ភ្នំពេញៈ តុលាការកំពូលពីម្សិលមិញប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍ដោយបង្គាប់ឲ្យភ្នាក់ងារកាសែតរស្មីកម្ពុជាម្នាក់ប្រចាំខេត្តរតនគិរីសង ១០ លានរៀលទៅអតីតមេប៉េអឹមស្រុកបកែវ និងពិន័យ ១ លានរៀលចូលរដ្ឋ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៩ កុម្ភៈ ពាក់ព័ន្ធការសរសេរអត្ថបទរឿងកាប់រានដីព្រៃកាលពីឆ្នាំ ២០១៣។
ក្នុងបន្ទប់សវនាការពីម្សិលលោកចៅក្រម គង់ ស្រ៊ីម បានអានសាលដីកាកំបាំងមុខដើមបណ្តឹង និងចុងចម្លើយថា សំណុំរឿងនេះមានជនជាប់ចោទ [ជាដើមបណ្ដឹងសារទុក្ខ] ឈ្មោះ ប្រាក់ សុវណ្ណ និងចុងចម្លើយឈ្មោះ ផុន ជ័យ ។ ក្រោយពីតុលាការកំពូលជំនុំជម្រះពីថ្ងៃទី ១៩ កុម្ភៈ មកតុលាការយល់ឃើញថា សារណាដែលលោក ប្រាក់ សុវណ្ណ ដាក់ចូលតុលាការកំពូលនោះរៀបរាប់ថា អត្ថបទចេញផ្សាយពាក់ព័ន្ធលោក ផុន ជ័យ នោះគឺបានដាក់អ្នកសរសេរឈ្មោះ បាន លុង មិនមែន ឈ្មោះ ប្រាក់ សុវណ្ណ ទេ។
ប៉ុន្តែលោកចៅក្រមថ្លែងថា៖ «ក្រោយតុលាការពិចារណាគឺឈ្មោះ បាន លុង គ្រាន់តែដាក់កុំឲ្យគេស្គាល់ឈ្មោះអ្នកសរសេរប៉ុណ្ណោះ តែសេចក្តីរាយការណ៍បានពីលោក ប្រាក់ សុវណ្ណ។ ដូច្នេះគាត់ជាអ្នកប្រព្រឹត្ត»។
លោកចៅក្រមបន្តថាកាលនៅសាលាដំបូងខេត្តរតនគិរីលោក ប្រាក់ សុវណ្ណ ធ្លាប់បានប្រាប់ចៅក្រមថា អ្នកពាក់ព័ន្ធរឿងដីធ្លីនោះឈ្មោះ សុក ជ័យ មិនមែនឈ្មោះ ផុន ជ័យ ទេ។ ចំណុចនេះបានន័យថា លោក ប្រាក់សុវណ្ណ ពិតជាដឹងថា លោក ផុន ជ័យ មិនបានពាក់ព័ន្ធរឿងនោះទេ។
លោកថា៖ «តុលាការកំពូលមិនឯកភាពដូចការលើកឡើងរបស់លោក ប្រាក់ សុវណ្ណ ក្នុងសារណាទេ និងសម្រេចតម្កល់សាលដីការបស់ឧទ្ធរណ៍...»។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ប្រាក់ សុវណ្ណ បានប្រាប់តាមទូរស័ព្ទថា លោកសោកស្តាយនឹងសាលដីកាតុលាការកំពូលនេះ ព្រោះលោកគ្មានលទ្ធភាពសងប្រាក់ ១០ លានរៀលទៅឲ្យភាគីលោក ផុន ជ័យ ទេ។ អ្វីដែលលោកសរសេរកាលនោះដោយសារបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋថា ឈ្មោះ ជ័យ ជាអ្នកកាប់រានដីព្រៃ ហើយលោកក៏បានទូរស័ព្ទសួរបញ្ជាក់ថា លោកឈ្មោះ ផុន ជ័យ មែនទេ គាត់ឆ្លើយថាបាទ។
ដោយសំអាងថាបានសម្ភាសជាមួយគាត់ហើយលោកក៏យកសម្តីគាត់ចុះក្នុងអត្ថបទទៅ។ ដល់ពេលផ្សាយរួច ទើបដឹងថាអ្នកនោះមិនមែនឈ្មោះ ផុន ជ័យ ទេគឺឈ្មោះ សុក ជ័យ។
