ភ្នំពេញៈ តុ​លា​ការ​កំ​ពូល​កាលពី​ម្សិល​មិញ​បាន​សម្រេច​បង្វិល​សំ​ណុំ​​រឿង​ស្រ្តី​ជាប់​ចោទ​ម្នាក់​ឲ្យសា​លា​ឧទ្ធរណ៍​​ជម្រះ​ឡើង​វិញ​ បន្ទាប់​ពី​​បើក​​ស​វ​នា​ការ​កាល​ពី​ថ្ងៃ​ទី​ ២​៩​​ ខែ ឧ​ស​ភា​ ពាក់​ព័ន្ធ​នឹងករណី​នាំ​​ស្រ្តី​ខ្មែ​រ​ ២​ នាក់ ​ទៅ​រៀប​ការ​ប្តី​នៅ​ប្រ​ទេស​ ចិន​​ ប្រព្រឹត្ត​កាលពីឆ្នាំ​ ២០១៥ នៅ​ខេត្ត​បន្ទាយមានជ័យ។​

ខណៈ​អ​វត្ត​មាន​ស្រ្តី​ជាប់​ចោទ ​លោក​ចៅ​ក្រម​ គ្រង់​ ស្រុីម ​​​បាន​​ប្រកាស​សាល​ដី​កា​ពី​ម្សិល​មិញ​ថា​ សំ​ណុំ​រឿង​នេះ​មាន​ស្រ្តី​​ជាប់​ចោទ​ឈ្មោះ​ជិន​​ ពន្លឺ​ដែល​ជាប់​ចោទ​ពីបទ​លក់​​ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន។

លោក​ថា​ បន្ទាប់​ពី​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី ២៩ ខែ ឧសភា​ មក​​ គឺ​តុ​លា​ការ​​យល់​ថា ​ក្រោយ​ពី​បាន​ស្តាប់​ការ​ឆ្លើយ​បំ​ភ្លឺ​របស់​ស្រ្តី​ជាប់​ចោទ​ និង​ក្រោយ​ពី​បាន​ស្តាប់​ការ​សន្និ​ដ្ឋាន​របស់​​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​មក​​តុ​លាការ​កំ​ពូល​យល់​ថា ​សា​លា​ឧទ្ធរ​ណ៍​បាន​ជំ​នុំ​ជម្រះ​មិន​ទាន់​ត្រឹម​​ត្រូវ​តាម​ទម្រង់​ច្បាប់​នៅ​ឡើយ​ទេ។

លោក​ថា​៖​ «​ដូច្នេះ​តុ​លា​កា​រ​កំពូលសម្រេច​បដិសេធ​សាល​ដី​ការ​បស់​សា​លា​ឧទ្ធរណ៍​ចោល​ ហើយ​បង្វិល​​សំ​ណុំ​រឿ​ង​​ទៅ​ឧទ្ធរ​ណ៍​ជម្រះ​​សា​ជា​ថ្មី​ឡើង​វិញ»។

ពាក់​ព័ន្ធនឹង​ការ​បង្វិល​សំ​ណុំ​រឿង​ឲ្យសា​លា​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​នេះ​ កាល​ពី​ម្សិល​មិញ​លោក​ស្រី​ លុយ សុធី​ ដែល​ជា​​មេ​ធា​វីការ​ពារ​សិទ្ធិ​ឲ្យ​ស្រ្តី​ជាប់​ចោទ​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ការសម្រេច​របស់តុ​លាកា​រ​កំពូលនា​ពេល​នេះ។

លោក​ស្រី​ មេ​ធា​វី ​បានបញ្ជាក់ថា​៖​ «​​ខ្ញុំ​​ជា​មេ​ធា​វី​គឺ​ខ្ញុំ​ការពារ​ក្តី​តាម​វិជ្ជាជីវៈ​​តែ​ប៉ុណ្ណោះ​​ ហើយ​ខ្ញុំ​មិន​ប្រកាន់​ថា​​ កូន​ក្តី​មាន​ឬ​ក្រ​ទេ​ ខ្ញុំ​ប្រឹង​ប្រែង​​ការពារ​ក្តី​តាម​សមត្ថភាព​របស់​ខ្ញុំ​។ តុលាការ​កំពូល​​លោក​សម្រេច​នេះ គឺ​លោក​ផ្អែក​លើ​ច្បាប់​ និង​ភ័ស្តុតាង​​គឺ​ជា​យុត្តិធម៌​សម្រាប់​កូនក្តី​ខ្ញុំ»។

