ភ្នំពេញៈ តុលាការ​កំពូលកាល​ពី​ម្សិលមិញ បាន​បង្វិល​សំណុំ​រឿង​ជួញ​គ្រឿង​ញៀនមេតំ​ហ្វេតាមីន ២៤ កញ្ចប់​តូច​មក​ឲ្យ​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​បន្ទាប់​ពី​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី ២១ មករា ជា​អ្វី​ដែល​មេធាវី​ការពារ​ជន​ជាប់​ចោទ​ថា​ជា​រឿង​ល្អ​ខណៈ​ឯកសារ​ដាក់​បន្ទុក​មក​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ​មិន​ស៊ី​ចង្វាក់​គ្នា។

លោក​ចៅក្រម សាលី ធារ៉ា បាន​អាន​សាលក្រម​ដីកា​នៅ​ចំពោះមុខ​មេធាវី​ការពារ​ជន​ជាប់​ចោទ​ថា សំណុំ​រឿង​ដែល​មាន​ជន​ជាប់​ចោទ​ឈ្មោះ ម៉េង ​រតនៈ និង​បក្ខ​ពួក ៥ នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​គ្រឿង​ញៀន​នោះ ក្រោយ​ពី​ជំនុំ​ជម្រះ​តុលាការ​យល់​ឃើញ​ថា ករណី​ជន​ជាប់​ចោទ ឈ្មោះ ម៉េង រតនៈ​ អាយុ ៣៣ ឆ្នាំ ដែល​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ តាម​បញ្ញត្តិ​មាត្រា ៤០ និង​មាត្រា ៤៤ ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន នោះ​ត្រូវ​បង្វិល​មក​ឲ្យ​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជំនុំ​ជម្រះ​ឡើង​វិញ។

លោក​ថ្លែងថា៖ «តាម​សាក្សី​ម្នា​ក់ថា ជនជាប់ចោទ​ឈ្មោះ ​ម៉េង រតនៈ ជួល​បន្ទប់​ហើយ​រក​ស៊ី​គ្រឿង​ញៀន។ រីឯ​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ជន​ជាប់​ចោទ​ប៉ូលិស​មិន​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​របស់​ជន​ជាប់​ចោទ​ទេ ពេល​ប្រតិបត្តិការ​នោះ។ ដោយ​សំអាង​ហេតុ​បែប​នេះ​ហើយ​តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំ​រឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ជំនុំ​ជម្រះ​ឡើង​វិញ ហើយ​បដិសេធ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ចោល»។

ជុំវិញ​ការសម្រេច​នេះ លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា នេះ​គឺជា​ការ​កាត់​ក្តី​ត្រឹមត្រូវ​មួយ​ដែល​តុលាការ​កំពូល​បង្វិល​សំណុំ​រឿង​របស់​កូនក្តី​លោក​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ជំនុំ​ជម្រះ​ឡើង​វិញ​នេះ ។

លោក​ថ្លែងថា៖ «តុលាការ​កំពូល​កាត់ក្តី​នេះ​ល្អ​ណាស់​គឺ​តុលាការ​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​ខ្ញុំ​ដែល​រឿង​នេះ​នៅ​សាលា​ឧទ្ធរណ៍​មិន​បាន​ពិចារណា​ទៅ​លើ​ភ័ស្តុតាង​ដោះ​បន្ទុក​ឲ្យ​កូនក្តី​ខ្ញុំ​ទេ តែ​នៅ​តុលាការ​កំពូល លោក​ចៅក្រម បាន​ពិចារណា​ពី​ភ័ស្តុតាង​ដោះ​បន្ទុក​របស់​កូនក្តី​ខ្ញុំ»។

កាលពី​ថ្ងៃ​ជំនុំជម្រះ នៅ​តុលា​ការ​កំពូល លោក ជូ​ង ជូ​ងី បាន​សន្និដ្ឋាន​ថា នគរបាល​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ម្នាក់​បាន​ប្រើ​ឯកសារ​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​កូនក្ដី​លោក​ដែល​បាត់​មុន​ពេល​បង្ក្រាបមក​ធ្វើ​ជា​ភ័ស្ដុតាង​ឲ្យ​តុលាការ​សម្រេច​កំបាំង​មុខ​ឃុំ​ខ្លួន​កូន​ក្តី​លោក ៥ ឆ្នាំ។ ប៉ុន្តែ​លោក អ៊ីវ ភារិទ្ធ នាយ​ការិយាល័យ​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ច្រាន​ចោល​និង​ថា ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ផ្អែក​លើ​ភ័ស្ដុតាង​ច្បាស់​លាស់។

តាម​កំណត់ហេតុ​តុលាការ​បង្ហាញថា កាលពី​ថ្ងៃទី ១៤ ខែ​មិថុនា ឆ្នាំ ២០១៥ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​ស្ពាន​ឈើ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សមត្ថកិច្ច​នៃ​កា​រិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​ហើយ​បាន​ឃាត់​ខ្លួន​មនុស្ស ៥ នាក់ ប៉ុន្តែ​ក្នុង​នោះ​គ្មាន​ជន​ជាប់​ចោទ​ឈ្មោះ ម៉េង រតនៈ ទេ។ ប៉ុន្តែ​នៅ​ក្នុង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ សមត្ថកិច្ច​បាន​ភ្ជាប់​អត្ត​សញ្ញាណ​ប័ណ្ណ​ថត​ចម្លង​របស់​ឈ្មោះ ម៉េង រតនៈ ដែល​លោក​មេធាវី ជូង ជូងី ថា មិន​ដឹង​សមត្ថកិច្ចបាន​មក​ពី​ណា ខណៈ​អត្ត​សញ្ញាណ​ប័ណ្ណ​ច្បាប់​ដើម​បាន​បាត់ ហើយ​កូន​ក្ដី​លោក​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល តាំង​ពី​មុន​ថ្ងៃ​បង្ក្រាប​នោះ។

យ៉ាងណាក្ដី សំណុំ​រឿងនេះ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី ១៣ ខែ​មិថុនា ឆ្នាំ ២០១៦ ដោយ​បាន​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ ម៉េង រតនៈ ដាក់​ពន្ធនាគារ ៥ ឆ្នាំ និង​ពិន័យ​ប្រាក់ ១០ លាន​រៀល​ចោទ​ពី​បទ​ជួញ​ដូរ និង​សម្រួល​ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​តាម​មាត្រា ៤០ និង​មាត្រា ៤៤ នៃ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។ ចំណែក​មនុស្ស ៥ នាក់​ទៀត​ត្រូវ​តុលាការ​ចោទ​ពី​បទ​សម្រួល​ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ផ្តន្ទា​ទោស​ម្នាក់ៗ​ក្រោម ៤ ឆ្នាំ៕