ភ្នំពេញៈ តុ​លា​កា​រ​កំ​ពូល​កាល​ពី​ម្សិលមិញ​​​បាន​ប្រ​កាស​​សាល​ដី​កា​​សម្រេច​បង្វិល​សំ​ណុំរឿងកាប់មនុស្សស្លាប់នៅ​ផ្សារ​អូឡាំពិក​រាជធានី​ភ្នំពេញ ឲ្យ​សា​លា​ឧទ្ធរ​ណ៍​ជំ​នុំ​ជម្រះ​ឡើង​វិញ​ បន្ទាប់​ពី​បើកស​វនា​ការ​កាល​ពី​ថ្ងៃ​ទី​ ១​៧ មិ​ថុ​នា​ ដោយ​មកពី​យល់​ថា​ អង្គហេតុ​នៃ​សំ​ណុំ​រឿង​​នេះ​នៅ​ខ្វះ​ចន្លោះ​មិន​អាច​ឲ្យ​តុលាការ​កំពូល​វិនិច័្ឆយ​បាន។

លោ​ក​ស្រី​​ ចៅ​ក្រម​ គិម​ ស​ត្ថា​វី​ បាន​អាន​សាល​ដី​​កា​កំ​បាំង​មុខ​ជន​ជាប់​ចោទ ​(គេច​ខ្លួន​)​ និង​កំ​បាំង​មុខ​មេ​ធា​វី​ថា សំ​​ណុំ​រឿង​ដែល​មាន​ជន​ជាប់​​ចោទ​ឈ្មោះ​ សៅ​ សុ​ផាន់​ថង​​ ​​ដែល​តុលាការកំពូល​បាន​ជំ​នុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​ ១​៧ ​​មិ​ថុ​នា​​ គឺ​ក្រោយ​ពី​បាន​ពិភា​ក្សាម​ក​ ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​យល់​ឃើញ​ថា​ ការ​សម្រេច​​សេចក្តី​របស់​សា​លា​​ឧទ្ធរណ៍​កន្លង​​មក​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ។​​

លោក​ស្រី​ចៅ​ក្រម​ ថា​៖ ​«​ដូច​នេះ​តុ​លា​ការ​បង្វិល​ទៅ​សា​លា​ឧទ្ធរណ៍​ជំ​នុំ​ជម្រះ​ជា​ថ្មី​ឡើង​វិញ»។

ពាក់​ព័ន្ធ​នឹង​ការ​បង្វិល​សំ​ណុំ​រឿងឲ្យ​ឧទ្ធរណ៍​ជំនុំជ​ម្រះ​ឡើង​វិញ​នេះ​ ភ្នំ​ពេញ​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​​មេ​ធា​វី​​រ​បស់​ជន​ជាប់​ចោទ​គឺ​លោក​ស្រី​ សំ​ផុន​​ សុ​ផា​រ័ត្ន​​ កាល​ពី​ម្សិល​មិញ​ដែរ​ តែ​លោក​ស្រី​ថា​ មិន​មាន​យោ​បល់​ណា​មួយ​ជុំ​វិញ​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ​ទេ។​

តាម​កំ​ណត់​ហេតុ​តុ​លា​ការ​បាន​បង្ហាញ​ថា​ នៅ​យប់​ថ្ងៃ​ទី ១​១ ​ខែ​កក្កដា​​ឆ្នាំ​ ២​០​១៣​ មាន​មនុស្ស​ ២​ ក្រុម ដែល​ក្នុង ​១ ក្រុម ​មាន​គ្នា​​ពី ​​៥ ​ទៅ​ ៦ ​នាក់​​បាន​ជុំ​គ្នា​ផឹក​ស៊ី​នៅ​កន្លែង​មួយ​ម្តុំ​ផ្សារ​អូឡាំពិក​​រាជធានី​ភ្នំពេញ។​

