ភ្នំពេញៈ ​ក្នុងចំណោម​ប្រាសាទបុរាណដ្ឋាន​សរុប​ជាង ៥ ៣០០ ​កន្លែង​ នៅ​ទូទាំងប្រទេស​ មាន​បុរាណដ្ឋាន​ប្រាសាទ​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ សរុប​ចំនួន​ ៨៥៧ ​ទីតាំង ក្នុងនោះ​មាន​ ៤២៦ បុរាណដ្ឋាន ស្ថិត​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យវរ្ម័ន​ «​ភ្នំ​គូលែន​»​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ចំនួន​បុរាណដ្ឋាន​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវចម្រុះ​អាច​នៅមាន​ច្រើន​ទៀត ដែល​ស្ថិត​ក្នុងព្រៃ​ជ្រៅ​មិនទាន់​រកឃើញ​។ លោក​ថ្លែងថា​៖ «​យោងតាម​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​ក្នុង​ចំណោម​ប្រាសាទបុរាណដ្ឋាន​សរុប​ជាង​ ៥ ៣០០ ​កន្លែង ​នៅ​ទូទាំង​ប្រទេស​ក្នុង​នោះ​បុរាណដ្ឋាន​ប្រាសាទ ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ​សរុប​មាន​ចំនួន​ ៨៥៧ ​ទីតាំង​ក្នុងនោះ​ ៤២៦ បុរាណដ្ឋាន​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យវរ្ម័ន ភ្នំ​គូលែន​»​។

បើតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ចម្រុះ​កម្ពុជា​បច្ចុប្បន្ន មាន​សរុប ចំនួន​ជាង​ ៧០ ​ទីតាំង នៅក្នុង​ខេត្ត​ចំនួន​ ២១ ក្នុង​ចំណោម​ខេត្ត-រាជធានី​ ២៥ ​របស់​កម្ពុជា​មាន​ផ្ទៃដី​សរុប​ទំហំ​ ៧៣ ​លាន​ហិកតា​ស្មើ​ប្រមាណ​ ៤១% ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​។

តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ មិន​ត្រឹមតែ​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ​ព្រៃឈើ​សត្វព្រៃ​ និង​រុក្ខជាតិ​តូច-ធំ ដែល​មាន​តម្លៃ​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិរក្ស​ជីវចម្រុះ​ប៉ុណ្ណោះ​ទេ​តែ​ក៏មាន​បុរាណដ្ឋាន​ដែលជា​ជង្រុក​នៃ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិសាសន៍​ខ្មែរ​ដ៏សម្បូរបែប​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ក្រសួងបរិស្ថាន​បាន​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ក្នុង​ការការពារ​ និង​អភិរក្ស​បុរាណដ្ឋាន​ទាំងនោះ​។ ក្រសួង​បរិស្ថាន​មាន​យុត្តាធិការ លើ​ការគ្រប់គ្រង​ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស ចំណែក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​តួនាទី​ក្នុង​ការអភិរក្ស​ការពារ​បុរាណដ្ឋាន និង​ប្រាសាទ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទាំងនោះ ដូចជា​ការជួសជុល និង​ថែទាំ​ជាដើម​។

នេះ​គឺជា​កិច្ចសហការ​មួយ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ក្នុង​នាម​រាជរដ្ឋាភិបាល ដើម្បី​ការពារ និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​ផង និង​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ផង ដែលមាន​តម្លៃ​មហាសាល​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​ប្រាសាទ​ និង​បុរាណដ្ឋាន​ដែល​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នឹង​ធនធាន​ធម្មជាតិ​។ បុរាណដ្ឋាន​ទាំងនេះ បាននិង​កំពុង​ក្លាយជា​តំបន់​ទេសចរណ៍​យ៉ាងសំខាន់​ផ្សារភ្ជាប់​នឹង​ទេសចរណ៍​ធម្មជាតិ និង​បាន​កំពុង​ទាក់ទាញ​ការចាប់​អារម្មណ៍​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដូចជា ប្រាសាទ​ជាំ​ស្រម​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្មទេព ដែល​ជា​ការផ្សារភ្ជាប់​រវាង​ទេសចរណ៍​សត្វស្លាប និង​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ពលរដ្ឋ​ខ្មែរ​»​។

