ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​សម្រេច​បង្គាប់​ឲ្យ​សាលាឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​នូវ​សំណុំ​រឿង​ស្ត្រី​ជាប់ចោទ​ម្នាក់​រឿង​នាំ​នារី​ខ្មែរ​ទៅ​រៀបការ​ប្តី​នៅ​ចិន ជា​ការ​សម្រេច​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១២ ខែ​វិច្ឆិកា ខណៈ​ដែល​រឿង​នេះ​ត្រូវ​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់គុក ៨ ឆ្នាំ​។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​លោក​ចៅក្រម​ ស៊ឹង បញ្ញាវុឌ្ឍ បាន​អាន​សាលដីកា​នៅ​ចំពោះ​ស្ត្រី​ជាប់ចោទ​​ថា ក្រោយពី​បាន​សួរ​ដេញដោល​ និង​ស្តាប់​ការសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​ និង​មេធាវី​ជនជាប់ចោទ​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់​ឃើញ​ថា​៖ «​សំណុំ​រឿង​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ វ៉ន ស្រីម៉ុម អាយុ​ ៣២ ​ឆ្នាំ​ដែល​តុលាការ​កំពូល​បើក​ការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១២ ​ខែ​វិច្ឆិកា​គឺ​ពេល​នេះ​តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំ​រឿង​នេះ​ឲ្យ​សាលាឧទ្ធរណ៍​ជម្រះ​ឡើង​វិញ ដោយសារ​មាន​ចំណុច​ខ្លះ​គឺ​សាលាឧទ្ធរណ៍​សម្រេច​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ​»​។

លោកស្រី អ៊ុង ស៊ីឡេត មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ជាប់ចោទ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា ការ​បង្វិល​សំណុំ​រឿង​កូនក្តី​លោកស្រី​ឱ្យ​ជម្រះ​ឡើងវិញ​នេះ​ជា​ការ​ល្អ ព្រោះ​សាលាឧទ្ធរណ៍​មិន​ទាន់​បាន​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​លើ​ការសម្រេច​របស់​សាលាដំបូង​ខេត្តកណ្តាល​។

លោកស្រី​ថ្លែង​ថា​៖ «​តុលាការ​កំពូល​បង្វិល​សំណុំ​រឿង​ទៅ​សាលាឧទ្ធរណ៍​នេះ​ជាការ​​ត្រឹមត្រូវ​ហើយ ព្រោះ​តុលាការ​កំពូល​យល់​ថា កាលពី​ជំនុំ​ជម្រះ​លើក​មុន មិន​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​»​។

គួរ​រំឭក​ថា​កាលពី​ថ្ងៃ​បើក​សវនាការ ស្ត្រី​ជាប់ចោទ វ៉ន ស្រីម៉ុម បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា ការចោទប្រកាន់​របស់​សមត្ថកិច្ច​ថា​គាត់​នាំ​នារី​រងគ្រោះ​ឲ្យ​ទៅ​រៀបការ​នៅ​ចិន​នោះ​គឺ​មិន​ពិត​ទេ តែ​គាត់​គ្រាន់​តែ​បាន​ឲ្យ​លេខ​ទូរស័ព្ទ​របស់​នារី​នេះ​ទៅ​បុរស​ម្នាក់​ឈ្មោះ ភូ តុងណាំ ប៉ុណ្ណោះ ដោយ​ដឹងថា​​បុរស​នោះ​ជា​អ្នក​រកស៊ី​រត់ការ​រឿង​នេះ​ស្រាប់​។ ស្រី​ ម៉ុម បញ្ជាក់​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ពិតជា​បាន​ផ្តល់​លេខ​ទូរស័ព្ទ​នារី​រងគ្រោះ​ឲ្យ​ទៅ​បុរស​នោះ​ពិតមែន​។ ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ដល់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មាន​កូន​តូច​ដល់​ទៅ​ ៦ ​នាក់​រស់នៅ​វេទនា​ណាស់​ជាមួយ​ជីដូន​ចាស់​»​។

តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញ​ថា កាលពី​អំឡុង​ឆ្នាំ ២០១៥ នារី​រងគ្រោះ ឈ្មោះ​ ស.រ.ថ អាយុ ២៥ ឆ្នាំ​មាន​បំណង​ទៅ​ប្រទេស​ចិន​រួច​ក៏​បាន​ទាក់ទង​ជាមួយ​ស្ត្រី​ជាប់ចោទ ហើយ​ដោយ​ស្ត្រី​ជាប់ចោទ​ស្គាល់​បុរស​ឈ្មោះ ភូ តុងណាំ ដែល​ជា​អ្នក​ធ្លាប់​រត់ការ​រឿង​នេះ​ក៏​ឲ្យ​លេខ​ទូរស័ព្ទ​នារី​រងគ្រោះ​ទៅ​បុរស​នោះ ហើយ​ក៏​ឈាន​ដល់​ការរត់ការ​រហូត​បាន​រៀបការ​ប្តី​ចិន​។

ប៉ុន្តែ​ដោយ​នារី​រងគ្រោះ​ជួប​បញ្ហា​ប្តី​ចិន​ធ្វើ​បាប​ក៏​ទូរស័ព្ទ​មក​ប្រាប់​ក្រុម​គ្រួសារ ហើយ​ដោយ​ចង់​បាន​កូនស្រី​ត្រឡប់​មក​កម្ពុជា​វិញ ម្តាយ​ឪពុក​នារី​រងគ្រោះ​បាន​ប្តឹង​ទៅ​នគរបាល​ខេត្ត​កណ្តាល ហើយ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ទៅ​សាលា​ដំបូង​ខេត្ត​កណ្តាល តែ​មិន​ទាន់​ឃាត់​ទេ​៕