ភ្នំពេញ: ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នៅ​ថ្ងៃទី​ ២០​ ខែ ​ឧសភា ​ម្សិល​មិញ​ បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់​វ​ង្ស ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​សង្គ្រាម​ និង​របប​ប្រល័យ​ពូជ​សាសន៍​វិល​មក​កម្ពុជា​សាជា​ថ្មី ​ខណៈ​ក្រុម​មន្ត្រី​រដ្ឋា​ភិ​បា​ល​នាំ​គ្នា​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ​ ដែល​ជា​ទង្វើ​ព្រៃ​ផ្សៃ​ក្នុង​របប​ ប៉ុល​ ពត​ បាន​កាប់​សម្លាប់​ និង​ធ្វើ​ទារុណកម្ម​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។​

​លោក ​ហ៊ុន ​សែន​ បាន​សរ​សេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​កាល​ពី​ម្សិល​មិញ​ថា​ ថ្ងៃ​ទី ២០​ ឧសភា​ នេះ​ ​គឺ​ជា ​«ទិវា​ជាតិ​នៃ​ការ​ចង​ចាំ»​ ដែល​រំឭក​​ដល់​ជន​រង​គ្រោះ ​និង​ការ​ឈឺ​ចាប់​ពី​ឧក្រិដ្ឋ​កម្ម​បាន​កើត​ឡើង​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត​ (​១៧​ មេសា​ ១៩៧៥-​៧ ​មករា​ ១៩៧៩)​។​ ​គោល​បំណង​ទិវា​នេះ ​ដើម្បី​រំឭក​ និង​គោរព​វិញ្ញា​ណ​ក្ខន្ធ ​និង​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ជាង​ ៣ លាន​នាក់​ នៅ​ក្នុង​របប​ ប៉ុល ពត​ ដ៏​ឃោរឃៅ​នេះ។​

លោក​បន្ត​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លប់​បាន​ដឹង​ និង​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោក​នាដ​កម្ម​ ដ៏​ជូរចត់​ដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មួយ​ប្រទេស​បាន​ឆ្លង​កាត់​ជិត ​៣ ​ទសវត្សរ៍ ​ក្នុង​ភ្នក់​ភ្លើងសង្គ្រាម​​និង​ទឹក​ភ្នែក ​ការកាប់​សម្លាប់​ បំ​ផ្លិ​ច​បំ​ផ្លាញ​ ការ​ជម្លៀស​ចេញ​ពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ​ និង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ដូច​សត្វ ​គ្មាន​ពេល​សម្រាក​ ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យា​បាល​ គ្មាន​អាហារ​បរិ​ភោគ​គ្រប់​គ្រាន់​ គ្មាន​សិទ្ធិ​សេរី​ភាព​ គ្មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ ​ហើយ​សូម្បី​តែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ ដែល​ជា​សិទ្ធិ​មូលដ្ឋាន​ មាន​តាំង​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ។​

​លោក​បន្ថែម​ថា​ សព្វ​ថ្ងៃ​នេះ​ ក្រោយ​ពី​កម្ពុ​ជា​មាន​សន្តិភាព​ផុត​ពី​សង្គ្រាម​ គឺ​ពល​រដ្ឋ​រស់​នៅ​សុខ​ស្រួល​ជា​មួយ​ក្រុម​គ្រួសារ ហើយ​មាន​ការងារ​ និង​មុខ​រ​បរ​ធ្វើ​ទៅ​តា​ម​សមត្ថ​ភាព​ និង​ចំណង់ចំណូល​ចិត្ត​រៀងៗ​ខ្លួន​ ជា​មួយ​នឹង​ជីវភាព​រស់​នៅ​ធូរធារ​សមរម្យ។​

​លោក​ ហ៊ុន​ សែន​ បញ្ជាក់​ថា​៖​ «​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់​យ៉ាង​ដល់​ពលរដ្ឋ​ក្នុង​ការ​កសាង​សង្គម​គ្រួសារ ​សហ​គមន៍ និង​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ឆាប់​រហ័ស។ ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ថែរ​ក្សា​ការពារ​សន្តិ​ភាព​ឲ្យ​បាន​គង់​វង្ស​ជា​រៀង​រហូត​ ហើយ​នាំ​គ្នា​ទប់​ស្កាត់​កុំ​ឲ្យ​សង្គ្រាម ​និង​របប​ប្រល័យ​ពូជ​សាសន៍​វិល​មក​កម្ពុជា​សាជា​ថ្មី»។​

