ភ្នំពេញៈ ក្នុង​ ១ ​ថ្ងៃ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ខ្លួន​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជា​មធ្យម​បាន​ ៤០ ​នាក់​ដែល​ធ្វើឲ្យ​មជ្ឈមណ្ឌល​ព្យាបាល​គ្រឿងញៀន​បណ្តោះអាសន្ន​ឡើង​ចង្អៀត​ណែន​បើ​ទោះបី​ជា​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​អះអាង​ថា ករណី​គ្រឿងញៀន​មាន​ការ​ថយចុះ​ក៏ដោយ​។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថែ្លង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ចំនួន​ករណី​បង្ក្រាប​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មាន​ការ​ថយចុះ ដោយសារ​តែ​ការចូលរួម​ពី​គ្រប់​សមាសភាព​នៅក្នុង​សង្គម​ទាំង​ការធ្វើ​សកម្មភាព និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទាំង​ការ​ផ្តល់​ព័ត៌មាន និង​ការសហការ​ជាមួយ​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន និង​វិធានការ​ជាក់ស្តែង​ជា​បន្តបន្ទាប់​។

លោក​បាន​បញ្ជាក់​ថា​៖ «​ជា​មធ្យម​ ៤០ ​នាក់​រួម​ទាំង​អ្នក​ដែល​ប្រើប្រាស់ និង​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ ១ ​ថ្ងៃ​។ កាលពី​មុន ១ ​ថ្ងៃ​មាន ២៤ ​ករណី​ឥឡូវ​ធ្លាក់​មក​នៅ​តែ ២២ ករណី ហើយ​កាលពី​មុន​ចាប់​ខ្លួន​ប្រមាណ ៥៤ នាក់​ឥឡូវ​ធ្លាក់​មក​នៅ​ត្រឹម​ប្រមាណ ៤០ នាក់​គឺ​វា​មាន​ការ​ថយចុះ​ច្រើន​...​។ ឥឡូវ​នេះ​នៅ​តាម​មណ្ឌល​បណ្តោះអាសន្ន​មួយ​ចំនួន វា​ឡើង​សរុប​ទៅ​ប្រហែល​ជា ៦ ០០០ នាក់​»​។

លោក​បាន​បន្ថែម​ថា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ និង​កំពុង​ខិតខំ​ធ្វើការ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ស្ថានភាព​កាន់តែ​ល្អប្រសើរ និង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​គ្រឿងញៀន​មាន​ការរីក​រាលដាល​។

លោក​បញ្ជាក់​ថា​៖ «​យើង​ខិតខំ​បន្ថយ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​ទទួល​សេវា​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត​ហើយ​នឹង​ដាស់តឿន​អប់រំ​ប្រជាពលរដ្ឋ ជាពិសេស​អាណាព្យាបាល​ឲ្យ​ខិតខំ​យក​ចិត្ត​ទុកដាក់​តាមដាន​កូន​ដោយ​បញ្ជូន​កូន​ទៅ​ទទួល​យក​សេវា​ព្យាបាល​ដោយ​កុំ​ខ្មាសអៀន និង​លាក់លៀម​»​។

ជាមួយ​គ្នា​នេះ​ដែរ​នៅក្នុង​បទសម្ភាស​ជាមួយ​ទូរទស្សន៍ Fresh News កាលពី​ម្សិលមិញ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បាន​ថ្លែង​ថា​ក្នុង​រយៈពេល ២៤៩ ​ថ្ងៃ​មាន​ករណី​គ្រឿងញៀន​សរុប​ចំនួន ៥២០០ ​ករណី​ដែល​ពាក់ព័ន្ធ​ទាំង​អ្នក​ប្រើប្រាស់ និង​អ្នក​ជួញដូរ ហើយ​មាន​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​អ្នក​ប្រើប្រាស់ គ្រឿងញៀន​ចំនួន ១០ ៥១៩ នាក់​។

ក្នុង​ចំណោម​ករណី​សរុប​ចំនួន ៥ ២០០ ករណី​មាន​ករណី​ចរាចរណ៍ និង​ជួញដូរ ដឹកជញ្ជូន និង​រក្សា​ទុក​គ្រឿងញៀន​ចំនួន ៣៣៩៩ ​ករណី ហើយ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ៦ ១៦៥ នាក់​ខណៈ​ដែល​មាន​អ្នក​ប្រើប្រាស់​ចំនួន ១ ៨៩៦ ករណី​ដែល​ជន​ប្រើប្រាស់​គ្រឿងញៀន​មាន​ចំនួន ៤ ៣៥៤ ​នាក់​។

