ភ្នំពេញៈ ក្នុង​រយៈពេល​ជិត​ ២ ​ខែ​មក​នេះ ​កម្ពុជា​ទទួល​បាន​អ្នកដំណើរ​តាម​ជើងហោះហើរ​ជា​ជនជាតិ​បរទេស​ និង​ខ្មែរ​ជាង ២ ​ម៉ឺន​នាក់​ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ខណៈ​មន្ត្រី​ខាង​អាកាសចរ​ស៊ីវិល​រំពឹង​ថា នៅក្នុង​ខែ​កក្កដា​នេះ កម្ពុជា​នឹង​មាន​អ្នកដំណើរ​កើន​លើសពី ២ ​ម៉ឺន​នាក់​។

លោក ជា អូន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជាធម្មតា​កម្ពុជា​ទទួល​បាន​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​តាម​ជើងហោះហើរ​គឺជា​មធ្យម​ពី​ ១ ​ម៉ឺន​ ៥ ​ពាន់​នាក់​ទៅ​ ២ ​ម៉ឺន​នាក់​ក្នុង ១ ​ថ្ងៃ ប៉ុន្តែ​ចាប់​តាំងពី​កើតមាន​វិបត្តិ​កូវីដ​១៩​មក​បាន​ធ្វើឱ្យ​អ្នកដំណើរ​ថយចុះ​យ៉ាងខ្លាំង គឺ​ក្នុង​ ១ ​ថ្ងៃ​ស្ទើរតែ​គ្មាន​ជើងហោះហើរ​មកពី​ក្រៅប្រទេស​សោះ​ក៏មាន​។

លោក​បន្តថា បើ​គិត​ចាប់ពី​ខែ​កុម្ភៈ​រហូត​ដល់​ចុងខែ​មេសា តួលេខ​អ្នកដំណើរ​សរុប​ប្រហែល​ ៣ ​ខែ​នេះ​គឺមាន​ប្រហែល​ពី​ ៦ ​ពាន់​ទៅ​ ៧ ​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​នៅក្នុង​ខែ​ឧសភា​មាន​អ្នកដំណើរ​សរុប​ប្រហែល​ ១ ​ម៉ឺន ៧ ​ពាន់​នាក់ និង​ខែមិថុនា​មាន​អ្នកដំណើរ​ប្រហែល​ ២ ​ម៉ឺន​នាក់ ខណៈ​នៅក្នុង​ខែ​កក្កដា​នេះ លោក​រំពឹង​ថា​នឹង​អាចមាន​អ្នកដំណើរ​កើន​ដល់​ ២ ​ម៉ឺន​ ៥ ​ពាន់​នាក់ ឬ​ទៅដល់​ ៣ ​ម៉ឺន​នាក់​។

លោក​ថា​៖ «​ឥឡូវនេះ មាន​តែ​អ្នកដំណើរ​ (​ជនបរទេស​) ​ដែល​គេ​ត្រឡប់មក​ធ្វើការងារ​វិញ ឬ​និស្សិត​ខ្មែរ​មក​ផ្ទះ​ប៉ុណ្ណោះ មិនមែន​អ្នក​ទេសចរ​ទេ មិន​ដូច​ពីមុន​មាន​អ្នក​ដំណើរ​ជា​អ្នកទេសចរ​ចូលមក​ច្រើន​ក្នុង​ ១ ​ថ្ងៃៗ​។ ចំនួន​អ្នកដំណើរ​នៅពេល​នេះ​ទាប​ណាស់ ព្រោះ​បើ​ប្រៀបធៀប​ចំនួន​​អ្នកដំណើរ​ក្នុង​ ១ ​ខែ​គឺ​ខែ​ ៥ និង​ខែ​ ៦ គឺ​ស្ទើរតែ​ស្មើ​ចំនួន​អ្នកដំណើរ​ក្នុង ១ ​ថ្ងៃ​កាលពី​ពេលមុន​ (​មុន​កើត​ជំងឺ​កូវីដ​)»​។

ជាមួយ​គ្នា​នេះ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា បើ​គិត​ចាប់​តាំងពី​ថ្ងៃទី​ ២០ ខែ​ឧសភា គឺ​នៅពេល​ដែល​រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​អ្នកដំណើរ​មកពី​ប្រទេស​ចំនួន​ ៦ រួមមាន​សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង​អ៊ីរ៉ង់​អាច​ចូល​កម្ពុជា​មក​ដល់​ថ្ងៃទី​ ១៥ ខែកក្កដា គឺ​​មាន​អ្នកដំណើរ​សរុប​ជាង ២ ​ម៉ឺន​នាក់​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​ចិន​ដែល​ត្រឡប់មក​បំពេញ​ការងារ​វិញ និង​និស្សិត​ខ្មែរ​ជិត​ ១ ​ពាន់​នាក់​។

សារព័ត៌មាន ហ្វ្រេសញូវ បាន​ដកស្រង់​សម្ដី​លោកស្រី យក់ សម្បត្តិ ចុះផ្សាយ​ថា​៖ «​ទោះបី​ជា​មាន​អ្នកដំណើរ​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា​កើនឡើង​ពី​ ១ ​ថ្ងៃ​ទៅ ១​ ថ្ងៃ​ក៏ដោយ និង​មាន​ជើងហោះហើរ​ពេល​យប់​ក្ដី ក្រុមមន្ដ្រី​សុខាភិបាល​របស់​យើង​នៅតែ​បន្ដ​ធ្វើ​ការងារ​ធ្វើ​តេស្ដ​ពេញ​ ២៤ ​ម៉ោង​ដោយ​មិន​រួញរា​ឡើយ មិន​ថា​ថ្ងៃ ឬ​យប់​កណ្ដាល​អធ្រាត្រ​នោះ​ទេ គឺ​ត្រូវ​ធ្វើឱ្យ​ហើយ និង​យក​ចិត្ដ​ទុកដាក់​ខ្ពស់ ដើម្បី​ការពារ​ទប់ស្កាត់​ការរីករាលដាល​កូវីដ​ ១៩»​។

