ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​បង្វិល​សំណុំរឿង​របស់​ជនជាប់ចោទ​ម្នាក់​ទៅ​ឲ្យ​ឧទ្ធរណ៍​ជម្រះ​ឡើងវិញ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២ ​កញ្ញា​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​យុវជន​ម្នាក់​ដោយ​អា​រក​ច្រកបាវ ប្រព្រឹត្ត​នៅ​ភូមិ​ទ្រៀក ឃុំ​មេមង ស្រុក​មេមត់ ខេត្ត​កំពង់ចាម​ក្នុង​ឆ្នាំ​ ២០១៥ ដោយសារ ឧទ្ធរណ៍​បន្ថយទោស​ពី​ជាប់ពន្ធនាគារ​​ ១ ​ជីវិត​មក​ត្រឹម​ ៣០ ​ឆ្នាំ​។

នៅ​ចំពោះមុខ​ម្តាយ​ជនរងគ្រោះ តែ​កំបាំងមុខ​ជន​ជាប់ចោទ និង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​នោះ​លោក ចៅក្រម ច័ន្ទ រង្សី បាន​អាន​សាលដីកា​ថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ ហេង សុខមាន ភេទ​ប្រុស អាយុ ២២ ​ឆ្នាំ រីឯ​ជនរងគ្រោះ​ឈ្មោះ លី រ៉ាវុធ អាយុ ២០ ​ឆ្នាំ​។ ពួកគេ​រស់នៅ ភូមិ-ឃុំ-ស្រុក ខាង​លើ​។

លោក​ថា បន្ទាប់ពី​បាន​ពិភាក្សា​គ្នា ក្រោយពេល​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២ ​កញ្ញា និង​ក្រោយពី​បាន​ស្តាប់​ការឆ្លើយ​របស់​ជនជាប់ចោទ​មក តុលាការ​កំពូល​យល់ថា កាលពី​ថ្ងៃ​ជំនុំជម្រះ​នោះ ជនជាប់ចោទ​បានស្នើ​សុំ​ទទួល​យក​ទណ្ឌកម្ម​ទោស​ ៣០ ​ឆ្នាំ​នេះ​ហើយ​ក៏​មិនបាន​ប្តឹង​ទាស់​ដែរ​។ ​ប៉ុន្តែ​នេះ​ជា​បណ្តឹង​របស់លោក​អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​។

លោក​ចៅក្រម រង្សី ថ្លែង​ថា​៖ «​ពាក់ព័ន្ធ​នឹង​រឿងនេះ តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំ​រឿង​នេះ​ទៅ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ជាថ្មី​ឡើងវិញ​»​។

ដោយឡែក​អ្នកស្រី កែវ ម៉ានី ដែល​ត្រូវជា​ម្ដាយ​ជនរងគ្រោះ​បាន​ប្រាប់​នៅ​ក្រៅ​បន្ទប់​ប្រកាស​សាលដីកា​ថា សំណុំ​រឿងនេះ​កាលពី​នៅ​សាលាដំបូង​ខេត្ត​កំពង់ចាម​ក្នុង​បណ្តឹង​គឺ​ក្នុង​នាម​អ្នកស្រី​ជា​ម្ដាយ​ជនរងគ្រោះ​បាន​ទាមទារ​សំណង​ជំងឺចិត្ត​ ២ ​ម៉ឺន​ដុល្លារ​។ បន្ទាប់មក​សាលាដំបូង​ខេត្តកំពង់ចាម​ក៏បាន​សម្រេច​តាម​ការទាមទារ​នោះ ហើយ​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​អស់​ ១ ​ជីវិត​។

អ្នកស្រី​បាន​បន្តថា ការសម្រេច​ផ្តន្ទាទោស​​ ១ ​ជីវិត​នាពេលនោះ​គឺ​អ្នកស្រី​គិតថា សម​នឹង​អំពើ​របស់​ជនជាប់ចោទ​ហើយ ព្រោះ​គេ​បាន​សម្លាប់​កូនប្រុស​អ្នកស្រី​ដោយ​លក្ខណៈ​ឃោរឃៅ​ណាស់​។

