ភ្នំពេញ៖ ​ក្នុង​រយៈពេល​ជាង​ ១ ​ខែ​កន្លង​មក​នេះ សមត្ថកិច្ច​ចម្រុះ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​រក​ឃើញ ​និង​បង្ក្រាប​ចាប់​រឹប​អូស​ទឹក​អាល់កុល​ក្លែងក្លាយ​ជាង ​៨០ ​តោន ​ពី​តាម​​ទីផ្សារ​នៅ​ទូទាំង​ប្រទេស​។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ចុះ​ថ្ងៃទី ​១៧​ ខែ មេសា ឆ្នាំ ២០២០ ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិល​មិញ​ទឹក​អាល់កុល​សម្រាប់​លាង​ដៃ ដែល​ផ្សំ​ឡើង​ពី​សារធាតុ​មេតាណុល ដែល​ត្រូវ​បាន​ហាម​ឃាត់​ ដោយ​អង្គការ​សុខភាព​ពិភព​លោក ចំនួន​ជាង ​ ៨០ ​តោន ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នៃ​ក្រសួង​ពាណិជ្ជ​កម្ម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ឃើញ ​និង​បង្ក្រាប​ចាប់​រឹប​អូស​ពី​តាម​ទីផ្សារ និង​នៅ​តាម​ទីកន្លែង​ផ្សេងៗ​ទៀ​ត​​នៅ​ទូទាំង​ប្រទេស​។

សេចក្ដី​ជូន​ដំណឹង​បន្ត​ថា​៖ «មេតាណុល គឺ​ជា​​ប្រភេទ​អាល់កុល​ពុល​គ្មាន​ពណ៌ គ្មាន​ក្លិន និង​មាន​លក្ខណៈ​ថ្លា​ស្រដៀង​គ្នា​ខ្លាំង ទៅ​នឹង​អាល់កុល​ធម្មតា ​(អេទីល​អាល់កុល) ដែល​ភាគ​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​ជា​សារធាតុ​រំលាយ​»។

យោង​តាម​សេចក្តី​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក សារធាតុ​មេតាណុល មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​សារធាតុ​ផ្សំ​សកម្ម​នៅ​ក្នុង​ការ​ផលិតសារ​ធាតុ​លាង​សម្អាត​ដៃ​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​។ ក្នុង​នោះ​ផល​ប៉ះពាល់​សម្រាប់​រយៈពេល​ខ្លី គឺ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ «រលាក​ស្បែក រលាក​ភ្នែក ឈឺ​ក្បាល​ វិល​មុខ ងងុយ​ដេក ច្របូល​ច្របល់ បាត់​ស្មារតី ក្អួត រំខាន​ដល់​ការ​រំលាយ​អាហារ​ និង​ធ្វើ​ឱ្យ​ស្រវាំង​ភ្នែក»។

សម្រាប់​ក្នុង​រយៈពេល​វែង​វិញ «ប្រសិន​បើ​មាន​ការ​ដាក់​លាយ​ជាមួយ​ស្រា ឬ​ជាមួយ​ភេសជ្ជៈ​ផ្សេងៗ​នោះ​វា​នឹង​ធ្វើ​ឲ្យ​ពុល​ដល់​ប្រព័ន្ធ​រាងកាយ ខូច​ដល់​ប្រព័ន្ធ​ខួរ​ក្បាល ការ​មើល​ឃើញ​ចុះ​ខ្សោយ ឬ​ស្រវាំង​ និង​អាច​ងងឹត​ភ្នែក​ទាំង​ស្រុង​»។

លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​ដល់​អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និង​បុគ្គល ដែល​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​​ដែល​ប្រើប្រាស់​សារធាតុ​មេតាណុល ឲ្យ​បញ្ឈប់​ការ​ដាក់​លក់ និង​ចែកចាយ​ផលិតផល​ទាំង​នោះ​នៅ​ក្នុង​ទីផ្សារ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ទាំង​មូល។

លោក​ព្រមាន​ថា៖ ​«​ក្នុង​ករណី​ក្រសួង​ពិនិត្យ​ឃើញ អាជីវករ ពាណិជ្ជករ ​ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​ណា​មួយ​ នៅ​តែ​ឆ្លៀត​ឱកាស​លក់ ​និង​ចែក​ចាយ​ទឹក​អាល់កុល​ធ្វើ​ពី​មេតាណុល ក្នុង​អំឡុង​ពេល​កម្ពុជា​កំពុង​ជួប​ប្រទះ​នឹង​ការ​រាត​ត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩ ក្រសួង​ពាណិជ្ជកម្ម​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​»។

បើ​តាម​លោក ស៊ាង ថៃ ក្នុង​ករណី មិន​អនុវត្ត​តាម​សេចក្ដី​អំពាវនាវ​របស់​ក្រសួង ជន​ប្រព្រឹត្តបទ​ល្មើស​នឹង​រង​ការ​ផាក​ពិន័យ​ ឬ​នឹង​ត្រូវ​រឹប​អូស​អាជ្ញាប័ណ្ណ [បញ្ចប់​មុខរបរ​អាជីវកម្ម] និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ អាស្រ័យ​លើ​បរិមាណ​នៃ​ផលិតផល​ដែល​ជា​វត្ថុ​តាង​ត្រូវ​បាន​រឹប​អូស​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ពេល​នេះ​ក្រសួង​​កំពុង​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង​ទៅ​នឹង​ជន​បរទេស ​២ ​នាក់ ដែល​​បាន​លួច​នាំចូល​ដោយ​ខុស​​ច្បាប់​នូវ​ផលិតផល​ទឹក​អាល់កុល​សម្រាប់​លាង​ដៃ​ដែល​ផ្សំ​ឡើង​ពី​សារធាតុ​​មេតាណុល​មក​ក្នុង​ទីផ្សារ​កម្ពុជា។

លោក ផាន អូន ​បាន​​បញ្ជាក់​ថា៖ «សម្រាប់​ករណី​ទឹក​អាល់កុល​ក្លែងក្លាយ​នេះ គឺ​ផល​ប៉ះពាល់​របស់​វា​ មិន​ត្រឹម​តែ​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​លើ​ផ្នែក​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត ដូច្នេះ​យើង​ចាំបាច់​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចំណាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​»៕