ចាប់ពី​ថ្ងៃទី​ ២០ ខែ​ឧសភា ​មក រដ្ឋាភិបាល​បាន​រឹតបន្តឹង​បន្ថែម​ចំពោះ​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​ទាំងអស់ ដោយ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ ខណៈ​ដែល​ជំងឺ​កូវីដ​ភាគច្រើន​គឺជា​ករណី​នាំចូល​។

កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​សរុប ១៦៦ ​នាក់​ ក្រោយពី​និស្សិត​ខ្មែរ​មកពី​អារ៉ាប៊ី សាអ៊ូឌីត​ម្នាក់​ត្រូវបាន​ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ថា បាន​ឆ្លង​ជំងឺ​កូវីដ ​១៩ និង​ធ្វើឱ្យ​ចំនួន​និស្សិត​ទាំង​ ៨០ ​នាក់​ មកពី​ប្រទេស​នេះ​ចូលមក​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា កើន​ដល់​ ២៥ ​នាក់​ ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដែរ​ថា ពលរដ្ឋ​ត្រូវ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល​សម្លាប់​មេរោគ ឬ​ទឹកអាល់កុល និង​ត្រូវ​ពាក់​ម៉ាស់​ការពារ​ឲ្យ​បាន​ល្អ​ហើយ​មិនត្រូវ​ធ្វេសប្រហែស​ដោយសារ​តែ​កម្ពុជា​មាន​ករណី​ឆ្លង​ទាប​នោះទេ​។

លោក​សរសេរ​ថា​៖ «​ទីកន្លែង​ធ្វើ​អាជីវកម្ម​តូចធំ រួមទាំង​ផ្សារ​រដ្ឋ និង​ឯកជន តូប​លក់​អីវ៉ាន់​តូចធំ ដេប៉ូ​ចែកចាយ ហាង​កាហ្វេ ភោជនីយដ្ឋាន ការដ្ឋាន​សំណង់ ទីកន្លែង​កាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ដែល​បាន​អនុញ្ញាត ធនាគារ និង​កន្លែង​ប្តូរប្រាក់​តូចធំ គ្លីនិក​តូចធំ គ្លីនិក​ធ្មេញ មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​ឯកជន​ត្រូវតែ​មាន​ជែល​ទឹក​អាល់កុល និង​ម៉ាស់​សម្រាប់​ផ្តល់​ជូន​អតិថិជន ឬ​ក្រុមគ្រួសារ​អ្នកជំងឺ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ត្រូវ​បន្ត​ធ្វើតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​គ្រប់ពេល​»​។

ថ្វីដ្បិត​រដ្ឋាភិបាល​បាន​បញ្ជាក់ថា កម្ពុជា​នៅតែ​ប្រឈម​ហានិភ័យ​ទៅនឹង​ជំងឺ​កូវីដ ​១៩ ​ពី​ក្រៅ​ប្រទេស​ក្ដី ប៉ុន្តែ​កាលពី​ថ្ងៃទី​ ១៥ ​ខែ​កក្កដា ​លោក ហ៊ុន សែន បានចេញ​អនុក្រឹត្យ​ប្រកាស​ជា​ផ្លូវការ​ឱ្យ​មន្ត្រីរាជការ និយោជិត កម្មករ បាន​ឈប់សម្រាក​នៅ​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២១ ខែសីហា ខណៈ​លោក​ធ្លាប់​លើកឡើង​ថា ការឈប់​សម្រាក​សង​ចូលឆ្នាំ​នេះ គឺ​អាច​មាន​រយៈពេល​ ៩ ​ថ្ងៃ បើ​បូក​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ​ចំនួន​ ៤ ​ថ្ងៃ​ទៀត​។

ជាមួយ​គ្នា​នេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​បាន​ចេញ​ប្រកាស​មួយ​ដែរ​ថា រោងចក្រ និង​សហគ្រាស​ទាំងអស់​ត្រូវ​បាន​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ដែល​ត្រូវ​ឈប់សម្រាក​ពីថ្ងៃ​ទី​ ១៧ ដល់​ថ្ងៃទី​ ២១ ​ខែ​សីហា ប៉ុន្តែ​ចំពោះ​រោងចក្រ និង​សហគ្រាស​ដែល​មិនអាច​ឱ្យ​កម្មករ​ទាំងអស់​ឈប់សម្រាក​ព្រម​គ្នា​ក្នុង​ពេល​តែមួយ​​បាន​ គឺ​ខាង​និយោជក​ត្រូវតែ​រៀបចំ​បែងចែក​ឱ្យ​កម្មករ​បាន​ឈប់សម្រាក​តាម​កាលបរិច្ឆេទ​នេះ ដោយ​ផ្លាស់ប្ដូរ​វេន​គ្នា​។

សេចក្ដី​ប្រកាស​សរសេរ​ថា​៖ «​ក្នុងករណី​មាន​ការព្រមព្រៀង​គ្នា​រវាង​កម្មករ​និយោជិត​សាម៉ី និង​និយោជក ឬ​មាន​ចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​រោងចក្រ សហគ្រាស ឬ​អនុសញ្ញា​រួម​។ ការឈប់​សម្រាក​នេះ​អាច​អនុវត្ត​នៅពេល​ណាមួយ​ផ្សេង​ទៀត ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​ដូច​មានកំណត់​នៅក្នុង​ប្រកាស​នេះ​»៕