ភ្នំពេញ៖ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅ​ក្នុង​ត្រីមាសទី១ ឆ្នាំ ២០២១ នេះ បាន​ទទួល​ថវិកា​បរិច្ចាគ​សរុប​ចំនួន ៣ ៨៥០ ២៧៨ ៦៦៣ រៀល និង ៣ ២២៨ ៦៦៨ ដុល្លារ​អាមេរិក ពី​សមាជិក​គាំទ្រ និង​សមាជិក​កិត្តិយស​ព្រម​ទាំង​ពី​សប្បុរសជន​ដែល​បាន​បរិច្ចាគ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃទី ២០ ខែ​មេសា​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា៖ «នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ នេះ​ដែរ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ផ្ទេរ​ថវិកា​ចំនួន ៣ ០០៩ ២៩៦ ដុល្លារ​អាមេរិក ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​រក្សា​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​ក្នុង​ការ​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ទារក និង​កុមារ ដោយ​ឥត​គិត​ថ្លៃ និង​ប្រកប​ដោយ​គុណភាព»។

តាម​ប្រភព​ដដែល ក្នុង​ខែ​មីនា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ទទួល​ថវិកា​បរិច្ចាគ​សរុប​ចំនួន ៨៩៩ ២១២ ៤៨៩ រៀល និង ៤៦ ៣១១ ដុល្លារ​អាមេរិក ពី​សប្បុរសជន ចំនួន ១៤ ៤៧៧ រូប ក្នុង​នោះ​មាន​សមាជិក​កិត្តិយស ៣ រូប,សមាជិក​គាំទ្រ ១៣ ៦៣០ រូប និង​សប្បុរសជន​ផ្សេងៗ​ចំនួន ៨៤៤ រូប។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក៏​បាន​សម្ដែង​អំណរគុណ​ផង​ដែរ ចំពោះ​សប្បុរសជន​ទាំង​អស់​ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ និង​បរិច្ចាគ​នូវ​ថវិកា​ទាំង​នេះ។ ការ​គាំទ្រ​នេះ គឺ​សម្រាប់​ទ្រទ្រង់ និង​ធានា​ឲ្យ​បាន​នូវ​ដំណើរការ​ប្រកប​ដោយ​ចីរភាព ប្រសិទ្ធភាព និង​គុណភាព​ព្រមទាំង​មិន​មាន​ការ​រើសអើង​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥ ទីតាំង សំដៅ​លើក​កម្ពស់​សុខុមាលភាព​របស់​កុមារ និង​ទារក នៅ​កម្ពុជា។

ទន្ទឹម​នឹង​នេះ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​សាធារណជន​ព្រម​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​នានា​ឲ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​តាមរយៈ​ការ​ចូល​ជា​សមាជិក​កិត្តិយស ដោយ​បរិច្ចាគ​ចាប់​ពី ២០ លាន​រៀល ឬ ៥ ០០០ ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំ ឬ​ជាសមាជិក​គាំទ្រ ដោយ​បរិច្ចាគ​ចាប់ពី ៥ ០០០ រៀល ក្នុង ១ ខែ ឬ ៦០ ម៉ឺន​រៀល​ក្នុង ១ ឆ្នាំ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី «ខ្មែរ​ជួយ​ខ្មែរ»៕