ស្ទឹងត្រែងៈ ឧបក​រណ៍​ប្រ​ព្រឹត្ត​បទ​ល្មើស​ចំនួន ​៦១៦ ​មាន​ដូច​ជា កាំភ្លើងកែច្នៃ ២ ដើម​មន​ចាប់​សត្វ​ចំនួន​ ៥ ​ដៃឧបករណ៍​ឆក់​ត្រី​ ១ ​គ្រឿង[ប្រើ​ចាប់​សត្វ]​និង​អន្ទាក់​ ៦០៨ ខ្សែ​ត្រូវ​បង្ក្រាប​​បាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង​ និង​សៀម​ប៉ាង​ខាងលិច​នៃ​ខេត្ត​ស្ទឹង​ត្រែងនៅក្នុ​ង​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៩​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​អង្គ​ការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ ២៧ កុម្ភៈ។

លោក ប៊ូ វរ​សក្ស នាយ​ក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ឧប​ករណ៍​សម្រាប់​បរ​បាញ់​និង​ទាក់​សត្វ​ព្រៃ​ទាំង​នេះ ​ត្រូវ​បាន​បង្ក្រាប​ពេល​ចុះ​ល្បាត​ក្នុង​ខែ​កុម្ភៈ​នៅ​តំបន់​ជម្រក​សត្វព្រៃ​សៀម​ប៉ាង​និង​សៀម​ប៉ាង​ខាង​លិច ដែល​ជា​ទីតាំង​របស់​ស​ត្វ​ជិត​ផុត​ពូជ​ចំនួន ​៥ ​ប្រភេទ ដូចជា​ សត្វ​ត្រ​យង ​និង​សត្វ​ត្មាត​ជាដើម។

ទោះ​ជា​យ៉ាង​ណាលោក វរ​សក្ស​ បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ​ពលរដ្ឋ​ភាគ​ច្រើន​មានការ​យល់​ពី​ការ​អភិរក្ស​សត្វ​ព្រៃ​នៅ​តំបន់​ខាង​លើ​នេះ​ខណៈ​បទ​ល្មើស​មាន​ការ​ថយ​ចុះ។

លោក​ថា៖ «ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​យល់​រឿង​ហ្នឹង​ហើយ ប៉ុន្តែ​នៅមាន​​មួយ​ចំនួន​តូច​ អ៊ីចឹង​ការ​ងារ​អប់រំ​ផ្សព្វ​ផ្សាយត្រូវ​ធ្វើ​ទន្ទឹម​នឹង​ការងារ​អភិរក្ស។ បើ​និយាយ​អំពី​ទំហំ​ដាក់​អន្ទាក់​គឺ​ថយ​ចុះ​បើ​ប្រៀប​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ តែបើ​ឱ្យ​វា​បាត់​ទាំង​អស់​គឺ​មិន​បាត់​ទេគឺ​វា​នៅ​តែ​បន្ត​អ៊ីចឹង»។

តំបន់​ព្រៃ​សៀម​ប៉ាង​ និង​សៀម​ប៉ាង​ខាង​លិច ​ដែល​មាន​ទំហំ​ផ្ទៃ​ដីសរុប​ចំនួន​ ១៣២ ​៣២១ ​ហិក​តា ត្រូវ​បាន​រដ្ឋាភិ​បាល​ចេញ​អនុ​ក្រឹត្យ​បង្កើត​ជា​ទី​ជម្រក​សត្វ​ព្រៃ​កាល​ពី​ឆ្នាំ​ ២០១៦ ដើម្បី​ឱ្យ​ក្រសួង​បរិស្ថាន​​រៀបចំ​និង​គ្រប់​គ្រង ដោយ​សហ​ការ​ជាមួ​យ​ក្រសួង ស្ថា​ប័ន​ពាក់ព័ន្ធ និង​រដ្ឋ​បាល​ដែន​ដី​ខេត្ត​ស្ទឹង​ត្រែង ក្នុង​ការ​ធានា​កិច្ច​គាំ​ពារ​បរិ​ស្ថាន ​អភិរក្ស​ជីវ​ចម្រុះ និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព។

លោក អេង ភី​រុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង​បាន​ថ្លែង​ដែរ​ថាចាប់​ពី​ឆ្នាំ​ ២០១៨ ​មក បទ​ល្មើស​​ប្រ​មាញ់​សត្វ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ទាំង​ ២ ​នេះ​បាន​ថយ​ចុះ​ច្រើន ហើយ​សត្វ​ដែល​សង្កេត​ឃើញ​​មាន​ច្រើន​ជាង​គេ​នៅ​ពេល​បច្ចុប្បន្ន​មាន​ដូច​ជា ​ខ្ទីង ឈ្លូស​ ប្រើស​ និង​ជ្រូក​ព្រៃ​ជាដើម។

