ភ្នំពេញៈ គ្រាន់តែនៅក្នុងខែមករាឆ្នាំ ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៥៨ ករណី ដោយបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២០៦ នាក់ និងរបួសចំនួន ៥៥៩ នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈដែលចេញផ្សាយកាលពីថ្ងៃទី ១ ខែកុម្ភៈ។
តួលេខនេះ បើប្រៀបធៀបទៅនឹងចំនួនគ្រោះថ្នាក់ចរាចរណ៍រយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺបានកើនឡើង។ កាលពីខែមករា ឆ្នាំ ២០១៩ គឺមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៣១ លើក ដោយបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១៤៨ នាក់ និងរងរបួសចំនួន ៥១៧ នាក់។
លោក ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់កាលពីថ្ងៃអាទិត្យបានបដិសេធផ្ដល់របាយការណ៍អំពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករានេះ ដោយលោកថ្លែងថាលោកបានផ្ញើទៅថ្នាក់លើហើយ។
ក្នុងឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤ ១២១ លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១ ៩៨១ នាក់ និងរងរបួសចំនួន ៦ ១៤១ នាក់ ដែលគិតជាមធ្យមក្នុង ១ ថ្ងៃ មានអ្នកស្លាប់ចំនួន ៥,៤ នាក់ភាគច្រើនកើតឡើងនៅភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្ដាល។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញសេចក្ដីប្រកាសមួយកាលពីសប្ដាហ៍មុនដោយបានកំណត់យកឆ្នាំ ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈលោកបានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងឆ្នាំ ២០១៩ គឺបានកើនឡើងយ៉ាងគំហុក ដោយមានអ្នកស្លាប់កើនឡើង ២២០ នាក់របួសកើនឡើង ១ ៣៧១ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ការប្រកាសរបស់លោក ស ខេង គឺមិនអាចធ្វើឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះឡើយ ប្រសិនបើការពង្រឹងច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍នៅតែមិនទាន់មានសកម្មភាពជាក់ស្ដែងទេនោះ។
លោក គង់ រតនៈ បានបញ្ជាក់ថា៖ «បើគ្រាន់តែការប្រកាសរបស់ថ្នាក់ដឹកនាំ ដែលបង្ហាញពីឆន្ទៈទេ តែវាអត់ទាន់ចេញសកម្មភាពជាក់ស្ដែង យើងអត់ទាន់អាចយកលទ្ធផលមកវាស់វែងការងារបាននៅឡើយទេ។ សម្រាប់ខ្ញុំ គឺរង់ចាំមើល ថាតើរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ឬក៏ចាត់ចែងឱ្យមានសកម្មភាពជាអាទិភាពអ្វីខ្លះដោះស្រាយលើបញ្ហានេះ?»៕