The Phnom Penh Post Search

Search form

​កំពូល​បង្វិល​សំណុំ​រឿង​គ្រឿង​ញៀនជាង​ ១ គីឡូក្រាម​ ទៅ​ឲ្យ​សាលា​ឧទ្ធរណ៍​ជម្រះឡើង​វិញ​

Content image - Phnom Penh Post
គ្រឿង​ញៀន​ ដែល​សមត្ថ​កិច្ច​រឹប​អូស​បាន​ ហើយ​យក​ទៅ​បំផ្លាញ​ចោល​កន្លង​មក។​ ហេង ជីវ័ន

​កំពូល​បង្វិល​សំណុំ​រឿង​គ្រឿង​ញៀនជាង​ ១ គីឡូក្រាម​ ទៅ​ឲ្យ​សាលា​ឧទ្ធរណ៍​ជម្រះឡើង​វិញ​

ភ្នំពេញៈតុលាការ​កំពូល​កាលពី​ម្សិល​មិញ បាន​​ប្រកាស​សាល​ដីកា សំណុំរឿង​ជួញដូរ​គ្រឿង​ញៀន​ចំនួន ​១​១​៩​១​,​២​ ក្រាម ​ដែល​មាន​ជន​ជាប់​ចោទ ​២​ នាក់​ ​ទៅ​​ឲ្យ​សាលា​ឧទ្ធរណ៍​​ ​​ជំនុំជម្រះ​ឡើង​វិញ ​​ដោយ​យល់​ថា​ ការ​សម្រេច​របស់​​សាលា​ឧទ្ធរណ៍​កន្លង​មក​​ មាន​ចំណុច​ខ្លះ ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។​

ក្នុង​បន្ទប់​សវនាការ​ លោក​ស្រី​ចៅ​ក្រម​​ គិម​ សត្ថាវី​ បាន​អាន​សាលដីកា​ នៅ​ចំពោះ​មុខ​មេធាវី​របស់​ជ​នជាប់​ចោទ ​តែ​ចាត់​ទុក​ជា​ចំពោះ​មុខ​ជន​ជាប់​ចោទ​​ថា​៖​ «​សំណុំរឿង​ជួញដូរ​គ្រឿង​ញៀន​ ដែល​តុលាការ​កំពូល​ បើក​សវនាការ​ជំនុំ​ជម្រះ​ កាល​ពី​ថ្ងៃ​ទី ​៦​ ខែ​មិថុនា​នោះ​ ក្រោយ​ពី​ជំនុំជម្រះ​ តុលាការ​យល់​ឃើញ​ថា​ ការ​សម្រេច​សេចក្តីរបស់សាលាឧទ្ធរណ៍​ មាន​ចំណុច​ខ្លះ​ត្រឹមត្រូវ​ តាម​ច្បាប់​ តែ​ចំណុច​ខ្លះ​ មិន​ត្រឹមត្រូវ​តាម​ច្បាប់​។​ ដូច្នេះ ​តុលាការ​កំពូល​ សម្រេច​បង្វិល​ទៅ​សាលា​ឧទ្ធរណ៍​ ឲ្យ​ជម្រះ​ឡើង​វិញ»​។​

សំណុំ​រឿង​នេះ​ មាន​ជន​ជាប់​ចោទ ​២ នាក់ ប្តឹង​សារទុក្ខ​នៅ​តុលាការ​កំពូល ​ដែលមានឈ្មោះ ​​ចែវ​​ ស៊ីន​អាន​ហៅ​ ឆក ​អាយុ​ ៥៩​ ឆ្នាំ​ និងឈ្មោះ ស៊ិប​ សាវឿន​អាយុ​ ៥២​ ឆ្នាំ​។ ប៉ុន្តែ​ជន​ជាប់ចោទ ​២ ​នាក់​ទៀត​ឈ្មោះ លី ​ហ្វែន​អាយុ ​៦​៤ ​ឆ្នាំ និ​ង​ឈ្មោះ​ ភេម ​លឿង​ ហៅ​ខុង​ ចៃ​ អាយុ ៥​៥ ​ឆ្នាំ​ ជា​ជន​ជាតិ​ឡាវ​ មិនប្តឹងសារទុក្ខទេ។