លោកថា៖ «វាជារឿងរបស់អង្គភាពហើយលោក ប៉ែន សមិទ្ធិ ក៏ស្លាប់បាត់ឲ្យយើងទទួលខុសត្រូវទាំងស្រុងម៉េចកើត។ ខ្ញុំសូមក្រសួងយុត្តិធម៌ជួយផ្តល់យុត្តិធម៌ដល់ខ្ញុំ ពិសេសសម្តេច ហ៊ុន សែន ដែលតែងលើកលែងដល់អ្នកសារព័ត៌មាន»។
តាមកំណត់ហេតុរបស់តុលាការបង្ហាញថា លោក ប្រាក់ សុវណ្ណ អាយុ ៤៥ ឆ្នាំជាភ្នាក់ងារយកព័ត៌មានឲ្យកាសែតរស្មីកម្ពុជាបានសរសេរចុះផ្សាយក្នុងទំព័រកាសែតរបស់ខ្លួនពាក់ព័ន្ធឈ្មោះ ផុន ជ័យ ជាអតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកបកែវ ខេត្តរតនគិរីថា បានកាប់រានដីព្រៃរដ្ឋទំហំ ៨០ ហិកតាក្នុងស្រុកលំផាត់កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៣។ បន្ទាប់ពីចុះផ្សាយរួចលោក ផុន ជ័យ បានទាមទារឲ្យលោក ប្រាក់ សុវណ្ណ ផ្សាយកែតម្រូវវិញ។
ប៉ុន្តែលោក ប្រាក់ សុវណ្ណ ទាមទារឲ្យលោក ផុន ជ័យ រកភ័ស្តុតាងបញ្ជាក់ឲ្យច្បាស់សិនតែកាលនោះលោក ផុន ជ័យ មិនបានផ្តល់ភ័ស្តុតាងតាមការទាមទារនោះទេ ហើយលោក ប្រាក់ សុវណ្ណ ក៏មិនចុះផ្សាយកែតម្រូវឲ្យដែរ។
កំណត់ហេតុបន្តថា ដោយសារតែគ្មានការចុះផ្សាយកែតម្រូវបែបនេះលោក ផុន ជ័យ ក៏បានដាក់ពាក្យបណ្តឹងប្តឹងលោក ប្រាក់ សុវណ្ណ ទៅសាលាដំបូងខេត្តរតនគិរីដោយទាមទារសំណង ២០ លានរៀល។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តរតនគិរី ប្រកាសសាលក្រមនៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០១៤ ដោយសម្រេចឲ្យលោក ប្រាក់ សុវណ្ណ សងទៅលោក ផុន ជ័យ ចំនួន ១០ លានរៀល និងពិន័យប្រាក់ ១ លានរៀលចូលថវិការដ្ឋចោទពីបទផ្សាយព័ត៌មានមិនពិតតាមមាត្រា ១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន។ ប៉ុន្តែដោយមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តរតនគិរីនេះ លោក ប្រាក់ សុវណ្ណ បានប្តឹងទាស់ទៅកាន់សាលាឧទ្ធរណ៍ តែត្រូវឧទ្ធរណ៍ប្រកាសសាលដីកាកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥ ដោយតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោមឲ្យនៅដដែល។ ក៏ប៉ុន្តែដោយនៅតែមិនសុខចិត្ត លោក ប្រាក់ សុវណ្ណ ក៏បន្តប្ដឹងមកតុលាការកំពូលតែម្ដង៕