អ្នកស្រី ម៉ានី បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ពេល​នេះ​កូន​ខ្ញុំ​ស្លាប់​ទៅហើយ ហើយ​ខ្ញុំ​ក៏​អហោសិកម្ម​ទៅ​ឲ្យ​ជនជាប់ចោទ​ដែរ​។ ​ព្រោះ​គ្នា​សុំ​តុលាការ​ ៣០ ​ឆ្នាំ ដើម្បី​ឲ្យ​ជីវិត​គ្នា​ចេញពី​ពន្ធនាគារ​មកវិញ​មានន័យ​ខ្លះ​»​។

កាលពី​ថ្ងៃ​ជំនុំជម្រះ ជន​ជាប់ចោទ​បាន​ប្រាប់​តុលាការ​កំពូល​ថា គាត់​បាន​ស្គាល់​ជនរងគ្រោះ​ប្រហែល​ជា​ ១ ​ថ្ងៃ​មុន​សម្លាប់​។ ​បន្ទាប់ពី​ស្គាល់​គ្នា​ហើយ ខ្លួន​បាន​បបួល​ជនរងគ្រោះ​ទៅក្នុង​ផ្ទះ​ឈើ​មួយ​ដែល​គ្មាន​មនុស្ស​រស់នៅ​តែមាន​គ្នីគ្នា​ ៣ ​នាក់​ទៀត​ចាំ​នៅ​ទីនោះ​។ បន្ទាប់ពី​គាត់​ហៅ​ជនរងគ្រោះ​ចូលក្នុង​ផ្ទះ​នោះ​ហើយ​ក៏​នាំគ្នា​ជក់​គ្រឿងញៀន ហើយ​ខ្លួន​បាន​បបួល​ជនរងគ្រោះ​ជក់​គ្រឿងញៀន​ដែរ​តែ​គេ​ប្រកែក​។

ជនជាប់ចោទ​បន្តថា ដោយសារ​ជនរងគ្រោះ​ប្រកែក​រូបគេ​ក៏​បាន​យក​ដំបង​វ៉ៃ​ក្បាល​ជនរងគ្រោះ​បែក​បណ្ដាល​ឲ្យ​សន្លប់​ហើយ​ក៏​ចាក់ និង​អារក​សម្លាប់​តែម្តង​។ បន្ទាប់មក​រូបគេ​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ ១ ​គ្រឿង​ម៉ាក ឌ្រីម​សង់​ ១២៥ ទៅ​លក់​បាន​លុយ​ជិត​ ១ ​ពាន់​ដុល្លារ​​ និង​ចែកគ្នា​ចាយ​អស់​រួច​រត់គេច​ខ្លួន​។ លុះ​ប៉ុន្មាន​ខែ​ក្រោយ​មក​ក៏ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​រឿងនេះ គេ​សម្លាប់​ជនរងគ្រោះ​តែម្នាក់ឯង​ទេ​។

សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​ខេត្តកំពង់ចាម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១ ​ជីវិត​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៦ ​ដោយ​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​។

ប៉ុន្តែ​ដោយ​មិន​សុខចិត្ត ជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ហើយ​ត្រូវ​សាលាឧទ្ធរណ៍​បន្ថយទោស​មក​ត្រឹម​ ៣០ ​ឆ្នាំ​តែ​ត្រូវ​អគ្គព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​ប្តឹង​សារទុក្ខ​នឹង​ទណ្ឌកម្ម​ទោស​ ៣០ ​ឆ្នាំនេះ​។

តាម​អង្គហេតុ​របស់​តុលាការ​កាលពី​ថ្ងៃទី​ ២៨ ខែ​សីហា ឆ្នាំ​ ២០១៥ ពលរដ្ឋ​នៅក្នុង​ភូមិ​ទ្រៀក​ក្នុង​ឃុំ​ខាងលើ បាន​ប្រទះឃើញ​ការុង​នីឡុង​ ១ ​ហើយ​បាន​ទៅ​មើល​ក៏​ឃើញ​សាកសព​មាន​សភាព​ត្រូវគេ​អារក និង​មាន​ស្នាម​ចាក់​ត្រង់​​ពោះ​ជាច្រើន​កាំបិត​៕