខណៈ​កូនប្រុស​ឈ្មោះ​ផុន ឡា​ទី​អាយុ ២១ ឆ្នាំ​មិន​រងរបួស។ រីឯ​ស្ត្រី​រងគ្រោះ​ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត។

កំណត់ហេតុ​បង្ហាញ​បន្តថា ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ សមត្ថកិច្ច​បា​ន​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ជន​ជាប់ចោទ​ឡាយ វណ្ណៈ ហៅ​វែង ហៅ​ឥណ្ឌា អាយុ ៤២ ឆ្នាំ, សុ​ភ័​ក្រ ហៅ យ៉ាន់ ហៅ​ក្របី​អាយុ​ ៣២ ឆ្នាំ​និង​ផុន ដា​ទី ឯ​ឈ្មោះ លឹម ទ្រី​គេចខ្លួន។ ប៉ុន្តែ​ក្រោយ​មក​ឈ្មោះ​នេះ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ពាក់​ព័ន្ធ​ករណី​ប្លន់​ទូរ​មាស។

សំណុំ​រឿង​នេះ ​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បើក​សវនាការ​និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ២០១២​ដាក់​គុក​ឈ្មោះ ឡាយ វណ្ណៈ, ឈ្មោះ ប៉ុល សុ​ភ័​ក្រ,ឈ្មោះ លឹម ទ្រី​និង​ឈ្មោះ​ផុន ដា​ទី​ដាក់គុក​ម្នាក់១ជីវិត ចោទ​បទ​ឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា​២០០នៃ​ក្រមព្រហ្ម​ទណ្ឌ​និង​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន​ឈ្មោះ លឹម ទ្រី ខណៈ​ក៏​ត្រូវ​បាន​សាលា​​ដំបូង​រាជ​ធានី​​ភ្នំពេញ​ផ្តន្ទាទោស​​កំបាំ​ង​មុខ​​ឲ្យ​ជាប់​គុក​១​ជីវិត​ដែរ​៕