ភ្នំពេញៈ គ្រោះមហន្តរាយ​ពី​ធម្មជាតិ​ដែល​បង្កឡើង​ដោយ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​នៅក្នុង​ខែមេសា​ឆ្នាំ​ ២០២០ បាន​ធ្វើឲ្យ​មនុស្ស​ ៥ ​នាក់​ស្លាប់​ និង​បង្ក​របួស​ចំនួន​ ៧ ​នាក់​ព្រមទាំង​ធ្វើឲ្យ​ខូចខាត​លំនៅឋាន​ពលរដ្ឋ​សរុប​ជាង ២ ០០០ ​ខ្នង​។ នេះ​បើតាម​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

លោក​ សុខា ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កាលពី​ខែមេសា​ឆ្នាំ ២០១៩ ​ពុំមាន​ជនរងគ្រោះ​ត្រូវបាន​រាយការណ៍​ថា ស្លាប់ និង​របួស​នោះទេ​។ លោក​បន្តថា​៖ «​តួលេខ​នេះ​បាន​ធ្វើឲ្យ​ចំនួន​ជនរងគ្រោះ​គិត​ចាប់ពី​ដើមខែ​មករា​ដល់​ថ្ងៃ​ ២៧ ​ខែមេសា ឆ្នាំ​ ២០២០ កើន​ដល់​ ១៨ ​នាក់​ក្នុង​នោះ​ ៨ ​នាក់​បាន​ស្លាប់​ និង​ ១០ ​នាក់​ទៀត​បាន​រងរបួស ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ​ និង​អគារ​សាធារណៈ​របស់​រដ្ឋ​សរុប​ជាង​ ៤ ០០០ ​ខ្នង​បាន​រង​ការខូចខាត ព្រមទាំង​ងាប់​គោក្របី​សរុប​ ៤ ​ក្បាល​»​។

បើ​តាម​លោក​ សុខា ​ខេត្ត​ដែលមាន​ជនរងគ្រោះ​ស្លាប់​ និង​របួស​ដោយ​ករណី​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​រួមមាន​ខេត្តតាកែវ ស្លាប់​ម្នាក់​ដោយ​រន្ទះបាញ់​ខេត្ត​ព្រះសីហនុ​ស្លាប់​ ២ ​នាក់​ដោយ​ខ្យល់​កន្ត្រាក់ ខេត្ត​ប៉ៃលិន ស្លាប់​ម្នាក់​ដោយ​រន្ទះបាញ់ ខេត្ត​កំពង់ចាម របួស​ ២ ​នាក់​ដោយ​ខ្យល់​កន្ត្រាក់ ស្វាយរៀង​ស្លាប់​ ២ ​នាក់​ដោយ​រន្ទះបាញ់ និង​ ២ ​នាក់​ទៀត​រងរបួស​ដោយ​ខ្យល់​កន្ត្រាក់ ខេត្ត​ពោធិ៍សាត់​របួស​ ៣ ​នាក់​ដោយ​ខ្យល់​កន្ត្រាក់ និង​ខេត្ត​ឧត្តរមានជ័យ​ស្លាប់​ ២ ​នាក់ និង​របួស​ ៣ ​នាក់​ដោយ​រន្ទះបាញ់​។

លោក​បន្ថែមថា យោងតាម​របាយការណ៍​ដែល​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ទទួលបាន​ខេត្ត​បាត់ដំបង​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ក្នុងចំណោម​ខេត្ត​ចំនួន ១៣ ដែល​រង​ការវាយប្រហារ​ដោយ​បាតុភូត​ខ្យល់​កន្ត្រាក់​។ បន្ទាប់មក​ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប ប៉ៃលិន ស្វាយរៀង កំពង់ចាម ព្រៃវែង តាកែវ កំពត កែប ឧត្តរមានជ័យ និង​ខេត្តកំពង់ធំ​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ងាយ​រងគ្រោះ​ទាំងនោះ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​ដែល​នឹង​កើត​មាន​កាន់តែ​ច្រើនឡើង​ថែមទៀត​ចាប់ពី​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ​ទៅ​។

លោក​ សុខា ​បាន​ណែនាំ​ឲ្យ​មាន​ការបោះស្នឹង និង​ទាញ​ខ្សែ​ចងផ្ទះ​ និង​កៀប​ចងរឹត​ដំបូល​ផ្ទះ​ឲ្យ​បាន​រឹងមាំ​ល្អ ដើម្បី​បង្ការ​ទប់ស្កាត់​បាតុភូត​ខ្យល់​កន្ត្រាក់​ និង​ចៀសវាង​ប្រើប្រាស់​ឧបករណ៍​ដែល​ងាយ​ចម្លង​អគ្គិសនី​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង​ និង​ផ្គររន្ទះ ដើម្បី​បង្ការ​ទប់ស្កាត់​បាតុភូត​រន្ទះបាញ់​។

លោក សំ អ៊ុក អធិការ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃអាទិត្យ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បង្ក​ការខូចខាត​ផ្ទះ​ពលរដ្ឋ​ ១២ ​ខ្នង​នៅក្នុង​ឃុំ​ចំនួន​ ៣ រួមមាន​ឃុំ​កំពង់គ្រែង ឃុំ​ត្រពាំងធំ និង​ឃុំ​កំពង់សំរោង​៕