ពេល​កំ​ពុង​ផឹក​ស៊ី​នោះ​​ភា​គី​ឈ្មោះ​​ សៅ​ សុផាន់ថង ​និង​ជន​រង​គ្រោះ​​ឈ្មោះ​ ប៊ុន ​គីម​ស៊ន​ អា​យុ​ ២៤ ឆ្នាំ​បាន​ទាស់​សម្តី​គ្នា ​​ហើយ​បន្ទាប់​មកក៏​បែក​គ្នា​ទៅ។ ​ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក​​ ស្រាប់​តែ​ជន​ជាប់​​ចោទ ​​សៅ​ សុ​ផាន់​ថង ​បាន​ជិះ​ម៉ូ​តូ​ ២ គ្រឿង​ ត្រឡប់​មក​វិញ​ដោយ​មនុស្ស​នៅ​លើ​​ម៉ូ​តូ​មាន​កាន់​ដាវ​និង​កាំ​បិត​ហើយបានមកកាប់​លើ​ជន​រង​គ្រោះ​ត្រូវ​ក្បាល​ជា​ច្រើន​កន្លែង​បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់​​ ហើយ​ត្រូវ​គ្នា​គ្នីរ​បស់​ជន​រងគ្រោះ​​ដឹក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​កាល់ម៉ែត។​

បើ​តាម​​​លោក ​ប៊ុន​ គឹ​ ជា​ឪ​ពុក​របស់​​ជន​រង​គ្រោះ​ដែល​បាន​ឆ្លើយ​បំ​ភ្លឺ​​ក្នុង​សវ​នា​ការ​កាល​ពីថ្ងៃ​ទី​ ១​៧ ​មិ​ថុ​នា​​ ថា​ ក្រោយ​ដឹង​ឮថា​កូន​ត្រូវ​​គេ​កាប់​​​ គាត់​ក៏បាន​​ធ្វើ​ដំណើរ​ពី​ខេត្ត​កំ​ពង់​ឆ្នាំង​មក​មើល​កូន​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​។ប៉ុន្តែ​ដេក​ពេទ្យ​បាន​ ១ ​យប់​ ១ ​ថ្ងៃ​ កូន​របស់​គាត់​ក៏​ស្លាប់​ទៅ​ដោយ​សារ​តែរ​បួស​ធ្ងន់​ពេក។​

បន្ទាប់​មក ​ដោយ​ស្គាល់​ឈ្មោះ​ជន​ជាប់​ចោទ​ គាត់​ក៏​បាន​ស្រាវ​​ជ្រាវ​តាម​បណ្តាញ​សង្គម​ហើយ​បាន​ឃើញ​គ​ណ​នីហ្វេ​សប៊ុក​របស់​ជន​ជាប់​​ចោទ​ទើប​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​អូឡាំ​ពិក រហូត​មាន​ការ​បញ្ជូន​សំណុំ​រឿងបន្ត​​ទៅ​សា​លា​ដំបូងរា​ជធានី​ភ្នំពេញ។​​

សំ​ណុំ​រឿង​នេះ​ត្រូវ​សា​លា​ដំ​បូង​រា​ជ​ធា​នី​ភ្នំ​​ពេញ​ប្រ​កាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​​ ១​២​ ខែ​សី​ហា​ ឆ្នាំ​​ ២​០​១​៥​ ដោយផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ៩ ឆ្នាំ​ ដោយ​ឲ្យ​សង​សំ​ណង​ ៦​០ ​លាន​រៀល​ ចោទ​​ពី​បទ​ហិង្សា​ដោយ​​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ដោយសារ​មរណ​ភាព​នៃ​ជន​រង​គ្រោះ​​និង​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​ស្វែង​រក​ចាប់​ខ្លួន​ជន​ជាប់​ចោទ​។​

ដោយ​មិន​សុខ​ចិត្ត​ ភាគីជន​ជាប់​​ចោទ​បាន​ពឹង​មេធាវី​ប្តឹង​ទាស់​​ទៅ​សា​លា​ឧទ្ធរណ៍​ ហើយ​ត្រូវ​សាលា​ឧទ្ធរណ៍​​ប្រ​កាស​សាលដី​កា​​នៅ​ថ្ងៃ​ទី ​២​៣ ​មីនា ​​ឆ្នាំ​​ ២​០១​៧ ​ផ្តន្ទា​ទោស​៧ឆ្នាំ​វិញ​ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​ជន​ជាប់​ចោទ។ ប៉ុន្តែ​ដោយ​សារ​ភាគីទាំង ២ ​មិន​សុខ​ចិត្ត​ក៏បាន​ពឹង​មេធាវី​ប្ដឹង​សារ​ទុក្ខ​មក​តុលាការ​កំពូល​បន្ត​ទៀត៕