ភ្នំពេញៈតុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាតម្កល់ទោសស្រ្តីវៀតណាមម្នាក់ឱ្យជាប់គុក ៤ ឆ្នាំដដែល បន្ទាប់ពីបើកសវនាការជំនុំជម្រះប្រមាណជាកន្លះម៉ោងពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ៣០ កញ្ចប់ប្រព្រឹត្តកាលពីឆ្នាំ ២០១៦។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកស្រីចៅក្រម គីម សត្ថាវី បានអានសាលដីកាចំពោះមុខស្រ្តីជាប់ចោទឈ្មោះ ឃុន ស្រីពៅ អាយុ ៤០ ឆ្នាំបន្ទាប់ពីថយទៅពិភាក្សាដោយបានចាត់ទុកពាក្យបណ្តឹងរបស់ជនជាប់ចោទថាធ្វើឡើងត្រឹមត្រូវតាមកំណត់ច្បាប់ដែលអាចយកមកជំនុំជម្រះបាន។
លោកស្រីថ្លែងថា៖ «ថ្វីដ្បិតតែជនជាប់ចោទសារភាពកំហុសនៅក្នុងសវនាការ និងសូមឲ្យតុលាការបន្ថយទោសក៏ពិតមែន ប៉ុន្តែការស្នើសុំនេះមិនស្របតាមមាត្រា ៣១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។ ដូច្នេះតុលាការកំពូលសម្រេចតម្កល់សាលដីការបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែល»។
នៅក្នុងបន្ទប់សវនាការកាលពីម្សិលមិញនេះដែរស្រ្តីជាប់ចោទបានឆ្លើយប្រាប់ចៅក្រមថាគាត់ពិតជាបានប្រព្រឹត្តបទល្មើសមែន ប៉ុន្តែដោយសារគាត់មានកូន ៣ នាក់គ្មាននរណាថែរក្សា និងមានកូនតូចអាយុជាង ១ ឆ្នាំរស់នៅក្នុងមន្ទីរឃុំឃាំងផង។ ដូច្នេះគាត់ជួបការលំបាកខ្លាំង ហើយណាមួយត្រូវប្តីលែងលះទៀត។ គាត់ស្នើឲ្យតុលាការកំពូលបន្ថយទោសដើម្បីឆាប់បានចេញទៅមើលថែរក្សាកូន។
ទោះយ៉ាងណាលោកព្រះរាជអាជ្ញា ឌុច គឹមសន តំណាងមហាអយ្យការសន្និដ្ឋានថា ជនជាប់ចោទបានសារភាពហើយគាត់ក៏ត្រូវសមត្ថកិច្ចចាប់បានគ្រឿងញៀនជាក់ស្តែងដែរ។
លោកថ្លែងថា៖ «ជនជាប់ចោទបានសារភាពនៅគ្រប់ដំណាក់កាល។ ដូច្នេះខ្ញុំយល់ថាសាលក្រមក៏ដូចជាសាលដីកាតុលាការថ្នាក់ក្រោមដែលផ្ដន្ទាទោសមានលក្ខណៈត្រឹមត្រូវ និងសូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាតាមច្បាប់។
តាមអង្គហេតុបង្ហាញថាកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៦ ស្រ្តីជាប់ចោទបានយកថ្នាំញៀនចំនួន ៣០ កញ្ចប់តូចយកទៅលក់ឲ្យម៉ូយតម្លៃ ២ ម៉ឺនរៀលក្នុង ១ កញ្ចប់នៅសង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ។ ប៉ុន្តែពេលកំពុងធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់គុក ៤ ឆ្នាំកាលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ ដោយចោទពីបទ «ជួញដូរគ្រឿងញៀនខុសច្បាប់» តាមបញ្ញត្តិមាត្រា ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ សំណុំរឿងនេះស្រ្តីជាប់ចោទមិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍ទៀត តែត្រូវសាលាឧទ្ធរណ៍តម្កល់ទោស ៤ ឆ្នាំដដែលកាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៧៕