លោក​បាន​បន្ថែម​ថា​ទន្ទឹម​នឹង​ភាពចង្អៀត​ណែន​នៅ​តាម​មណ្ឌល​ស្តារ​នីតិសម្បទា​មួយ​ចំនួន​រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ប្រឹងប្រែង​កសាង​មជ្ឈមណ្ឌល​ដ៏ធំ​មួយ​នៅ​ក្នុង​ឃុំ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ដែល​អាច​ដាក់​មនុស្ស​បាន​ប្រមាណ ២០០០ ​នាក់​ដោយ​ផ្តល់​សេវា​គ្រប់​ជ្រុងជ្រោយ​ហើយ​នៅពេល​នេះ​កំពុង​សាងសង់​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៦ ​លាន​ដុលា្លរ​។

លោក មាស វីរិទ្ធ បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​អ្វី​ដែល​ប្រឈម​ខ្លាំង​នោះ​នៅ​កម្ពុជា​គាត់​ (​អ្នក​ប្រើ​គ្រឿងញៀន​) ​គឺជា​បុគ្គល​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស និង​ចំណាកស្រុក​ពី​ស្រុកកំណើត​ទៅ​ទីប្រជុំជន​ដើម្បី​រក​ការងារ​ធ្វើ ហើយ​គាត់​ក៏ត្រូវ​បាន​គេ​អូសទាញ និង​លួងលោម​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ហើយ​ទីបំផុត​គាត់​ធ្លាក់​ខ្លួន​ទៅ​ជា​បុគ្គល​ដែល​អាច​ប្រព្រឹត្ត​បទល្មើស ឬ​បង្ក​បញ្ហា​រំខាន​ដល់​អ្នកដទៃ​ជាពិសេស​ធ្វើឲ្យ​មាន​ការ​រំខាន​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ​ក្នុង​សង្គម​ដែល​យើង​កំពុង​នាំ​គ្នា​ថែរក្សា​...»​។

លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​អនុវត្ត​ច្បាប់​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ដែល​ក្រុម​ឧក្រិដ្ឋជន​មាន​ការវិវឌ្ឍ​ជឿនលឿន​ជាង​សមត្ថកិច្ច​។

មន្ត្រី​ប៉ូលិស​ក្រុង​ភ្នំពេញ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ចោទប្រកាន់​ថា មន្ត្រី​ប៉ូលិស​គ្រឿងញៀន​មួយ​ចំនួន​នៅពេល​ពួកគេ​បាន​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន មន្ត្រី​ទាំង​នោះ​បាន​ធ្វើ​របាយការណ៍​ចោទប្រកាន់​ពួកគេ​ថា​ជួញដូរ​គ្រឿងញៀន​ជា​ថ្នូរ​នឹង​ការ​ទាមទារ​សំណូក​ពី​សាច់ញាតិ​ជន​ទាំងនោះ​។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ប៉ូលិស​មួយ​ចំនួន​នៅ​ពេល​ដែល​ចាប់​បាន​អ្នក​ដែល​ប្រើប្រាស់​ពួកគាត់​ចោទ​ថា​ពួកគេ​ជា​អ្នក​ជួញដូរ​ដើម្បី​ទារលុយ​ពី​សាច់ញាតិ​ពួកគេ ហើយ​បើ​ជន​ទាំង​នោះ​មិន​ឲ្យ​លុយ​ទេ ពួកគេ​នឹង​បញ្ជូន​ទៅ​តុលាការ​។ មន្ត្រី​ខ្លះ​ឃុបឃិត​នឹង​អ្នក​ជួញដូរ​គ្រឿងញៀន ដោយសារ​តែ​ខ្លួន​បាន​សំណូក​ពី​អ្នក​ជួញដូរ​គ្រឿងញៀន​»​។

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ដែល​ធ្វើ​ការព្យាបាល​អ្នក​ប្រើប្រាស់​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា សមត្ថកិច្ច​មិន​សូវ​ជា​ចាប់បាន​អ្នកជួញដូរ​គ្រឿងញៀន​ធំៗ​ទេ​គឺ​ចាប់​បាន​តែ​អ្នក​ប្រើប្រាស់​តូចតាច​ហើយ​ក៏​បង្ក្រាប​មិន​សូវ​ចំ​គោលដៅ​ឈ្មួញ​ជួញដូរ​ធំៗ​ដែរ​។

លោក​អះអាង​ថា អ្នក​ខ្លះ​មិន​បាន​ប្រើប្រាស់​ផង គ្រាន់តែ​ជិះ​ជាមួយ​គ្នា​ក៏​ជាប់​ចោទ​ជា​អ្នកជួញដូរ​គ្រឿងញៀន​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​កាលណា​មណ្ឌល​មាន​បរិមាណ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​លើស​ចំណុះ​នោះ​គុណភាព​នៃ​ការ​ព្យាបាល​ក៏​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ដែរ​...​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ និង​ហើយ​វា​ខុស​បចេ្ចកទេស​។ នេះ​មិនមែន​ការព្យាបាល​ទេ​»៕