ជា​មួយ​គ្នា​នេះ​ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ប្រារព្ធ​ទិវា​នៃ​ការ​ចង​ចាំ ​នៅ​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ កាល​ពី​ម្សិ​ល​មិញ​ ដែល​ដឹក​នាំ​ដោយ​លោក ​ប៉ា ​សុជា​តិ​វង្ស​ ប្រធាន​គណៈកម្មា​ធិ​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​រាជ​ធានី​ភ្នំ​ពេញ​ និង​ថ្នាក់​ដឹក​នាំ​សាលា​រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​អ្នក​ចូល​រួម​​ជាង ​២ ពាន់​នាក់​ ព្រម​ទាំង​ព្រះសង្ឃ​ចំនួន ​២០៧​ អង្គ​ផងដែរ។​

​ពិ​ធី​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ ​មាន​ការសម្តែង​ឈុត​ឆាក​មួយ​ចំនួន​បង្ហាញ​ទង្វើ​ព្រៃផ្សៃ​របស់​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត ហើយ​នៅ​ចុង​ក្រោយ​នៃ​កម្ម​វិធី​មាន​ពិធី​សូត្រ​មន្ត​បង្សុ​កូល​ និង​រាប់​បាត្រ​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ប្រជា​ពលរដ្ឋ​ដែ​ល​​បាន​ស្លាប់​ក្នុង​របប​វាល​ពិឃាត​ឃោរឃៅ​នេះ។​

បន្ទាប់​ពី​បញ្ចប់​កម្ម​វិធី​ លោក​ ប៉ា ​សុជាតិ​វង្ស​ អតីត​អភិ​បាល​ក្រុង​ភ្នំពេញ ​បាន​ថ្លែង​ថា​ នៅ​ថ្ងៃ​ ២០​ ឧសភា ​នេះ​ គឺ​ជា​ថ្ងៃ​ដែល​មេ​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​អនុវត្ត​នូវ​ការ​ប្រ​ល័​យ​ពូជ​សាសន៍​ខ្មែរ​ ដោយ​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល​នៅ​ទូទាំង​ប្រទេស និង​លុប​បំបាត់​សាស​នា ទី​ផ្សារ និង​បិទ​សិទ្ធិ​សេរីភាព​ផ្សេងៗ​ទៀត។​

​លោក​បន្តថា​ រាជ​រដ្ឋា​ភិបាល​ប្រឹង​ទ​ប់​ស្កាត់​របប​នេះ​មិន​ឲ្យ​កើត​ឡើង​វិញ​ ដោយ​សម្រេច​ប្រកាន់​យក​របប​លទ្ធិ​ប្រ​ជា​ធិ​ប​តេ​យ្យ​សេរី​ពហុ​បក្ស​ ដែល​ស្ថិត​នៅ​ក្រោម​រដ្ឋ​ធម្ម​នុញ្ញ​តែ​មួយ​ ហើយ​មាន​ព្រះ​មហា​ក្សត្រ​គ្រប់​គ្រង​ និង​សោយ​រាជ្យ​ ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​រក​មេដឹក​នាំ​តាម​រយៈ​អំណាច​ពលរដ្ឋ ​ដោយ​មិន​ឲ្យ​មាន​របប​ផ្ដាច់ការ​កើត​ឡើង។

លោក​បញ្ជាក់​ថា​៖ ​«​ពួក​មហា​អំណាច ​និង​ពួក​អគតិ​ណា​ដែល​មាន​បំណង​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​ដណ្ដើម​អំ​ណាច​ខុស​ពី​រដ្ឋ​ធម្មនុញ្ញ ​គឺ​យើង​មិន​អាច​បណ្ដោយ​ឲ្យ​កើត​មាន​ទេ។​ អ៊ី​ចឹង​ពួក​គេ​កុំ​ស្រមើ​ស្រ​មៃ​ថា ​មាន​ការ​ដណ្ដើម​អំ​ណាច​តាម​រយៈ​ចុង​កា​ណុង​កាំភ្លើង​ត​ទៅ​ទៀត ​ហើយ​ការ​ផ្ទេរ​អំណាច​មាន​តែ​តាម​រយៈ​ការ​បោះឆ្នោ​ត​ទេ ​អ៊ីចឹង​យើង​ត្រូវតែ​ចូល​រួម​ទប់ស្កាត់​ទាំង​អស់​គ្នា»។​

​លោក ​ប្រាក់ ​ម៉េ​ត ​អាយុ ​៦៧ ឆ្នាំ​ ដែល​បាន​មក​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​លើកឡើង​ថា​ លោក​ជា​អតីត​ទាហាន​ លន់​ នល់ ដែល​បាន​រួច​ជីវិត​ពី​របប​ខ្មែរក្រហម​ ដោយ​សារ​លោក​លាក់​ប្រវត្តិ ​ហើយ​បន្លំ​ខ្លួន​ចូល​ធ្វើ​ជា​កសិករ។​ ក្នុង​អំឡុង​ពេល​នោះ លោក​ជា​អ្នក​ឡើង​ត្នោត​ ធ្វើ​ស្ករ ​ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ទាំង​យប់​ ទាំង​ថ្ងៃ​ និង​គ្មាន​សិទ្ធិ​ទាមទារ​ ឬ​តវ៉ា​អ្វី​ទេ​។​

