ភ្នំពេញៈ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១០ ​នាក់​ នៅ​ថ្ងៃទី​ ១៤ ​ខែ​សីហា ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៧ ​សីហា ​ពាក់ព័ន្ធ​បទចោទ​រួមគំនិត​ក្បត់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឧ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​។ នេះ​បើតាម​មេធាវី​ជនជាប់ចោទ​។

ការជំនុំជម្រះ​របស់​តុលាការ​កំពូល​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍ បដិសេធ​មិន​ឲ្យ​នៅក្រៅ​ឃុំ​របស់​ជនជាប់ចោទ​ទាំង​ ១០ ​នាក់​។

លោក ​ឡោ ​ជុនធី ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ទាំង​ ១០ ​នាក់​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​កូនក្តី​របស់លោក​ទាំង ១០ ​នាក់​រួមមាន​ ទី​១- ឈ្មោះ​ សុខ ​ចាន់ថា ​ទី​២- ញ៉ែម ​វា ​ទី​៣- ជុំ ​ចាន់ ​ទី៤- ​ឃឹម ​ភាណា ​ទី៥- ​ឃុត ​ច្រឹក ​ទី៦- ​ងិន ​ឃាង ទី៧- ​ឡុង ​ផារី ​ទី៨- ​កែវ ​ថៃ ​ទី៩- ​ថៃ ​គន្ធា និង ​ទី១០- ​ឈ្មោះ​ យឹម ​សារ៉េត​។ ពួកគាត់​ជា​អតីត​ចៅសង្កាត់​ជា​គ្រូបង្រៀន និង​ជា​អតីត​ជំទប់​ឃុំ​។

លោក​បញ្ជាក់​ថា​សវនាការ​កាលពី​ថ្ងៃទី​ ៧ ​ខែ​សីហា​មាន​លោក​ និល ណុន ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។ ក្នុងពេល​ជំនុំជម្រះ​កូនក្តី​របស់​លោក​ទាំង​ ១០ ​នាក់​បាន​ទទូច​ដូចៗ​គ្នា សុំ​ចៅក្រម​ថា​គោលបំណង​របស់​ពួកគេ ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ពេលនេះ​គឺ​ស្នើសុំ​តុលាការ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ពួកគាត់​ប្រាប់​តុលាការ​ថា ពួកគាត់​មាន​ជំងឺ​ប្រចាំកាយ​ និង​មាន​លំនៅ​ពិតប្រាកដ​ដោយ​មិន​រត់​ទៅណា​ទេ​។

លោក​បន្តថា ចំពោះ​លោក​ជា​មេធាវី​វិញ​បាន​លើក​ឡើង​តាមរយៈ​សេចក្តី​សន្និដ្ឋាន​ប្រាប់​តុលាការ​ក្នុង​អង្គសវនាការ​កាលពី​ថ្ងៃ​ជំនុំជម្រះ​នោះដែរ​ថា លោក​ស្នើសុំ​ដល់​តុលាការ​កំពូល មេត្តា​ពិចារណា​ឲ្យ​កូនក្តី​របស់​លោក​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។

លោក​ប្រាប់​ចៅក្រម​ថា ការស្នើសុំ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ទី​១ ​កូនក្តី​របស់​លោក សុទ្ធតែ​មាន​លំនៅ​ក្នុង​ប្រទេស​ពិតប្រាកដ​ និង​មាន​ក្រុមគ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​។ ទី​២- ​គឺ​ពួកគាត់​រស់នៅ​ក្នុង​ពន្ធនាគារ​បច្ចុប្បន្ន​មាន​ជំងឺ​ប្រចាំកាយ​ដូចជា​ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​លើសជាតិ​អាស៊ីត​ និង​ជំងឺ​ក្រពះ​។

លោក​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​បានធ្វើ​សេចក្តី​សន្និដ្ឋាន​ប្រាប់​ចៅក្រម​ថា​ សម័យ​កូវីដ​នេះ​បាន​ជះឥទ្ធិពល​សេដ្ឋកិច្ច​ទាំងមូល​ដល់​រដ្ឋាភិបាល ម្យ៉ាង​រដ្ឋាភិបាល​ឃុំ​ពួកគាត់​ត្រូវ​ចាយលុយ​រដ្ឋ​។ ដូច្នេះ​សូម​តុលាការ​ពិចារណា​ដោះលែង​ពួកគាត់​»​។

លោក ឡោ ជុនធី ​ថ្លែង​បញ្ជាក់ប្រាប់​ចៅក្រម​ក្នុង​សវនាការ​ទៀតថា​៖ «​សម័យ​កូវីដ​នេះ​នៅ​ប្រទេស​ណា​ក៏​គេ​បិទ​មិន​ឲ្យ​ចេញចូល​ដែរ​។ ដូច្នេះ​បើ​កូនក្តី​ខ្ញុំ​ចង់​គេច​ទៅ​ក្រៅប្រទេស​ក៏​ទៅ​មិន​រួច​ដែរ​»​។

លោក​លើកឡើង​ថា សមត្ថកិច្ច​នគរបាល​មាន​សមត្ថភាព​ខ្ពស់​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​តាមរយៈ​សមត្ថភាព​ស៊ើបអង្កេត និង​តាមរយៈ​សមត្ថភាព​ផ្សេងៗ​ទៀត​។ «​អ៊ីចឹង​ពួកគាត់​មិន​អាច​គេច​ទៅណា​រួច​ទេ​ បើ​គេច​ទៅណា​សមត្ថកិច្ច​នឹង​រកឃើញ​ភ្លាមៗ គឺ​អនុវត្ត​តាមរយៈ​បច្ចេកវិទ្យា​ប្រើពេល​តែ​ ១ ​ម៉ោង​ទេ រកឃើញ​ហើយ​»​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សន្និដ្ឋាន​បែបនេះ​ដើម្បី​ឲ្យ​តុលាការ​កំពូល​លោក​ពិចារណា តែ​ការសម្រេច​បែប​ម៉េច​ជា​សមត្ថកិច្ច​របស់​តុលាការ​»​។

លោក​មេធាវី ឡោ ​ជុនធី ​រំឭក​ថា​សំណុំរឿង​របស់​ក្រុម​កូនក្តី​លោក​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ ២០១៧-២០១៨ តែ​នគរបាល​ទើប​ឃាត់ខ្លួន​ក្នុងអំឡុង​ខែមីនា និង​ខែមេសា​ ឆ្នាំ​ ២០២០ ​នៅ​តាម​រាជធានី​ខេត្ត​។ ហេតុដូច្នេះ​តុលាការ​កំពូល គួរតែ​ពិចារណា​លើ​ចំណុច​នេះដែរ​។ បើតាម​លោក​មេធាវី​សំណុំ​រឿង​កូនក្តី​របស់​លោក​បច្ចុប្បន្ន​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​ស៊ើបអង្កេត​នៅឡើយ​។

លោក ជុំ សំបាន អ្នកនាំពាក្យ​តុលាការ​កំពូល​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