បើតាម​លោក​ នេត្រ ភក្ត្រា ក្រសួងបរិស្ថាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងឡាយ ដែល​រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែលមាន​បុរាណដ្ឋាន​ និង​ប្រាសាទ​បុរាណ​សូម​ចូលរួម​ការពារ​ និង​អភិរក្ស​ឱ្យ​បានល្អ​ ដើម្បី​ថែរក្សា​កេរមរតក​ដូនតា​ខ្មែរ​ឱ្យនៅ​គង់វង្ស​ និង​អាច​ផ្តល់​ផលប្រយោជន៍​ទាំង​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​ និង​ការសិក្សា​ស្វែងយល់​ពី​ប្រពៃណី​វប្បធម៌​ទំនៀមទម្លាប់​ពលរដ្ឋ​នៅ​តំបន់​នោះ​។

លោក ម៉ៅ សុខនី ប្រធានការិយាល័យ​ស្រាវជ្រាវ​ចងក្រង​សំណង់​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស សំណង់​បុរាណ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើង​ថា កន្លងមក​ការថែរក្សា និង​ការជួសជុល​ប្រាង្គ​ប្រាសាទបុរាណ​មាន​បណ្ដា​ប្រទេស​ជា​មិត្ដ​មួយចំនួន បាន​ចូលរួម​ជួយ​ទាំង​ថវិកា និង​បច្ចេកទេស​ក្នុង​ការជួសជុល ថែរក្សា​។ ប៉ុន្ដែ​ក្រោយពី​មាន​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ សកម្មភាព​ជួយ​ពី​ប្រទេស​ជា​មិត្ដមាន​ភាពស្ងប់ស្ងាត់ ហើយ​ការងារ​ជួសជុល និង​ថែរក្សា គឺ​អាស្រ័យ​លើ​រាជរដ្ឋាភិបាល​ផ្ទាល់​។

លោក​បញ្ជាក់ថា បណ្ដា​ប្រទេស​ម្ចាស់ជំនួយ និង​អង្គការ​នានា​បាន​ជួយ​ក្នុង​ការជួសជុល និង​ថែរក្សា តែ​ចំពោះ​ប្រាង្គ​ប្រាសាទ​ដែល​ល្បីៗ ប៉ុណ្ណោះ ចំពោះ​ប្រាសាទ​ជាច្រើន​ទៀត​នៅក្នុង​តំបន់​ដាច់ស្រយាល មិន​ទទួល​បាន​ជំនួយ​ក្នុង​ការជួសជុល ឬ​ថែរក្សា​ឡើយ ដែល​បច្ចុប្បន្នកំពុង​ប្រឈម​នឹង​ការខូចខាត ពី​គ្រោះធម្មជាតិ​ និង​អាយុកាល​ចាស់​ទៅៗ​របស់​ប្រាសាទ​ទាំងនោះ​។

លោក សុខនី បាន​មានប្រសាសន៍​ថា​៖ «​បច្ចុប្បន្ន​យើង​ក៏​ទទួលបាន​ការគាំទ្រ ជួយ​ជួសជុល​ថែរក្សា​ពី​បណ្ដា​វិស័យ​ឯកជន​ក្នុង និង​ក្រៅប្រទេស​ខ្លះ​ដែរ ប៉ុន្ដែ​មិនអាច​គ្រប់គ្រាន់​ទេ ព្រោះ​ទំហំ​នៃ​ការថែរក្សា គឺ​ត្រូវការ​ធនធាន និង​ថវិកា​ច្រើន ហើយ​ភាគច្រើន​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល គឺជា​អ្នក​ចំណាយ​ក្នុង​ការថែរក្សា និង​ជួសជុល​»៕