លោក​​បន្ត​ថា​៖​ «​ខ្ញុំ​​ចង់​រំឭក​ពី​ការ​ឈឺ​ចា​ប់​កាល​ពី​ជំនាន់​នោះ​ ដែល​មិន​អាច​បំភ្លេច​បាន​កាល​ពី​ជំនាន់​ហ្នឹង​ គឺ​ភ័យ​ខ្លាច​គេ​យក​ទៅ​សម្លាប់​ចោល​ តែ​មិន​ដឹង​រត់​ទៅ​ណា ​បើ​គ្មាន​កន្លែង​រត់​ ទៅ​ណា​ក៏​ដូច​តែ​គ្នា ​អ៊ីចឹង​ក៏​បន្ត​រស់​នៅ​កន្លែង​ហ្នឹង​ទាំង​​ភ័យ​ខ្លាច​អ៊ីចឹង​ទៅ»។​

ក្រុម​សិល្បៈសម្ដែង​ពី​អំ​ពើឃោរឃៅ​ក្នុង​របប​ប៉ុល ពត​​។ ហេង ជីវ័ន

​យុវ​សិស្ស ​សាម​ ស្រី​ផ្កាយ​ អាយុ​ ១៨​ ឆ្នាំ​ រៀន​ថ្នាក់​ទី​ ១១​ នៃ​វិទ្យា​ល័យ​មួយ​នៅ​ខណ្ឌ​ដង្កោបាន​និយាយ​ថា​ រូប​នាង​ធ្លាប់​បាន​ឮ​ឪពុក​ម្ដាយ​និយាយ​រៀប​រាប់​ប្រាប់​ពី​របប​ខ្មែរ​ក្រហម​ ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​សោក​នា​ដក​ម្ម​នា​ជំ​នាន់​នោះ។​ ដូ​ច្នេះ ​នាង​បាន​មក​ចូល​រួម​ ដើម្បី​រំឭកពី​ភាព​ឈឺ​ចាប់​របស់​ដូនតា​ជំនាន់​មុន។​

យុវ​សិស្ស​រូប​នេះ​បន្ត​ថា​៖​ «​ខ្ញុំ​អត់​ធ្លាប់​ឆ្លង​កាត់​ជំនាន់​ហ្នឹង​ទេ​ ប៉ុន្ដែ​ឪ​ពុក​ម្ដាយ​ខ្ញុំ​និយាយ​ប្រាប់​ ហើយ​ខ្ញុំ​គិត​ថា ​វា​ជា​រឿង​ពិត​របស់​មនុស្ស​ជំនាន់​មុន​ ហើយ​ខ្ញុំ​នឹង​ចងចាំ​វា​រហូត»។​

លោក ​ឆាំង ​យុ នា​យក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​បាន​ថ្លែង​ថា​ ទិវា​នេះ​ វាជួយ​ក្រើន​រំឭក​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​នៅ​ចង​ចាំ​​ពី​​អំពើ​ឃោរឃៅ​នៃ​ជំនាន់​នោះ។​ លោក​ថា​ ថ្ងៃ​នេះ​ រំឭក​ពី​មនុស្ស​ដែល​ធ្លាប់​ធ្វើ​បាប​ព​ល​រដ្ឋ​ ធ្វើ​អំពើ​ព្រៃផ្សៃ​​មក​លើ​គ្រួ​សា​រ​​ខ្មែរ​ ហើយ​កាល​ដែល​ពល​រដ្ឋ​មិន​បំភ្លេច​ថ្ងៃ​នេះ ​ទើប​អាច​រក្សា​ស្ថិរភាព​នយោបាយ​បាន​ល្អ។​

លោក​បញ្ជាក់​ថា​៖​ «​កាល​ណា​យើង​បំភ្លេច​បទ​ឧក្រិដ្ឋ​ដែល​ធ្វើ​មក​លើ​យើង​ គឺ​ដូច​យើង​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មក​លើ​ខ្លួន​ឯង ​ដែល​អាច​បង្ក​ឲ្យ​បញ្ហា​ទាំង​នេះ​វា​កើត​ឡើង​មក​លើ​យើង​ម្ដង​ទៀត​ អ្វី​ដែល​សំខាន់​ គឺ​ទិវា​នេះ​ រំឭក​យើង​ឲ្យ​មាន​ការ​ចង​ចាំ​ពី​អតីត​កាល​ដ៏​កម្សត់​នេះ ​បើ​ទោះ​បី​ជា​មាន​មតិ​ខ្លះ​មើល​ឃើញ​ក្នុង​ផ្លូវ​ណា​មួយ​ក៏​ដោ​យ​ ប៉ុន្ដែ​ ការ​ចង​ចាំ​នេះ ​គឺ​ជា​ទម្រង់​យុត្តិធម៌​មួយ ​ក្រៅ​ពី​ផ្លូវ​ច្បាប់»។​

