ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​តម្កល់​ទោស​អតីតមន្ត្រី​យោធា​ម្នាក់​ឱ្យ​ជាប់ពន្ធនាគារ​ ៤ ​ឆ្នាំ​ដដែល ​តាម​សាលដីកា​សាលាឧទ្ធរណ៍ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៨ ធ្នូ​ ពាក់ព័ន្ធ​បទចោទ​ញុះញង់​មិន​​ឱ្យ​យោធិន​ស្តាប់បង្គាប់​ប្រព្រឹត្ត​នៅ​ខេត្តសៀមរាប​កាលពី​ខែ​មីនា ឆ្នាំ​ ២០១៩​។

នៅក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​កំពូល​ពី​ម្សិលមិញ​ ខណៈ​អវត្តមាន​ជនជាប់ចោទ តែ​ចាត់ទុក​ជា​ចំពោះមុខ ដោយសារ​មាន​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ចូល​ស្តាប់​ដែរនោះ លោកស្រី​ចៅក្រម គិម សត្ថាវី បាន​ប្រកាស​សាលដីកា​ថា សំណុំ​រឿងនេះ​មាន​ជន​ជាប់ចោទ​ឈ្មោះ លី ដាវិត ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

ក៏ប៉ុន្តែ​លោកស្រី​ចៅក្រម​មិនបាន​លើក​បង្ហាញ​ពី​មូលហេតុ​នៃ​ការតម្កល់​សាលដីកា​នេះ​ទេ​ដោយ​គ្រាន់តែ​ថ្លែងថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ​គឺ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៨ ​ធ្នូ​កន្លងមក​។

លោកស្រី​ចៅក្រម​បាន​បញ្ជាក់ថា​៖ «​តុលាការ​កំពូល​ចាត់ទុកថា ការដែល​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្តសៀមរាប​នេះ​គឺជា​ការត្រឹមត្រូវ​តាមច្បាប់​​ហើយ​។ ​ដូច្នេះ​តុលាការ​សម្រេច​​តម្កល់​សាលដីកា​ឧទ្ធរណ៍​ទុក​​ជា​បានការ​ដដែល​»​។

ដោយឡែក​លោក នូ ចន្ថា ដែលជា​មេធាវី​ចាត់​តាំងពី​គណៈមេធាវី​ឱ្យ​ការពារ​ក្ដី​ជនជាប់ចោទ​កាលពី​ម្សិលមិញ​ពុំបាន​បកស្រាយ​អ្វី​លម្អិត​ពី​រឿងនេះ​ទេ ដោយ​គ្រាន់តែ​លើកឡើង​ថា ការសម្រេច​សាលដីកា​របស់​​តុលាការ​កំពូល​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទេ​។

កាលពី​សវនាការ​នៅ​តុលាការ​កំពូល​ជនជាប់ចោទ​ឈ្មោះ លី ដាវិត អាយុ​ ៤៦ ​ឆ្នាំ​ បាន​ប្រាប់​ចៅក្រម​ថា ខ្លួន​មាន​តួនាទី​ជា​នាយរង​សេនាធិការ​ភូមិភាគ និង​កម្លាំង​អន្តរាគមន៍​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​ដែល​​បាន​រៀន​ចប់​ថ្នាក់អនុបណ្ឌិត​។ ​កាលពី​ខែសីហា ឆ្នាំ​ ២០១៨ ​គាត់​បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​រិះគន់​អំពី​ការកាប់បំផ្លាញ​ព្រៃឈើ ការ​លុប​បឹង​។

ជនជាប់ចោទ​បញ្ជាក់ប្រាប់​ចៅក្រម​ថា​៖ «​ប៉ុន្តែ​ការរិះគន់​របស់ខ្ញុំ​នេះ​គ្រាន់តែ​រិះគន់​ដើម្បី​ស្ថាបនា​តែប៉ុណ្ណោះ​។ ខ្ញុំ​មិនដែល​មានគំនិត​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ម្តងណា​ទេ​ហើយ​បើ​ខ្ញុំ​មានគំនិត​ប្រឆាំង​ក៏​ខ្ញុំ​មិនបាន​កាន់តំណែង​ជា​ឧត្តមសេនីយ៍ទោ​ដែរ​»​។

ក៏ប៉ុន្តែ​ជនជាប់ចោទ​ប្រាប់​ចៅក្រម​នាពេលនោះ​ថា ក្រោយពី​គាត់​ដឹងថា​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​គឺ​គាត់​បានគេច​ខ្លួន​ជាង​ ៧ ​ខែ តែ​ក្រោយមក​បាន​ចូលខ្លួន​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តសៀមរាប​ចាប់ខ្លួន​ប្រគល់​ឱ្យ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ២៨ ​មីនា ឆ្នាំ​ ២០១៩​។

បើតាម​កំណត់ហេតុ​របស់​​តុលាការ​កំពូល​បង្ហាញ​ថា ជនជាប់ចោទ​រូបនេះ​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​ប្រកាស​​សាលក្រម​នៅ​ថ្ងៃទី​ ៣១ ​កក្កដា​ ឆ្នាំ​ ២០១៩ ​ផ្តនា្ទទោស​ដាក់​ពន្ធនាគារ​ ៤ ​ឆ្នាំ​ ដោយ​ចោទ​ពី​បទញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ កាន់កាប់​ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​ជាអាទិ៍​តាម​បញ្ញត្តិ​មាត្រា​ ៤៧១,៤៩០,៤៩៤ និង​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ​ជនជាប់ចោទ​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​តែ​ត្រូវ​ឧទ្ធរណ៍​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ៦ ​មីនា ឆ្នាំ​ ២០២០ ដោយ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្តសៀមរាប​នៅ​ដដែល ទើប​មាន​ការបន្ត​ប្ដឹង​មក​តុលាការ​កំពូល​៕