ភ្នំពេញៈ ​តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​ចំពោះ​មុខ​ស្ត្រី​ជាប់ចោទ​ម្នាក់​ឲ្យ​ជាប់គុក​ ២០ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ ៤៩១១,៤ ​ក្រាម​ប្រព្រឹត្ត​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១៣​។

លោក​សហ​ចៅក្រម សាលី ធារ៉ា បាន​អាន​សាលដីកា​ថា​កាលពី​បើក​សវនាការ​ជន​ជាប់ចោទ​បាន​ប្រាប់​ថា​ខ្លួន​ពុំ​បាន​ប្រព្រឹត្ត​ដឹក​ជញ្ជូន​គ្រឿងញៀន​ដូច​ការ​ចោទ​ទេ​។

លោក​ថា​៖ «​ការ​លើកឡើង​បែប​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​តាម​កំណត់​ហេតុ​នគរបាល​បង្ហាញ​ថា ជនជាប់ចោទ​ត្រូវ​បាន​ចាប់​ជាក់ស្តែង​។ ​តុលាការ​យល់​ថា​បណ្តឹង​សារទុក្ខ​របស់​ជន​ជាប់ចោទ​គ្មាន​មូលដ្ឋាន​ឲ្យ​តុលាការ​ពិចារណា​បាន​ទេ​។ ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​»​។

តាម​អង្គហេតុ​បង្ហាញ​ថា​ស្ត្រី​ថៃ​ឈ្មោះ WiLAWAN CHINPANG បាន​ចេញពី​ប្រទេស​ខ្លួន​ទៅ​យក​គ្រឿងញៀន​ពី​ឥណ្ឌា​។

លុះ​មក​វិញ​បាន​នាំ​គ្រឿងញៀន​ឆ្លងតាម​ប្រទេស​ម៉ាឡេស៊ី​រួច​បន្ត​​មក​កម្ពុជា​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​ ២៩ កក្កដា​ឆ្នាំ ២០១៣​។

អង្គហេតុ​បន្ត​ថា​ពេល​ស្ត្រី​ថៃ​ជាប់ចោទ​អូស​វ៉ាលិស​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្នុង​ព្រលាន​ក៏​ត្រូវ​សមត្ថកិច្ច​ឆែក​ឃើញ​កញ្ចប់​ប្លាស្ទិក​ ១ ​ដុំ​លាក់​នៅ​បាត​វ៉ាលិស​​ដែល​ជា​គ្រឿងញៀន​ក៏​ឃាត់​ខ្លួន​ស្ត្រី​នោះ​តែ​ម្តង​។

គ្រឿងញៀន​នោះ​ត្រូវ​គេ​រុំ​ស្កុត ៤ ​ដុំ​បង្កប់​ហើយ​លទ្ធផល​កោសល្យ​វិច័យ​បង្ហាញ​ថា​ជា​ប្រភេទ​​ម្សៅ​មេតំហ្វេតាមីន​មាន​ទម្ងន់​ ៤៩១១,៤ ​ក្រាម​។ បន្ទាប់មក​សមត្ថកិច្ច​ក៏​បន្ត​ស្រាវជ្រាវ​រក​អ្នក​ទទួល​រហូត​ឃាត់​ខ្លួន​បាន​ស្ត្រី​ខ្មែរ​ឈ្មោះ កែវ ដាវី អាយុ ៤៤ ឆ្នាំ​ម្នាក់​ទៀត​។

គួរ​រំឭក​ដែរ​ថា​កាលពី​ថ្ងៃ​ជំនុំជម្រះ​ស្ត្រី កែវ ដាវី ឆ្លើយ​ក្នុង​សវនាការ​ថា​គាត់​បាន​ស្គាល់​បុរស​​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ អូចេ ហើយ​នៅ​ថ្ងៃទី​ ២៩ កក្កដា ឆ្នាំ​ ២០១៣ ត្រូវ​បាន​បុរស​នោះ​ទូរស័ព្ទ​ពឹង​គាត់​ឲ្យ​ទៅ​យក​ខោអាវ​ ២ ​កំប្លេ​ពី​មិត្តស្រី​គាត់​ក្នុង​ផ្ទះ​សំណាក់​ឡាក់​គី​ ២ ​ដោយ​ឲ្យ​កម្រៃ​ ២០០ ​ដុល្លារ​។ ​លុះ​ចូល​ដល់​មាត់​​បន្ទប់​ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​សម្រេច​ផ្តន្ទាទោស​​ឈ្មោះ​ WiLAWAN CHINPANG អាយុ ២៩ ឆ្នាំ​ដាក់​គុក ៣០ ឆ្នាំ និង​ពិន័យ​ប្រាក់​ ៨០ លាន​រៀល​ស្ត្រី​ឈ្មោះ​ កែវ ដាវី ដាក់គុក ២០ ឆ្នាំ​ពិន័យ​ ៥០ លាន​រៀល​កាលពី​ថ្ងៃ​ ២៩ មេសា​ឆ្នាំ​ ២០១៤ ចោទ​ពី​បទ​ «​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​» តាម​បញ្ញត្តិ​មាត្រា​ ៤០ ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

នៅ​ថ្ងៃ​ជម្រះ​នោះ​ដែរ​លោក ឈួន ចាន់ ថា​អគ្គ​ព្រះរាជអាជ្ញារង និង​ជា​តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ស្ត្រី​ជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជាក់ស្តែង​ជាមួយ​គ្រឿងញៀន​។ ​ដូច្នេះ​ការចោទ​ប្រកាន់​របស់​តុលាការ​ថ្នាក់ក្រោម​ត្រឹមត្រូវ​តាម​ច្បាប់ ខ្ញុំ​សូម​តម្កល់​សាលដីកា​ដដែល​។

មេធាវី​ចាត់តាំង​ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ជាប់ចោទ លោក មេធាវី ឡោ គីមហ្គិច បាន​សន្និដ្ឋាន​ថា​កូនក្តី​លោក​ត្រូវ​ឈ្មោះ​ អូចេ ​ប្រើ​​ឲ្យ​ទៅ​យក​ខោអាវ​នៅ​បន្ទប់​ផ្ទះសំណាក់​ពី​ស្ត្រី​ថៃ​ឈ្មោះ WiLAWAN CHINPANG ព្រោះ​គេ​​ជា​សង្សារ​បាន​ឈ្លោះ​គ្នា​។ ប៉ុន្តែ​ពេល​ទៅ​ដល់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​។

លោក​ថ្លែង​ថា​កូនក្តី​លោក​ត្រូវ​បាន​គេ​ឆបោក ហើយ​គាត់​ក៏​មិន​ទាន់​បាន​កាន់​វ៉ាលិស​គ្រឿងញៀន​នោះ​ដែរ​។ ប៉ុន្តែ​បែរ​ជា​តុលាការ​ចោទ​គាត់​ថា ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ទៅ​វិញ​។ សូម​តុលាការ​ដោះលែង​គាត់​វិញ ៕