ភ្នំពេញៈ តុលាការ​កំពូល​ពីម្សិលមិញ​បាន​ប្រកាស​សាល​ដីកា​សំណុំរឿង​ស្ត្រី​ជាប់​ចោទ​ម្នាក់ដោយ​សម្រេច​ស៊ើប​អង្កេត​ឡើង​វិញ (ចាត់​របៀប) បន្ទាប់​ពី​ជំនុំ​ជម្រះ​អ​សាធា​រណៈ​កាល​ពី​ថ្ងៃ​ទី ៩ មករា ពាក់ព័ន្ធ​នឹង​ការ​នាំ​ក្មេង​ស្រី (គ) មិន​គ្រប់​អាយុ​ម្នាក់​ឲ្យ​បុរស​ម្នាក់​រំលោភ​សេព​សន្ថវៈ​ប្រព្រឹត្ត​ក្នុង​ឆ្នាំ ២០១៣ នៅ​រាជធានី​ភ្នំពេញ។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ លោក​ចៅក្រម សឹង បញ្ញាវុឌ្ឍ បាន​អាន​សាល​ដីកា​ចំពោះ​មុខ​ស្ត្រី​ជាប់​ចោទ​និង​កំបាំង​មុខ​ក្មេង​ស្រី​រង​គ្រោះ​ថា ក្រោយ​ពី​បាន​ស្តាប់​ការ​សន្និដ្ឋាន​របស់​តំណាង​មហា​អយ្យការ​និង​ស្តាប់​ការ​សន្និដ្ឋាន​របស់​មេធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​និង​ក្រោយ​ស្តាប់​ចម្លើយ​របស់​ក្មេង​ស្រី​រង​គ្រោះ​និង​ស្ត្រី​ជាប់​ចោទ​ពេល​សវនាការ​មក ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​យល់​ឃើញ​ថា៖ «សំណុំ​រឿង​នេះ​ហាក់​មិន​ទាន់​មាន​ភ័ស្តុតាងឲ្យ​បាន​ច្បាស់​លាស់​ទាក់ទង​នឹង​ស្ត្រី​ជាប់​ចោទ​ទេ។ដូច្នេះ​តុលាការ​កំពូល​សម្រេច​ចាត់​របៀប​សំណុំ​រឿង​នេះ​ឡើង​វិញ»។

បន្ទាប់ពី​ប្រកាស​សាលដីកា​នេះ ស្ត្រី​ជាប់ចោទ ឈ្មោះ អែម សុភា អាយុ ៥៤ ឆ្នាំ មិន​អាច​សុំ​អត្ថា​ធិប្បាយ​បាន​ទេ ប៉ុន្តែ​កាល​ពី​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ​អសា​ធា​រណៈ​នា​ថ្ងៃទី ៩ មករា​ឆ្នាំ ២០១៩ ស្ត្រី​ជាប់​ចោទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំបូង​ឡើយ​គាត់​មាន​កូន​ស្រី​ម្នាក់​ជា​មនុស្ស​គ​រៀន​នៅ​សាលា​គ​ថ្លង់​ជាមួយក្មេង​ស្រី​រង​គ្រោះ (ស.គ) អាយុ ១៤ ឆ្នាំ ក្នុង​ខណ្ឌ​ច្បារអំពៅ។

ស្ត្រី​ជាប់ចោទ​បន្តថា​ពេល​ចូលរៀន​នោះ​កូន​របស់គាត់​និង​ក្មេងរងគ្រោះ​ជា​ពួកម៉ាក​គ្នា​ហើយ​ក្មេង​រង​គ្រោះ​ឧស្សាហ៍​ទៅ​លេង​ផ្ទះ​គាត់​នៅ​ចាក់​អង្រែ​ក្រោម។នៅ​ថ្ងៃ​មួយ​ក្មេង​រង​គ្រោះ​បាន​ស្នាក់​នៅ​ផ្ទះ​គាត់ ១ យប់​ដោយ​គាត់​ឲ្យ​នាង​ដេក​ជាមួយ​កូន​ស្រី​គាត់​ហើយ​មិន​បាន​ប៉ះពាល់​អ្វី​ដល់​ក្មេង​រង​គ្រោះ​ទេ។ ប៉ុន្តែ ២ ខែ​ក្រោយ​មក​មាន​អង្គការ​មួយ​ឈ្មោះ​ក្តី​សង្ឃឹម​ថ្មី​នៃ​កុមារ​កម្ពុជា​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​គាត់​តែ​ម្តង។

សំណុំ​រឿងនេះ បើតាម​ស្ត្រី​ជាប់ចោទ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពេលបើក​សវនាការ​ថា​គាត់​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​កាល​ពី​​ខែ​កុម្ភៈ ឆ្នាំ ២០១៤ ដាក់​ពន្ធនាគារ ១៥ ឆ្នាំ​ចោទ​ពី​បទ​លក់​ដូរ​មនុស្ស​ដោយ​មាន​គោល​បំណង​និង​រំលោភ​សេព​សន្ថវៈ​តាម​មាត្រា ១៥ នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្សនិង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។

