ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃ​ទី ​២​ ខែ​ឧសភា​នេះ​ បាន​​លើក​ពេល​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​ម្នាក់​ដោយ​សារ​គ្មានមេ​ធាវី​ការ​ពារ ​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​ជាតិ​របស់​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែល​មាន​លោក​ សម​ សេរី ​ជា​មេច​លនា​ដែល​ទើប​ត្រូវ​បាន​ថៃ​ចាប់​ខ្លួន​ថ្មីៗ​នេះ​​។​

សវនា​ការ​នេះ​ មាន​លោក​ចៅក្រម​ ស៊ឹង​ បញ្ញា​វុឌ្ឍ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​និង​មាន​សហចៅ​ក្រម​៤​រូប​ រីឯជនជាប់ចោទ​ឈ្មោះ ហ៊ិ​ន​​ ចាន់​ អាយុ​​​៣៧​ឆ្នាំ។​ប៉ុន្តែ​បុរសរូបនេះ​​គ្មាន​មេធាវី​ការពារ​​ទេ​។​

លោក​ ស៊ឹង​ បញ្ញា​វុឌ្ឍ បាន​ថ្លែង​​ថា​៖​ «​រឿង​នេះ​តុលាការ​កំពូល​មិន​អាច​លើក​មក​ជំនុំ​ជម្រះ​​បាន​ទេ​ព្រោះ​តាម​នីតិវិធី​ច្បាប់​តម្រូវ​ឲ្យ​ជន​ជាប់ចោ​ទ​មា​ន​មេធាវី​។​ដូច្នេះ​ត្រូវ​លើក​ទៅ​ជំនុំ​ជម្រះ​នៅ​ពេល​ក្រោយ​វិញ »​។​

តាម​អង្គ​ហេតុ​​បង្ហាញ​ថា​ កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០១៤​​ ជន​ជាប់​ចោទ​ឈ្មោះ​ ហ៊ិន​​ ចាន់​ ​​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​រាជ​ធានី​ភ្នំពេញ​។​​ប៉ុន្តែ​ពេល​​ជិះ​រថ​យន្ត​ក្រុង​ដល់​រាជ​ធានី​ភ្នំពេញ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ចំណត​រថយន្ត​ឈ្នួល​ជ្រោយ​ចង្វារ​​ខណ្ឌ​ឫស្សី​កែវ​​នៅ​ថ្ងៃ​ដដែល​​និង​បានដក​ហូត​សៀវភៅ​ឯកសារ​ពាក់​ព័ន្ធ​នឹង​​ចលនា​នេះ​ជិត​​២​៦​០​​ក្បាល​និង​លិខិត​ឆ្លង​ដែន​ខ្មែរ​ក្លែង​ក្លាយ​ មួយ​ក្បាល​ផងដែរ​។

អង្គ​ហេតុ​បង្ហាញ​ទៀត​ថា​​ ក្នុង​សំណុំ​រឿង​នេះ​សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​និង​ចាប់​ខ្លួន​សមា​ជិក​នៃ​រណសិរ្ស​​២៣​នាក់។ក្នុង​នោះ​មាន​ជន​ជាប់​ចោទ​ម្នាក់​បាន​ស្លាប់​ក្នុង​ពន្ធ​នាគារ​និង​ម្នាក់​ទៀត​ត្រូវ​ដោះ​លែង​។

សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលា​ដំបូងរាជធានី​ភ្នំពេញ​​ ​ផ្តន្ទា​ទោស​​ឈ្មោះ ហ៊ិន​​ ចាន់​ ​ដាក់​គុក​៧​ឆ្នាំ ចោ​ទប​ទ​«​រួម​គំនិត​ក្បត់​ជាតិ​និង​ក្លែង​ឯក​សារ​សាធារណៈ​»​ កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា ​​ឆ្នាំ​​ ២០​១​៥។ ​​រីឯ​ជន​ជាប់​ចោទ​២០​នាក់​ទៀត​ត្រូវ​ផ្តន្ទាទោស​ចន្លោះ​ពី​៥​ឆ្នាំ​ទៅ​៩​ឆ្នាំ ​​ខណៈ​លោក​​ សម ​សេរី​ ដែល​ជា​មេចលនា​​ត្រូវ​ផ្តន្ទា​ទោស​កំបាំង​មុខ​ដាក់​គុក​៩​ឆ្នាំ​។​

កាល​ពី​ជំនុំ​ជម្រះ​ នៅ​តុលា​ការ​ថ្នាក់​ក្រោម ​ឈ្មោះ ហ៊ិន ចាន់ ​បាន​ឆ្លើយ​ថា ខ្លួន​បាន​ចូល​ជា​សមា​ជិក​ចលនា​នេះ​ ​តាំង​ពីមិនទាន់​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ ២០១២ មក​ម្ល៉េះ។ កាល​ពី​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ​២០១៤ ខ្លួន​បាន​នាំ​យក​សៀវ​ភៅ ​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ ​ជិត​ ២៦០ ក្បាល​ (សៀវ​ភៅ​កូន ​៧ ​មករា» ខាង​លើ​ពី​ប្រទេស​ថៃ​មក​ភ្នំពេញ​ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ជាំ​សាង៉ាំ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ។

ហ៊ិន ​ចាន់​ បាន​បញ្ជាក់​ថា ​គោល​បំណង​ការយក​សៀវភៅ​មក​កម្ពុជា​នេះ គឺ​ដើម្បី​​ចែក​​ចាយ​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​អំពី​គោល​នយោ​បាយ​ និង​កម្ម​វិធី​សំខាន់​ៗ​របស់​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ។ ក៏​ប៉ុន្តែ មិន​ទាន់​បាន​ចែក​ចាយ​ផង ខ្លួន​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​តែ​ម្តង​ ខណៈ​​កំពុង​ជិះ​តាក់​ស៊ី​មក​ដល់​រាជធា​នី​ភ្នំពេញ ៕