ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងខែវិច្ឆិកាកន្លងមកកម្លាំងសមត្ថកិច្ចបានឃាត់រថយន្តដឹកទំនិញលើសទម្ងន់នៅទូទាំងប្រទេសបានចំនួន ២៥៥ គ្រឿង ដោយក្នុងនោះបានផាកពិន័យជាប្រាក់សរុបជាង ៥៣២ លានរៀល។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងបន្ថែមថា អាជ្ញាធរបានឃាត់រថយន្តដឹកលើសចំណុះទាំងនេះនៅតាមស្ថានីយត្រួតពិនិត្យទូទាំងប្រទេសចំនួន ២៧ គោលដៅ និងបានដាក់ពង្រាយ ក្រុមត្រួតពិនិត្យចល័តជាប្រចាំដោយក្នុងនោះចំនួនរថយន្តដែលចាប់បានមានការកើនឡើង ៤៣ គ្រឿង បើធៀបនឹងខែតុលាគឺពី ២១២ គ្រឿងមក ២៥៥ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩។
តាមរបាយការណ៍ដដែលបញ្ជាក់ថា ខេត្តដែលបានឃាត់រថយន្តដឹកលើសកម្រិតកំណត់បានច្រើនជាងគេគឺកំពង់ចាមនៅត្រង់ចំណុចស្ថានីយថ្នល់កែង ដែលបានឃាត់រថយន្ត ៤៥ គ្រឿង និងកំពង់ធំនៅត្រង់ចំណុចស្ថានីយប្រាសាទដែលឃាត់រថយន្ត ៣៣ គ្រឿង ខណៈដែលរាជធានី-ខេត្តដែលមានរថយន្តដឹកលើសតិចជាងគេដែលមានតែ ១ ករណី គឺភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងកណ្តាល។ ចំណែកឯក្រុមការងារចល័តរបស់ក្រសួងបានឃាត់រថយន្តដឹកលើសកម្រិតកំណត់បានចំនួន ៥៤ គ្រឿង ក្នុងចំណោម ២៥៥ គ្រឿង។
លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃអាទិត្យថា បើទោះជាមានការចុះត្រួតពិនិត្យ និងរឹតបន្តឹងដូចភ្លៀងរលឹមយ៉ាងណាក្តី ក៏ជនមួយចំនួនតូចនៅតែបន្តផ្ទុកទំនិញលើសកម្រិតកំណត់នៅតាមដងផ្លូវ។ លោកបន្តថាក្នុងចំណោមរថយន្តដែលចាប់ឃាត់នោះភាគច្រើនផ្ទុកលើសទម្ងន់ចាប់ពី ៥ តោន រហូតដល់ ៣៤ តោន។ «យើងធ្វើបានល្អប្រសើរច្រើនណាស់។ បើយើងអត់ធ្វើទេ គឺអ្វីៗវានឹងអាចឆាប់បាត់បង់ (ប៉ះពាល់ផ្លូវ)»។
បន្ថែមពីនេះលោក គង់ វិមានបន្តថា៖ «យើងមានស្ថានីយថ្លឹងចំនួន ២៧ ទូទាំងប្រទេស និងមានក្រុមការងារចល័ត។ ប៉ុន្តែយើងនៅតែមិនអាចទប់ទល់ទៅនឹងបទល្មើសដែលកើតឡើងជារឿយៗអស់ទេដោយសារតែមន្ត្រីយើងនៅមានកម្រិតហើយទីតាំងដែលយើងកំពុងដាក់ (ត្រួតពិនិត្យ) ហ្នឹងក៏មានកម្រិត ហើយមធ្យោបាយបច្ចុប្បន្ននេះមានការកើនឡើងខ្លាំងណាស់»។
លោក គង់ សុវណ្ណ ទីប្រឹក្សាជំនាញ និងជាអនុប្រធានក្រុមកម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទថ្លែងថា ក្រសួងត្រូវតែមានវិធានការរឹតបន្តឹងជុំវិញបញ្ហានេះបន្ថែមទៀត ជាពិសេសការបន្ថែមក្រុមការងារចល័តឲ្យបានច្រើនជាងមុន និងធ្វើការប្តូរគោលដៅត្រួតពិនិត្យឲ្យបានជាប្រចាំ។ ក្រៅពីវិធានការនេះលោកក៏រំពឹងដែរថា ម្ចាស់យានយន្តទាំងអស់ គួរតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីធ្វើឲ្យស្ថានភាពផ្លូវមានភាពល្អប្រសើរចៀសវាងការចង់ទទួលបានផលប្រយោជន៍តែខ្លួនឯងដែលបណ្តាលឲ្យប៉ះពាល់ និងខាតបង់ដល់ផលប្រយោជន៍ជាតិទាំងមូល។
លោកបញ្ជាក់ថា៖ «ឧទាហរណ៍ថា ផ្លូវយើងធ្វើមកចំណាយអស់ថវិកាជាតិច្រើនណាស់ ដោយរំពឹងទុកថា យើងប្រើប្រាស់ដល់ទៅ ១៥ ឆ្នាំបើមានការថែទាំបានត្រឹមត្រូវ។ ប៉ុន្តែបើសិនជានាំគ្នាឆ្មក់ប្រព្រឹត្តអំពើល្មើស ដោយការដឹកជញ្ជូនលើសទម្ងន់ធ្វើឲ្យផ្លូវហ្នឹងមិនអាចទ្រទ្រង់បានយូររហូតដល់ ១០ ឆ្នាំទៅ ១៥ ឆ្នាំទេវានឹងឆាប់ខូច។ កាលណាឆាប់ខូច រដ្ឋត្រូវខាតបង់ថវិកាមកធ្វើផ្លូវកន្លែងហ្នឹងទៀតអស់រាប់លានដុល្លារព្រោះតែការចំណេញរបស់ពួកគាត់ (ឈ្មួញ) តែមួយភ្លែត»៕