កាល​ពីថ្ងៃ​ជំនុំ​ជម្រះនៅ​តុ​លា​កា​រ​កំពូល​ ស្រ្តី​​ជាប់​ចោ​ទបា​ន​ឆ្លើ​យ​ប្រាប់​ចៅ​​​ក្រមថា​ កាល​ពី​អំ​ឡុង​ឆ្នាំ ​២​០​១​៥ មាន​ស្រ្តី​ម្នាក់​ឈ្មោះ​សាន​ បានមក​អង្គុយ​លេង​នៅ​ផ្ទះ​របស់​គាត់ ​ហើយ​គាប់​ជួន​ពេល​នោះ​ស្រ្តី​ជា​បង​ថ្លៃ​របស់​​គាត់​នៅ​ប្រ​ទេស​ចិន​បាន​ទូរស័ព្ទ​មក​​គា​ត់​ ខណៈ​ស្រ្តី​ឈ្មោះ​ សាន​ ក៏​កំពុង​អង្គុយ​ក្បែរ​នោះដែរ​។​​ បន្ទាប់​ពី​បញ្ចប់​​ការ​សន្ទនា​តាមទូ​រស័ព្ទ​​ ស្រ្តី​ឈ្មោះ​សាន​បាននិ​យាយ​ជាមួយគាត់ថា​ បើ​មាន​បង​ប្អូន​នៅ​ចិន​ឲ្យជួយ​កូន​ស្រី​របស់​ស្រ្ដី​ឈ្មោះ ​ភាព​ ចំនួន ២ នាក់ឲ្យ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ផង។​

​ស្រ្តី​ជាប់​ចោទ​បន្ត​ថា​ ក្រោយ​មក​ស្ដ្រី ឈ្មោះសា​ន បា​ន​នាំនា​​​រី​ ២​ នាក់ ​ដោយ​ម្នាក់ ​ឈ្មោះ ​ប៉ាង​ ស្រី​ពៅ​ អាយុ​ ១​៧​ ឆ្នាំ​ និង​ម្នាក់​ឈ្មោះ​ ប៉ាង​ ណា​រី ​អាយុ​ ២៦ ឆ្នាំ​ ត្រូវ​ជា​កូន​រប​ស់​ស្រ្តី ឈ្មោះ ​ភាព​ ​ហើយ​គាត់ ​(ស្ត្រីជា​ប់ចោ​ទ​) ក៏បាន​ឲ្យលេ​ខ​ទូ​រ​ស័ព្ទ​រ​ប​ស់​បងស្រី​នៅចិ​ន​ទា​ក់​ទង​គ្នា​រហូ​ត​​​ជួ​យ​បាន​រៀបការ​ប្ដី​ទៅ​ចិន​តែម្ដង។​ ​

ប៉ុន្តែ ក្រោយពីនា​រី​រង​គ្រោះ ​ជា​ប្អូន​ទៅ​ប្រទេស​ចិន​បាន​ ១០ ខែ​ ក្នុង​ឆ្នាំ ២០១៦​ ក៏​បាន​ត្រឡប់​មក​ប្រ​ទេស​កម្ពុជា​វិញ ​ហើយ​ពេល​នោះ​ស្ត្រី​ឈ្មោះ​ភាព​ជា​ម្តាយ​នារី​រងគ្រោះ​គ្មាន​លុយ​ធ្វើ​ដំណើរ​មក​ទ​ទួល​​កូន​ក៏​ប្រាប់​ទៅ​អង្គការ​មួយ​នៅ​ក្នុង​ឃុំ​ឲ្យ​ជួយ​មក​ទ​ទួល​កូន​ជំនួស។​លុះ​ពេល​មក​ដល់​ផ្ទះ​ស្រាប់​តែ​អង្គការ​នោះ​ប្តឹង​ចាប់​គាត់​តែម្តង។

ស្រ្តី​ជាប់​ចោទ​និយាយ​ថា​ គាត់​ត្រូវ​បាន​សា​លា​ដំបូ​ង​ខេត្ត​បន្ទាយ​មានជ័យ​ប្រ​កាស​សាល​ក្រម​នៅថ្ងៃ​ទី​​ ១​៥ ​ខែ ​សី​ហា​ ឆ្នាំ ២​០​១​៧ ដោយ​ផ្តន្ទាទោស​ ១​៥ ​​ឆ្នាំ​ និង​បង្គាប់ឲ្យ​សង​ទៅ​នា​រី​រងគ្រោះ​ម្នាក់ៗ ៥ ​លានរៀល។​

បន្ទាប់មក​គាត់​ប្តឹង​មក​សា​លា​ឧទ្ធរណ៍​​ ហើយ​ក៏​ត្រូវ​សា​លា​ឧទ្ធរណ៍​ប្រកា​ស​សាល​ដី​កា​នៅ​ថ្ងៃ​ទី ​២​៥ ខែ​ មីនា​​ ឆ្នាំ​ ២​០​១​៨ ដោយ​តម្កល់​ទោស​ ១​៥ ​ឆ្នាំ​ដដែល​ ទើប​ឈាន​ដល់​ការ​​ប្ដឹង​សារ​ទុក្ខ​មក​កាន់​តុលាការ​កំពូល​តែម្ដង៕​