តាម​កំណត់​ហេតុ​របស់​នគរបាល​​បង្ហាញ​ថា​ កាល​ពី​ថ្ងៃ​ទី​ ២១ ខែ​​មករា​ឆ្នាំ​​ ២​០​១​៥​ ជន​ជាប់​ចោទ​ឈ្មោះ​ភេម ​លឿន ​បាន​ទូរស័ព្ទ​ពី​ប្រទេស​ឡាវ​ ប្រាប់​មក​ឈ្មោះ ​លី​ ហ្វែន​ ដែលនៅ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ចាំ​ទទួលយក​ថ្នាំ​ញៀន​ពី​មនុស្ស​ ២​ នាក់​ ដែល​ត្រូវនាំ​ពី​ប្រទេស​ឡាវ​ ចូលមក​ប្រទេស​កម្ពុ​ជា ​នៅ​ច្រក​ព្រំដែន​កម្ពុជា-ឡាវ​ខេត្ត​ស្ទឹង​ត្រែង​ ហើយ​​ឈ្មោះ​ ស៊ិប ​សា​វឿន​ ជាអ្នក​ទទួល​ថ្នាំ​ញៀន​នោះ​​។​

កំណត់​ហេតុ​​បង្ហាញ​បន្ត​ថា ​លុះ​នៅ​ថ្ងៃ​ទី​ ២៣​​ មក​រា​​ឆ្នាំ​ ២​០​១​៥ ​នៅ​វេលា​ម៉ោង​ ៧​ និង​ ១​៥​ នាទី​ព្រឹក​ឈ្មោះ​ស៊ិប​ សា​វឿន​ បាន​យក​ថ្នាំ​ញៀន​ទៅ​ដោះ​ដូរ​ជាមួយឈ្មួញ នៅក្នុ​ងភូមិ​ថ្ម​លាត​ សង្កាត់​ស្រះ​ឫ​ស្សី​ ក្រុង-​ខេត្ត​ស្ទឹងត្រែង​ ប៉ុន្តែ​ខណៈ​កំពុង​ធ្វើ​សកម្មភាព ​ក៏​ត្រូវ​សមត្ថកិច្ច​​ចាប់​​ខ្លួន​តែ​ម្តង​។​

សំណុំរឿង​នេះ ​ត្រូវ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង ​​បើក​សវនាការ​ និង​ប្រកាស​សាលក្រម​ នៅ​ថ្ងៃ​ទី​ ១៨ ​កញ្ញា​ឆ្នាំ​២​០​១​៥ និង​ផ្តន្ទា​ទោស​ឈ្មោះ​ ភេម ​លឿន​ ដាក់​គុក​ ៣០​ ឆ្នាំ​​ ពិន័យ​ប្រាក់​ ៨០ ​លាន​រៀល ​និង​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​ជន​នេះ ​​ចោទ​​ពី​បទ​ដឹក​ជញ្ជូន​នូវ​សារធាតុ​ញៀន​ខុស​ច្បាប់​ តាម​មាត្រា​ ៤០​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនត្យ​គ្រឿង​ញៀន​។​ ទី​២​-​ផ្តន្ទា​ទោស​ឈ្មោះ​ ស៊ិប​ សាវឿន និង​ឈ្មោះ ​លីវ​ ហ្វែន​ ដាក់​គុក​ម្នាក់​ៗ​ ២៥ ​ឆ្នាំ​ពិន័យ​ប្រាក់​ម្នាក់​ៗ​ ៦០​ លាន​រៀល​។​ ទី​ ៣ ផ្តន្ទាទោស​ ឈ្មោះ​ ចែវ ​ស៊ីន​អាន​ដាក់​គុក​ ២០ ​ឆ្នាំ​ និង​ពិន័យ​ប្រាក់​ ៥​០ ​លាន​រៀល​​ ចោទ​​ពី​បទ​សម​គំនិត ​រក្សា​ទុក ​ដឹក​ជញ្ជូន​ និង​ជួញដូរ​ដោយ​ខុស​ច្បាប់​ នូវ​សារ​ធាតុ​ញៀន​។​