លោក​បន្តថា អាជ្ញា​ធរ​តែង​ចុះទៅ​អប់រំ​ពលរដ្ឋ​ក្នុង​តំបន់​ឱ្យ​យល់​ដឹង​ពី​តម្លៃ​ដែល​ទទួល​បាន​ពី​ការ​ចូល​រួម​អភិរ​ក្ស​សត្វ​ជិត​ផុត​ពូជ​និង​ជីវ​ចម្រុះ​ផ្សេងៗ​ដូច​​ជា ​ការ​ចុះ​ទៅ​អប់រំ​ផ្ទាល់​ និង​តាម​រយៈ​កិច្ច​ប្រជុំ​នៅ​តាម​ឃុំ។ លោក​បន្ថែម​ថា ការ​ចុះ​ល្បាត​កន្លង​មក​អាជ្ញា​ធរ​ពុំ​បាន​ឃាត់​ខ្លួន​​អ្នកប្រ​មាញ់​ឡើយ ប៉ុន្តែ​ភាគ​​ច្រើន​គឺ​អប់រំ​និង​ឲ្យ​ពួក​គាត់​ធ្វើ​កិច្ច​សន្យា​​ឈប់​ប្រ​ព្រឹត្ត​បទ​ល្មើស​តទៅ​ទៀត។

លោក​ថា៖​ «ក្នុង​នាម​ខ្ញុំ​ជា​ប្រ​ធាន​មន្ទីរ​ត្រូវ​អប់រំ​ពួក​គាត់ ព្រោះ​សត្វ​ទាំង​ហ្នឹង​អា​ខ្លះ​ជិត​ផុត​ពូជ ​យើង​ត្រូវ​ពន្យល់​ប្រាប់​គាត់​ថា ដូច​ជា​ត្មាត​ហ្នឹង​គឺ​ជា​សត្វ​សារៈ​សំខាន់​នៅលើ​ពិភព​លោក​ហើយ​មាន​នៅតែ​ស្រុក​ខ្មែរ​យើងដែល​ត្រូវ​ជួយ​អភិរក្ស​គ្នា។ បើតាម​លោក អេង ភី​រុង ពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​បន្ត​បរបាញ់​និង​ទាក់​សត្វ​ព្រៃ​គឺ​ពួក​គាត់​បាន​សារ​ភាព​ថា ដោយ​សារ​មិន​ទាន់​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​អភិរក្ស «និយាយ​ឱ្យ​ចំ​វា​អត់​បាន ១០០ ភាគរយទេ (ការ​អភិ​រ​ក្ស) ព្រោះ​ពលរដ្ឋ​ខ្លះ​នៅ​តំបន់​ដាច់​​ស្រយា​ល​អត់​បា​ន​ដឹង ជួន​កាល​ដូចជា​ សត្វ​ស្វា​អីហ្នឹង ​គាត់​អត់​ដឹងថា​​ ស​ត្វ​ហ្នឹង​មាន​សារៈ​សំខាន់​​យ៉ាង​មេ៉ច​ទេ ទាល់​តែ​យើង​អប់រំ​គាត់​ថា​សត្វ​ហ្នឹង​មាន​ប្រ​យោជន៍​សម្រាប់​សង្គម​យើង​ អ៊ី​ចឹង​ហ្នឹង​ណា ដើម្បី​ទុក​ឱ្យ​អ្នក​ទេសចរ​មក​មើល​អ៊ីចឹង​ទៅ»។

លោកប្រធាន​មន្ទីរ​បរិស្ថានរូបនេះ​បាន​​អះ​អាង​ថា ​បច្ចុប្បន្ន​​ក្រុម​ការងារ​ចុះ​ល្បាត​ការពារ​សត្វព្រៃ​ក្នុង​តំបន់​សៀមប៉ាង​និង​សៀម​ប៉ាង​ខាងលិចគឺមាន​ចំនួន​ ១០ ​នាក់​ដោយ​បែង​ចែកជា ​២ ​ក្រុម​ដែលជា​កម្លាំង​សហ​ការគ្នា​រវាង​អាជ្ញា​ធរ​ និង​មន្ត្រី​អង្គ​ការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​និង​តែង​ចុះ​ល្បាត​​ជា​ប្រចាំ​។

ជា​មួយ​គ្នា​នេះ បើ​តាម​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ (Wildlife Alliance Cambodia) ក្នុង​មួយ​ឆ្នាំៗ​អង្គ​ការ​នេះ​បានចុះ​ប្រមូល​អន្ទាក់​ចាប់​សត្វ​ព្រៃ​បាន​រាប់​ពាន់​អន្ទាក់​ពី​ក្នុង​ព្រៃ​ជ្រៅ​នៅ​កម្ពុជា៕