ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ ៩៥ ​នាក់​ បាន​ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់​នៅក្នុង​ឆ្នាំ​ ២០១៩ ខណៈ​ដែល​កម្ពុជា​បាន​ប្រឈម​នឹង​ហានិភ័យ​នៃ​អាកាសធាតុ​ជា​បន្ដបន្ទាប់​ដែល​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះរាំងស្ងួត ដែល​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​ចំនួន​ ៦៧ ៦៦៣ ហិកតា​។ នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​។

លោក ​កែវ វី ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ប្រចាំ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២០ ​កាលពី​ព្រឹក​ថ្ងៃទី​ ១៤ ខែ​ កុម្ភៈ ឆ្នាំ ២០២០ ថា​កម្ពុជា​បាន​ប្រឈម​នឹង​ហានិភ័យ​អាកាសធាតុ​ជា​បន្ដបន្ទាប់ បណ្ដាល​ឲ្យ​មាន​គ្រោះរាំងស្ងួត និង​កង្វះខាត​ទឹក​ដែល​បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​វិស័យ​កសិកម្ម​លើ​ដំណាំ​ស្រូវ​សរុប​ចំនួន​ ៣៤២ ៦៤១ ​ហិកតា​ ក្នុង​នោះ​ធ្វើឲ្យ​ខូចខាត​ចំនួន ​៦ ៧៦៦៣ ​ហិកតា​។

លោក​បញ្ជាក់ថា​៖ «​កាលពី​ឆ្នាំមុន​ចាប់តាំងពី​ខែ​មករា រាជរដ្ឋាភិបាល​បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការថែរក្សា​ទឹក​ទុក ហើយ​នៅក្នុង​ខែវិច្ឆិកា​ក៏​បាន​ចេញ​សារាចរ​ណែនាំ​ម្តងទៀត​។ យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ដើម្បី​ឲ្យ​លោក​បានដឹង​ពី​បញ្ហា សារៈសំខាន់​នៃ​ការប្រើប្រាស់​ទឹក​។ យើង​ក៏បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​កន្លែង​ដែល​ពួកគាត់​កំពុងតែ​ធ្វើ​ស្រូវប្រាំង​ហើយ​យើង​បាន​ប្រាប់​ពួកគាត់​កុំ​ឲ្យ​ធ្វើ​ស្រូវប្រាំង​ដោយសារ​តែ​វា​អាចមាន​បញ្ហា​ខ្វះខាត​ទឹក​»​។

លោក​បន្តថា ខេត្ត​ដែល​បាន​ប្រឈម​នឹង​ហានិភ័យ​អាកាសធាតុ​ជា​បន្ដបន្ទាប់ បណ្ដាល​ឲ្យ​មាន​គ្រោះរាំងស្ងួត​រួមមាន​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ​កំពង់ចាម សៀមរាប ព្រៃវែង និង​ស្វាយរៀង​។

លោក​បន្តថា​៖ «​នៅក្នុង​ឆ្នាំនេះ​តាម​ការព្យាករ​អាកាសធាតុ​អាច​នឹង​មាន​កម្តៅ​ត្រឹម​ ៤០ ​ទៅ​ ៤១ ​អង្សាសេ នៅក្នុង​ខែ​ ៤ ហើយ​ក្រសួង​ធនធានទឹក​ឲ្យ​ដឹងថា ក្នុង​ខែ​ ៣ អាច​នឹងមាន​ភ្លៀង​កក់ខែ​ខ្លះ​ដូច្នេះ​វា​ក៏​នឹង​អាចជួយ​ដល់​ការ​បង្កបង្កើនផល​ផងដែរ​។ ប្រជាពលរដ្ឋ​អាច​ធ្វើការ​បង្កបង្កើនផល​នូវ​ស្រូវ​ដើមរដូវ​មួយចំនួន​នៅពេល​ដែល​គាត់​មានទឹក​។ យើង​សង្ឃឹមថា ការធ្វើ​កសិកម្ម​ឆ្នាំនេះ​នឹង​ល្អ​ជាង​ឆ្នាំ​ ២០១៩»​។

ជាមួយ​គ្នា​នេះ​ដែរ​បើ​យោងតាម​គេហទំព័រ​ក្រសួង​ការពារជាតិ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ ១៦ ​ខែ​កុម្ភៈ​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២០ លោក គន់ គីម ជា​អនុប្រធាន​ទី​ ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ក៏បាន​ថ្លែងថា ក្រៅពី​គ្រោះរាំងស្ងួត​ និង​ទឹកជំនន់​នៅក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​ក៏បាន​ជួប​នូវ​ខ្យល់​កន្ដ្រាក់​ចំនួន​ ៣៣៦ ​លើក​មកលើ​ ២២ ​ខេត្ត-ក្រុង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៩៥ ​នាក់ ​ក្រៅពី​នោះ​ក៏​នៅមាន​គ្រោះ​អគ្គិភ័យ គ្រោះមហន្ដរាយ​ថ្មី បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​បាក់​សាលាឆាន់ នៅ​សៀមរាប និង​រលំ​សំណង់​អគារ​នៅ​ខេត្ត​កែប​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​ផងដែរ​។

គេហទំព័រ​ក្រសួង​ការពារជាតិ​បន្តថា​តាមរយៈ​កិច្ចប្រជុំ​បូកសរុប​នេះ​គឺជា​យុទ្ធសាស្ដ្រ​ក្រោម​ចក្ខុវិស័យ​ជាតិ​ និង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ឆ្នាំ ២០១៩-២០២៣ បាន​ដាក់​នូវ​ទិសដៅ​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ដោយ​ផ្ដោតលើ​សំណុំ​អាទិភាព​សម្រាប់​សកម្មភាព​ដែល​គ្រោងទុក​រយៈពេល​ ៥ ​ឆ្នាំ​ ដែល​ផែនការ​សកម្មភាព​នេះ​មាន​គោលបំណង​អនុវត្ត​ឲ្យ​បាន​ស៊ីចង្វាក់​គ្នា ដោយ​ផ្ដោតលើ​បញ្ហា​ប្រឈម​សំខាន់ៗ និង​សមិទ្ធផល​កន្លងមក​។

ពាក់ព័ន្ធ​ករណី​គ្រោះ​អគ្គិភ័យ គ្រោះមហន្ដរាយ​ថ្មី បាក់រលំ​អគារ​លោក​ កែវ វី ​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​បាន​បង្កើត​អង្គភាព​ក្នុង​ការរុករក​ និង​សង្គ្រោះ​ដែលមាន​អង្គភាព​យោធា និង​នគរបាលជាតិ​៕