ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បានបង្ហាញ​មតិយោបល់​ និង​សំណូមពរ​របស់​មហាជន​ដែល​ផ្ញើមក​គេហទំព័រ​ហ្វេសប៊ុក​របស់លោក​ និង​អង្គភាព​ពាក់ព័ន្ធ​ចំណុះឱ្យ​ក្រសួង​នៅក្នុង​ខែកញ្ញា​ឆ្នាំនេះ ដែល​មាន​ចំនួន​ ៧៣ ​ករណី​ក្នុង​នោះបាន​ដោះស្រាយ​រួច​ចំនួន ១១ ករណី​។

លោក ស ខេង បាន​សរសេរ​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី​ ១២ ខែតុលា ​ថា​៖ «​ខ្ញុំ​សូម​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការឆ្លើយតប​ចំពោះ​មតិយោបល់ កង្វល់​ និង​សំណូមពរ​នានា​របស់​មហាជន​ជាមួយ​ក្រុមការងារ​ទំព័រ​ហ្វេសប៊ុក​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ ក្នុង​ន័យ​រួមគ្នា​ដើម្បី​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​»​។

លោក ជា សុគន្ធា ប្រធាន​ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​មតិយោបល់​ ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​លោក ស ខេង ថ្លែង​កាលពី​ម្សិលមិញ​ថា សម្រាប់​ខែ​កញ្ញា​កន្លងទៅ ក្រុម​ការងារ​បានទទួល​មតិ​យោបល់ និង​សំណូមពរ​ពី​មហាជន​សរុប​ចំនួន ៧៣ ករណី​ក្នុង​នោះបាន​ដោះស្រាយ​រួច​ចំនួន​ ១១ ករណី​ហើយ​។

ដោយឡែក​ក្នុងចំណោម មតិយោបល់ និង​សំណូមពរ​របស់​មហាជន​ផ្ញើមក​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង និង​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ឱ្យ​ក្រសួង​សម្រាប់​ខែកក្កដា និង​ខែ​សីហា​កន្លងមក​គឺ​មាន​ចំនួន ៣៣៧ ​ករណី​ត្រូវបាន​ដោះស្រាយ​រួច​នៅ​សល់​តែ ១៣៦ ​ករណី​ទៀត​ ដែល​មន្ត្រី​ជំនាញ​កំពុង​បន្ត​ដោះស្រាយ​។

លោក​ថ្លែងថា​៖ «​មតិយោបល់​ និង​សំណូមពរ​ដែល​មហាជន​ដាក់​មក​ដែល​នៅសល់​មិនទាន់​ដោះស្រាយ​រួច​នេះ ភាគច្រើន​ជា​បញ្ហា​ទំនាស់​ដីធ្លី និង​ការអាក់អន់​ស្រពន់​ចិត្ដ​ជាមួយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ដែល​បម្រើ​ពួកគាត់ (​ពលរដ្ឋ​) មិនបាន​ល្អជា​ដើម​។ យើង​បាន​បញ្ជូន​ករណី​សេសសល់​ទាំងនេះ ទៅតាម​ខេត្ដ​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ និង​ធ្វើការ​កែសម្រួល​ហើយ​»​។

លោក សុគន្ធា បញ្ជាក់ថា ក្នុង​ចំណោម​មតិ និង​សំណូមពរ​មហាជន​មួយចំនួន ដែល​អូសបន្លាយ​ពេល​យូរ​នេះ វា​ជា​ប្រភេទ​រឿង​បញ្ហា​វិវាទ​ដីធ្លី ដែល​ក៏​ត្រូវ​ដោះស្រាយ​ទៅតាម​នីតិវិធី​តុលាការ​ដែរ​។

លោក អំ សំអាត ​នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​លោក ស ខេង ដែល​បាន​ខិតខំ​ជំរុញ​ឱ្យ​មាន​ក្រុម​ការងារ​សម្រាប់​ដោះស្រាយ មតិយោបល់ និង​សំណូមពរ​របស់​មហាជន​ផ្ញើមក​គេហទំព័រ​ហ្វេសប៊ុក​របស់លោក​ និង​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ឱ្យ​ក្រសួងមហាផ្ទៃ​បែបនេះ​។

លោក​បាន​ថ្លែងថា​៖ «​បញ្ហាសំខាន់ គឺ​ទាក់ទង​ទៅនឹង​ដំណោះស្រាយ​ទេ​។ យើង​ទទួល​ស្គាល់​ថា រឿង​ខ្លះ​ត្រូវមាន​ដំណោះស្រាយ​ឆាប់ ហើយ​រឿង​ខ្លះ​ក៏មាន​នីតិវិធី​ក្នុង​ការដោះស្រាយ​។ ទោះបី​យ៉ាងណា​ក៏ដោយ​សូម​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បន្ត​នីតិវិធី​ក្នុង​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​ជា​បន្តទៅទៀត ព្រោះ​យើង​ជឿជាក់ថា​រឿង​ទាំងអស់​មិនមែន​អាច​ដោះស្រាយ​បាន​ភ្លាមៗ​ទេ​ទាល់តែ​សិក្សា​ស្វែងរក​ឫសគល់​បញ្ហា​ទើប​ដោះស្រាយបាន​»​។

លោក ស ខេង កាលពី​ថ្ងៃទី ២៣ ខែ​កញ្ញា​ បាន​ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ដល់​គ្រប់​បណ្ដា​អគ្គ​ជំនាញ​ពាក់ព័ន្ធ​នានា ចំណុះ​ក្រសួង រដ្ឋបាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ដ​ឱ្យ​យក​ចិត្ដទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ មតិយោបល់ និង​សំណូមពរ​របស់​មហាជន ដែល​ផ្ញើមក​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក និង​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ​៕

វីដេអូ៖