ស្ត្រី​ជាប់ចោទ បាន​ប្រាប់ថា៖ «តាម​ពាក្យបណ្តឹង​ថា គេ​ហែកដៃ ហែក​ជើង​នាង​រំលោភ ប៉ុន្តែ​តាម​ពិត​គ្មាន​ទេ។ ព្រោះ​ពេល​បើក​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មាន​សាក្សី​ចូល​បំភ្លឺ រីឯ​លិខិត​កោសល្យ​វិច័យ​វិញ​មាន​ស្នាម​កោស​លុប​ផង ខ្ញុំ​ពិត​ជា​មិន​បាន​ធ្វើ​អ្វី​លើ​ក្មេង​ស្រី​ម្នាក់​នេះ​ទេ...»។

កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្តិ៍មិនអាច​ទាក់ទង​ទៅ​អង្គការ​ក្តីសង្ឃឹម​នៃ​កុមារ​កម្ពុជា​បាន​ទេ ប៉ុន្តែ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៤ លោក​ សុខ ផល្លា នាយក​ប្រតិបត្តិ​នៃ​អង្គការ​នេះ​ធ្លាប់​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ជន​រង​គ្រោះ​រូបនេះ​គឺជា​ក្មេង​កំព្រា​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​តាំង​ពី​កំណើត​ដោយ​ឪពុក​ម្តាយ​នាង​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​នៅ​ខេត្ត​កោះកុង​តាំង​ពី​នាង​អាយុ ៥ ខែ។កាល​ពី​ឆ្នាំ ២០០៧ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​អង្គការ​ក្តី​សង្ឃឹម​ថ្មី​យក​ទៅ​ចិញ្ចឹម​ក្នុង​មណ្ឌល​ក្តីសង្ឃឹម​ថ្មី​នៅ​ខេត្ត​កំពង់ស្ពឺ​ហើយ​ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​មក​ស្នាក់​ក្នុង​មណ្ឌល​ក្តីសង្ឃឹម​ថ្មី​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​ដើម្បី​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​សិក្សា​ភាសាគ​ថ្លង់​ជាមួយ​នឹង​កុមារ​គ-ថ្លង់ ​ជាច្រើន​រូប​ទៀត​ក្នុង​សង្កាត់ ច្បារអំពៅ ខណ្ឌ​មានជ័យ។

លោក សុខ ផល្លា ធ្លាប់បាន​បញ្ជាក់ថា៖ «នៅ​ថ្ងៃទី១៥ ខែ មិថុនា​ឆ្នាំ ២០១៣ (ស្រី​គ) បាន​បាត់​ខ្លួន​ពី​មណ្ឌល​ដោយ​មិន​ដឹង​ដំណឹង​អ្វី​ទាំង​អស់​ធ្វើ​ឲ្យ​ខ្ញុំ​និង​បុគ្គល​ទាំង​អស់​ព្រួយ​បារម្ភ​និង​បាន​ចែក​គ្នា​ដើរ​តាម​រក​នាង។ លុះ​ដល់​ថ្ងៃទី១៨ ខែ​មិថុនា​ឆ្នាំ២០១៣ ទើប​នាង​វិល​ត្រឡប់ មក​កាន់​មណ្ឌល​វិញ​ដោយ​មាន​អាការ​ស្លេក​ស្លាំង​និង​មាន​ស្នាម​ដំបៅ​នៅ​ត្រង់​កដៃ​និង​ជើង»។

លោក​ ផល្លា បន្ថែមថា បន្ទាប់ពី​ការសាកសួរ «ស្រី​គ» បាន​ឲ្យ​ដឹងថា​នាង​ត្រូវ​បាន​ស្ត្រី​ជាប់​ចោទ​ឈ្មោះ អែម សុភា ចាប់​ចង​ដៃ​ចង​ជើង​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ហើយ​បាន​នាំ​យក​ទៅ​ឲ្យ​រួម​ភេទ​ជាមួយ​បុរស​ចំណាស់​ម្នាក់​ដែល​ជា​ដៃគូ​លេង​ល្បែង​របស់​គាត់​នៅ​ប៊ុលឌីង​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា​ឆ្នាំ ២០១៣។បន្ទាប់​ពី​ការ​រួម​ភេទ​រួច​ស្ត្រី​ជាប់​ចោទ​អែម​សុភា បាន​ប្រគល់​លុយ​ឲ្យ​នាង​គ​ត្រឹម​តែ ២ ពាន់​រៀល​ប៉ុណ្ណោះ។

លោក​សុខ ផល្លា បានបញ្ជាក់​ទៀតថា៖ «យោងតាម​ការធ្វើ​កោសល្យ​វិច័យ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ទៅ​លើ​ប្រដាប់​ភេទ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ថា ប្រដាប់​ភេទ​របស់​នាង​មាន​ស្នាម​របួស​ដែល​បណ្តាល​មក​ពី​ការ​រំលោភ​សេព​សន្ថវៈ»។

ករណីនេះ អង្គការ​ក្តីសង្ឃឹម​ថ្មី​ក្នុងនាម​ជា​អាណាព្យាបាល​របស់​ក្មេងស្រី​រងគ្រោះ​បាន​ប្តឹង​ទាម​ទារ​ជំងឺ​ចិត្ត​ពី​ស្ត្រី​ជាប់​ចោទ​ចំនួន ២០ លាន​រៀល និង​សុំ​ឲ្យ​តុលាការ​ផ្តន្តាទោស​ស្ត្រី​ជាប់​ចោទ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាមផ្លូវ​ច្បាប់៕