សំណុំរឿង​នេះ​ ជនជាប់​ចោទ​ទាំង ​៣ នា​ក់មិន​សុខ​ចិត្ត​ ហើយ​បាន​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​ តែ​ត្រូវ​សាលា​ឧទ្ធរណ៍​ កាល​ពី​ថ្ងៃ​ទី ​២៩​ ឧសភា​ឆ្នាំ​ ២​០​១​៧ ​សម្រេច​ផ​ន្តាទោស​ម្នាក់​ៗ​ ៣០​ ឆ្នាំវិ​ញ​។​

នៅ​ក្នុង​បន្ទប់​សវនា​ការ​ កាល​ពីថ្ងៃទី ​៦​ មិថុនា ជន​ជាប់​ចោទ​ឈ្មោះ​​ ចែវ​​ ស៊ីន​អានហៅ​ឆក ​អាយុ ​៥៩​ ឆ្នាំ ​ដែល​អវត្តមាន ​ឈ្មោះ ​ស៊ិប​ សាវឿន​ អាយុ​ ៥២​ ឆ្នាំ​ គ្រាន់តែឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា​៖ «សូម​តុលាការ​​ជួយ​រក​យុត្តិធម៌​ដល់​ខ្ញុំ​ផង»​។​

លោក​ នាង ​ហៃ​ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ ចែវ​ ស៊ីន​អាន​ បាន​សន្និដ្ឋាន​ថា​ កូនក្តី​របស់​លោក​ប្តឹង​សារទុក្ខ​មក​តុលាការ​​កំពូល​នេះ ​ក៏​ព្រោះ​​តែ​គាត់​ មិន​សុខ​ចិត្ត ​នឹង​ទណ្ឌកម្ម​ទោស​ ដែល​សាលា​ឧទ្ធរណ៍​ផ្តន្ទា​ទោស​គាត់​​ដាក់​គុក ​៣០ ​ឆ្នាំ​។​

លោក​ថ្លែង​ថា​៖​«​តុលាការ​ឧទ្ធរណ៍​ មិន​បាន​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ទេ​ មុន​នឹង​សម្រេច​កាត់​ទោស​លើ​កូនក្តី​របស់​ខ្ញុំ​ ថា​តើ​ជន​ណា​ ដែល​ជា​អ្នក​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ពិត​ប្រាកដ​។ ​ការ​ចោទ​គ្រាន់​តែ​សំអាង​ទៅ​លើ​ចម្លើយ​របស់​ក្រុម​ប្រព្រឹត្ត​​បទ​ល្មើស​​ថា​ ស្គាល់​ឈ្មោះ​ អ្នក​នេះ​ ស្គាល់​ឈ្មោះ​អ្នក​នោះ​ ហើយ​ក៏​ធ្វើ​ការ​ចោទ​ប្រកាន់​តែ​ម្តង​។​ ខ្ញុំ​សូម​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ មេត្តា​បង្វិល​សំណុំ​រឿង​នេះ ​ទៅ​សាលា​ឧទ្ថរណ៍​ជម្រះ​ឡើង​វិញ​»​។​

ដោយ​​ឡែក​ លោក​ ឡោ គី​ម​ហ្គិច​ មេធាវី​ចាត់​តាំង​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​​ ឈ្មោះ​ ស៊ិប ​សា​វឿន ​បាន​សន្និដ្ឋាន​ថា​ កូនក្តី​របស់​លោក​ បាន​ឆ្លើយ​សារភាព​ថា​ បាន​យួថង់​គ្រឿង​ញៀន​ពិត​ប្រាកដ​មែន​ ហើយ​គាត់​បាន​ឆ្លើយ​សារភាព​​នៅ​គ្រប់​ដំណាក់​កាលទៀត​​​។​ ដូច្នេះ ​សូម​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ មេត្តា​​បន្ធូបន្ថយ​​ទោស​ដល់​កូនក្តី​របស់​លោក​ផង​៕​

អត្ថបទគួរចាប់អារម្មណ៍