ភ្នំពេញៈ ភ្លាមៗ​បន្ទាប់​ពី​ជំនុំជម្រះ​ចប់​កាល​ពី​ម្សិល​មិញ​តុ​លា​ការ​កំ​ពូល​​បាន​សម្រេច​មិន​​អនុ​ញ្ញាត​ឲ្យ​អ​តី​ត​ចៅ​សង្កាត់​​រង​ទី​១ ​​ម្នា​ក់​ មក​ពី​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​នៅ​ក្រៅ​ឃុំ​ឡើយ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​បំផ្លាញ​ស្នាក់​ការ​គយ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ក្នុង​ជម្លោះរវាង​កម្មករអូស​រទេះ​និង​មន្ត្រី​គយ ​​ពី​ឆ្នាំ​ ២០១៥​ ខណៈ​បណ្តឹង​លើអង្គ​សេច​ក្តី​នៃរឿងនេះក៏​កំពុងនៅ​ក្នុង​នីតិវិធី​តុលាការ​កំពូល​ដែរ​នោះ។

លោក​ចៅ​ក្រម ស៊ឹង​ បញ្ញា​វុឌ្ឍ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជំ​នុំជម្រះ​បាន​អាន​សាល​ដី​កា​នៅ​ចំ​ពោះមុខ​ជន​ជាប់​ចោទ​ក្នុង​បន្ទប់​សវ​នា​ការ​ថា ​ក្រោយ​ពី​ជំ​នុំ​ជម្រះ​ ​និង​បន្ទាប់​ពី​បាន​ស្តាប់​ការ​ឆ្លើយ​បំ​ភ្លឺ​របស់​ជន​ជាប់​ចោទ​​ និង​ស្តាប់​ការ​សន្និដ្ឋាន​របស់​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​​មក​ ក្រុម​ប្រឹក្សាជំនុំជម្រះ សម្រេច​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ឈ្មោះ ​ចៅ ​​វាស​នា​​ ហៅ​​វែង​​ អា​យុ​​ ៥​៥​ ឆ្នាំ​ និង​​តម្កល់​សាល​ដី​កា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។​

លោក​ថ្លែង​ថា​​៖​ «​ការ​សម្រេច​សេចក្តី​របស់​តុ​លា​ការ​កំ​ពូល​ពេល​នេះ​ដោយ​សំ​អាង​ថា​ សំ​ណុំ​រឿង​ក្នុង​អង្គ​សេចក្តី​របស់​ជន​ជាប់​ចោទ​ កំពុង​ដំណើរ​ការ​នៅ​តុ​លាការ​កំពូល​ ហើយ​ការ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ គឺ​ដើម្បី​រក្សា​ជន​ជាប់​ចោទ​ក្នុង​ដំ​ណើរការ​​នីតិវិធី​របស់​តុលាការ»។

បន្ទាប់​ពីស្តាប់​ការ​ប្រ​កាស​​សាល​ដី​កាច​ប់​លោក​​ មេ​ធាវី ​​ជូង ​ជូ​ងី​ បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅក្រៅបន្ទប់សវនាការថា​​ ក​រ​ណី​នេះ​ លោក​មាន​ការ​សោក​ស្តាយ​ដែល​លោក​ចៅ​ វាស​នា ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ហ្នឹង​គឺ​សម​រម្យ​ដែល​តុ​លា​ការ​កំ​ពូល​អាច​អ​នុ​ញ្ញាតឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បាន។​

លោក​ថា​៖​ «​សំ​ណុំ​រឿង​របស់​លោក​​ចៅ​​ វា​សនា​ ក្នុង​អង្គ​សេចក្តី​បាន​ប្តឹង​សារ​ទុក្ខ​ដល់​តុលាការកំ​ពូល​ហើយ​ ហើយ​ក៏​មិន​ទាន់​ចូល​ជា​ស្ថាពរ​នៅ​ឡើយ​ដែរ​។​ ដូច្នេះ​បើ​ពេល​បើក​ស​វនា​ការ​សំ​ណុំ​រឿង​ក្នុង​អង្គ​សេច​ក្តី​ ហើយ​បើ​តុ​លា​កា​រ​កំពូល​យល់​ថា កូន​ក្តី​របស់​លោក​​មាន​ទោស​ក៏​វា​មិន​ហួស​ពេល​ដែរ»។