លោក ​​នេត្រ ​ភក្ត្រា ​អ្នក​នាំ​ពាក្យ​សា​លា​ក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ទិវា​នេះ​ចាប់​ផ្តើម​ប្រារព្ធ​លើក​ដំបូង​នៅ​ឆ្នាំ ​១៩៨៣ ​ឈ្មោះ​ថា​ទិវា​ច​ង​កំហឹង​ បន្ទាប់​​មក​ប្តូរ​ជា​ទិវា​រំឭក​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​នៃ​របប​ប្រល័យ​ពូជ​សាស​ន៍​ខ្មែរ​ក្រហម មក​ជា​ទិវា​ចង​ចាំ​ ​ហើយ​ចាប់​ពី​ដើម​ខែ ​កុម្ភៈ​ ​ឆ្នាំ​ ២០១៨ ​ថ្ងៃ​ទី​ ២០​ ​ឧសភា​ ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា​ ទិវា​ជាតិ​នៃ​ការ​ចងចាំ។​

លោកថ្លែង​ថា​ អនុ​ក្រឹត្យ​ស្តី​ពី​ទិ​វា​នៃ​ការ​ចង​ចាំ​ដែល​ចេញ​ដោយ​រដ្ឋាភិ​បាល​គឺ​ជា​សំណង​រដ្ឋ​ប្បវេ​ណី​មួយ​សម្រាប់​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​ ០០២​/​០​១​ ​បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ស្នើ​ទៅ​តុលា​ការ​សាលា​ក្តី​ខ្មែ​រក្រហម​ ក្នុង​ពេល​កន្លង​មក។​​ ​

ទិវា​នៃ​ការ​ចង​ចាំ​នេះ​គឺ​ជា​សំណង​សមូ​ហ​ភាព​មួយ​ក្នុង​ចំណោម​សំណង​សមូ​ហភាព​ផ្សេង​ទៀត​ ដែល​បាន​ផ្តល់​ដោយ​សាលា​ក្តី​ខ្មែរ​ក្រហម ​ជូន​ដល់​ជន​រងគ្រោះ​ទាំង​ឡាយ​ក្នុង​របប​អាវ​ខ្មៅ​ខ្មែ​រ​ក្រហម​។​​​ នេះ​ជា​ផ្នែក​មួយ​នៃ​សំណង​ក្នុង​សំណុំ​រឿង​ ០០២​ ​វគ្គ​ ១ ប្រ​ឆាំង​នឹង​ជន​ជាប់​ចោទ​ នួន​ ជា ​និង ​ខៀវ​ សំផន​ ដែល​ជន​រ​ង​គ្រោះ​បាន​ស្នើ​សុំ​ទៅ​កាន់​តុលា​ការ ​ហើយ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​សម្រេច​តាម​សំណើ​ពី​ខាង​ជនរង​គ្រោះ​ ​តាម​រយៈ​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេ​ណី​ជាតិ ​​និង​អន្តរជាតិ​ ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គ​ភាព​គាំពារ​ជន​រង​គ្រោះ។​

លោកថា៖ «ដើម្បី​បុព្វ​ហេតុ​យុត្តិ​ធម៌​ ​និង​ការ​ចង​ចាំ​ ​សា​លា​ក្តី​ខ្មែរ​ក្រ​ហម​បា​ន​រៀប​ចំ​យន្ត​ការ​ផ្សព្វ​ផ្សាយ​អំពី​ដំ​ណើរ​ការ​ជំនុំ​ជម្រះ​ក្តី​លើ​ឧក្រិដ្ឋ​កម្ម​នៃ​របប​ខ្មែរ​ក្រហម​​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុ​ង​តុលា​ការ​កម្ពុ​ជា​។​ ​ជាង​ ​១​០ ឆ្នាំ​នៃ​ដំណើរ​ការ​របស់​ខ្លួ​ន​ សាលា​ក្តី​ខ្មែ​រ​ក្រហម​បាន​ស្វា​គមន៍​សាធា​រ​ណ​ជន​ជិត​ ៧ សែន​នាក់​ មក​ទស្ស​ន​កិច្ច​នៅ​តុលា​កា​រ​ សារ​មន្ទី​រ​ប្រ​ល័យ​ពូជ​សាសន៍​ ទួល​ស្លែង​​ និ​ង​ជើង​ឯក​ ​និង​ការ​ចុះ​ផ្សព្វ​ផ្សាយ​នៅ​តាម​ភូមិ​ឃុំ​ស្រុក​នានា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ការ​យល់​ដឹង ​និង​ការ​ចងចាំ​អំពី​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​»៕