ភ្នំពេញៈ ភ្លាមៗ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ទោស​ស្ត្រី​ខ្មែរ​ម្នាក់​ដាក់គុក​ ២៥ ​ឆ្នាំ​ដដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញ​គ្រឿងញៀន​មេតំហ្វេតាមីន​ និង​ហេរ៉ូអ៊ីន​ជិត​ ២ ​គីឡូក្រាម​ប្រព្រឹត្ត​នៅ​ភ្នំពេញ កាលពី​ឆ្នាំ​ ២០១៦​។

លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​ចំពោះ​មុខ​ស្ត្រី​ជាប់ចោទ​ឈ្មោះ ហង្ស ជីងជីង ថា ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់​ថា​ស្ត្រី​ជាប់ចោទ​ពេល​ជំនុំជម្រះ​បាន​ទទួល​ស្គាល់​កំហុស ហើយ​ស្នើសុំ​តុលាការ​បន្ថយទោស​ដល់​ខ្លួន​។

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​ជន​ជាប់ចោទ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ជាក់ស្តែង​ដូចដែល​លោក​តំណាង​មហាអយ្យការ​លើក​ឡើង​ថា ដូច​មាន​ភ័ស្តុតាង​ក្នុង​អង្គហេតុ​ជា​បទល្មើស​ជាក់ស្តែង​។ ដូច្នេះ​ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ក្រុមប្រឹក្សា​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ​ ២៥ ​ឆ្នាំ​តាម​អំណាច​សាលក្រម និង​សាលដីកា​តុលាការ​ថ្នាក់​ក្រោម​ដដែល និង​បន្ត​ឃុំ​ខ្លួន​ជន​ជាប់ចោទ​»​។

តាម​របាយការណ៍​នគរបាល​ថា​កាលពី​ថ្ងៃទី​ ២៤ ខែ​មករា ឆ្នាំ​ ២០១៦ ស្ត្រី​ឈ្មោះ ហង្ស ជីងជីង អាយុ​ ២៥ ​ឆ្នាំ​ត្រូវ​បាន​គេ​ទូរស័ព្ទ​ហៅ​ឱ្យ​ទៅ​យក​កញ្ចប់​តែ​នៅ​ម្តុំ​ស្តុប​ពេទ្យចិន​ដើម្បី​យក​ទៅឲ្យ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Kang ChingChen ហៅ កាំង នៅ​កាស៊ីណូ​ណាហ្គាវើល ហើយ​ពេល​ទៅ​ដល់​កាស៊ីណូ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ ៣ ​នាក់ តែ​ឈ្មោះ​ កាំង បាន​គេច​ខ្លួន​។

ជន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នោះ ឈ្មោះ លី យ៉ុនហ្វូ ហៅ ហេង សុខសាន្ត អាយុ​ ៤៦ ​ឆ្នាំ ទី​ ២ ឈ្មោះ Tai Chih Hsing អាយុ ៤៣ ​ឆ្នាំ​ដែល​ទាំង​ ២ ​នាក់​ជា​ជនជាតិ​ចិន​។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហង្ស ជីងជីង អាយុ ២៥ ​ឆ្នាំ​ជា​ជនជាតិ​ខ្មែរ​។

បើ​តាម​របាយការណ៍​ក្រោយ​ចាប់​ខ្លួន​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​ថង់​ដាក់​តែ​នោះ​ឃើញ​មាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (​ម៉ា​ទឹកកក​) ​និង​ហេរ៉ូអ៊ីន សរុប​ ១,៥ គីឡូក្រាម​។

របាយការណ៍​ដដែល​ថា​ស្ត្រី ឈ្មោះ ជីងជីង នៅ​មុន​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​នាង​ត្រូវ​បាន​បុរស​ឈ្មោះ កាំង ដេក​ជាមួយ​នាង​ហើយ​បាន​សន្យា​ឲ្យ​តម្លៃ​ខ្លួន​នាង ២០០ ​ដុល្លារ​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៦ ​កញ្ញា​ឆ្នាំ​ ២០១៦ ​ផ្តន្ទាទោស​ឈ្មោះ លី យ៉ុនហ្វូ ឲ្យ​ជាប់គុក​ ៥ ​ឆ្នាំ​ឈ្មោះ​ TaiChih Hsing ឱ្យ​រួច​ខ្លួន និង​ស្ត្រី​ខែ្មរ​ឈ្មោះ​ ហង្ស ជីងជីង ឲ្យ​ជាប់​គុក​ម្នាក់ៗ​ ២៥ ​ឆ្នាំ​ចោទ​បទ​ដឹកជញ្ជូន​ ឬ​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់ និង​កាត់ទោស​កំបាំង​មុខ​ឈ្មោះ Kang Ching Chen ហៅ​កាំង​ឱ្យ​ជាប់ទោស​ ១ ​ជីវិត​រួច​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​។ ប៉ុន្តែ​ករណី​នេះ​មាន​តែ​ស្ត្រី​ខ្មែរ​ឈ្មោះ ហង្ស ជីងជីង ម្នាក់​ដែល​ប្ដឹង​ឧទ្ធរណ៍​ និង​ប្ដឹង​សារទុក្ខ​។

នៅក្នុង​សវនាការ​ពី​ម្សិលមិញ ស្ត្រី​ជាប់ចោទ​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​កំហុស​ហើយ​ខ្ញុំ​សូម​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​»​។

ដោយ​សំអាង​ពី​ការចាប់​ខ្លួន​ជាក់ស្ដែង​លោក​ព្រះរាជអាជ្ញា ចាន់ តារារស្មី តំណាង​មហាអយ្យការ​សន្និដ្ឋាន​បាន​សូមឱ្យ​តម្កល់​សាលដីកា​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បានការ​ដដែល​។

ដោយឡែក​លោក ស៊ឹង វ៉ាន់នី មេធាវី​ការពារ​សិទ្ធិ​ស្ត្រី​ជាប់ចោទ​សន្និដ្ឋាន​ថា​៖ «​កូនក្តី​ខ្ញុំ ប្តឹង​មក​នេះ​បំណង​សុំ​តុលាការ​បន្ថយ​ទោស​ព្រោះ​គាត់​ទទួល​ស្គាល់​កំហុស​។ សូម​តុលាការ​ពិចារណា​»៕