កាល​ពី​ជំ​នុំ​ជម្រះ​នៅថ្ងៃម្សិលមិញ​​នេះ​​​ លោក​​មេ​ធា​វី​ ជូង​​ ជូ​ងី ​​បាន​ប្រាប់​ចៅក្រម​ថា​ កូន​ក្តី​របស់​លោក​សុំ​តុ​លា​ការ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​ ដោយ​សារ​គាត់​មាន​ជំ​ងឺ​ជាតិ​ពុល​ក្នុង​ឈាម​ បញ្ហា​ថ្លើម ​និង​កន្លង​មក​គាត់​មាន​រោគ​ខ្នែង​ពោះ​វៀន​ផង។​

រី​ឯ​លោក​ ចៅ​ វាស​នា ​ ​ក៏​បាន​ប្រាប់​ចៅ​ក្រម​ដែរ​ថា ​​គាត់​មាន​ជំ​ងឺ​ដូច​អ្វី​ដែល​លោក​មេ​ធា​វី​របស់​លោក​បាន​រៀប​រាប់​ប្រាប់​តុលាការ​អ៊ីចឹង។​

លោក​បានបញ្ជាក់ថា​៖​ «​ខ្ញុំ​មាន​លំ​នៅ​​ច្បាស់​លាស់​ មាន​មុខ​របរ​ត្រឹម​ត្រូវ​ ហើយ​ខ្ញុំ​មិន​គេច​ខ្លួន​ទៅ​ណា​ទេ»។

លោក​ ចៅ​ វាស​នា​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ក្រោយ​ពី​មាន​ការ​ស្រាវ​ជ្រាវ​ពី​សមត្ថកិច្ច​​ថា​ បាន​ចូល​រួម​ក្នុង​ជម្លោះ​រវាង​កម្ម​ក​រ​អូស​រទេះ​ និង​​មន្រ្តី​គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ក្រុង​​ប៉ោយប៉ែត ​​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី ​២​៥​​ ឧសភា​ ឆ្នាំ ២០១៥។​

ក្រោយ​ពី​ជាប់​ឃុំ​បណ្តោះ​អាសន្ន​​មក ​​លោក​​ ចៅ ​វាសនា ​បាន​ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ ​ខណៈ​សំ​ណុំ​រឿង​ក្នុង​អង្គ​សេច​ក្តី​ ត្រូវបាន​សា​លា​ដំ​បូង​ខេត្ត​បន្ទាយមាន​ជ័យ​លើក​ទៅ​ជំ​នុំ​ជម្រះ​មុន​ ហើយ​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​​ ៥​ ឆ្នាំ​ ដោយចោទ​ប្រកាន់ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ សម​គំ​និត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយចេតនា​​ និង​បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​​សាធារណៈ​របស់​រដ្ឋ។​

ដោយ​មិន​សុខ​ចិត្ត​នឹង​ការ​ផ្តន្ទា​ទោស​នេះ​លោក ​​ចៅ ​វាសនា​ បាន​ប្តឹង​ទាស់​មក​សា​លាឧទ្ធរណ៍​ ហើយ​នៅ​ថ្ងៃ​ទី​ ១​៩​ តុ​លា​ ឆ្នាំ​​ ២​០​១​៨​ ត្រូវ​សា​លា​ឧទ្ធរ​ណ៍​​តម្កល់​សាល​ក្រម​សាលា​ដំ​បូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទើប​មាន​ការ​ប្ដឹង​សារ​ទុក្ខ​មក​កាន់​តុលាការ​កំពូល​បន្ត​ទៀត៕