ភ្នំពេញៈ ក្រសួង​យុត្ដិធម៌​បាន​ប្រកាស​លទ្ធផល​ ១៥០ ​ថ្ងៃ​នៃ​ការអនុវត្ដ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ដ​ទូទាំង​ប្រទេស​បន្ទាប់ពី​ចាប់ផ្តើម​អនុវត្ដ​កាលពី​ថ្ងៃ​ ១៨ ឧសភា ក្នុង​នោះបាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ​សរុប​បាន ២៧ ៧០០ ​សំណុំ​រឿង​ស្មើនឹង ៧១% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​។

ការប្រកាស​លទ្ធផល​នេះ​ធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​ពិនិត្យ​មើល​វឌ្ឍនភាព និង​លទ្ធផល​រយៈពេល​ ១៥០ ​ថ្ងៃ​ នៃ​ការអនុវត្ដ​យុទ្ធនាការ​នេះ​ក្រោម​អធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ដំបូង​រាជធានី-ខេត្ត​ (​គ.យ.ក.ស​) នឹង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​អម​សាលាដំបូង និង​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ទូទាំងប្រទេស​ផងដែរ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្ដិធម៌​ឱ្យដឹងថា​៖ «​ជា​លទ្ធផល​សាលាដំបូង​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​ទាំង​ដំណាក់កាល​អយ្យការ​ទាំង​ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ​មាន​ចំនួន​សរុប​ជាង ២៧៧០០ សំណុំរឿង​ស្មើនឹង ៧១% នៃ​សំណុំរឿង ព្រហ្មទណ្ឌ​ដែល​កកស្ទះ​»​។ សាលាដំបូង​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​ក៏បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ចូល​ថ្មី​ជាង ២០២០០ សំណុំរឿង​ស្មើនឹង ៦១%​។ ​

ជាមួយ​នឹង​លទ្ធផល នេះ គ.យ.ក .ស ក៏បាន​ប្រកាស​អំពី​ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដល់​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ចំនួន ៥ រួមមាន ខេត្តសៀមរាប កោះកុង កំពត បន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ​។ គ.យ.ក.ស បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ​នៃ​អង្គភាព​រដ្ឋបាល​នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ទាំងអស់ ព្រមទាំង​ក្រុម​ការងារ​នៃ គ.យ.ក.ស ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ប្រកបដោយ ឆន្ទៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការជំរុញ​ការអនុវត្ត​យុទ្ធនាការ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក៏​ដូចជា​វិស័យ​យុត្តិធម៌​ផងដែរ​។

គ.យ.ក.ស រំពឹងថា សាលាដំបូង​ផ្សេងទៀត​នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​ការងារ ដើម្បី​ឈាន​ទៅ​រក​ការប្រកាស​អំពី​ភាពជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ​នេះ​ជា​បន្តបន្ទាប់​។ គ.យ.ក.ស ក៏​សង្ឃឹម​ផងដែរ​ថា តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​សំដៅ​រួមចំណែក​ធ្វើឱ្យ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-​ខេត្ត អាច​សម្រេច​លទ្ធផល​បាន​តាម​ផែនការ​ដែល​បានគ្រោង​ទុក ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ​គឺ «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ ថា​ការប្រកាស​អំពី​ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ​របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទាំង ៥ ខាងលើ​ពីព្រោះ​ទាំងនេះ​បាន​ដោះស្រាយ​បញ្ចប់​នូវ​សំណុំរឿង​ដែល​កកស្ទះ​។

លោក​ថ្លែងថា​៖ «​ខេត្ដ​ទាំង​ ៥ ​នេះ​បានបញ្ចប់​ជោគជ័យ ១០០%​។ ប៉ុន្ដែ​បើ​និយាយ​ទូទាំងប្រទេស​សំណុំ​រឿង​ចាស់ គឺ​សំណុំរឿង​ដែល​កកស្ទះ​គិត​ចាប់ពី​ត្រឹម​ថ្ងៃទី​ ១៨ ខែ​ឧសភា ចាប់ពី​ពេលដែល​យើង​ចាប់ផ្ដើម​អនុវត្ដ​យុទ្ធនាការ​នេះ​គឺ​ដោះស្រាយ​បាន ៧១ ​ភាគរយ​ក្នុង​ចំណោម​សំណុំរឿង​សរុប​ជិត ៤ ​ម៉ឺន​សំណុំរឿង​»​។

លោក ម៉ាលីន បញ្ជាក់ថា តាមរយៈ​លទ្ធផល​រយៈពេល​ ១៥០ ​ថ្ងៃនេះ គ.យ.ក.ស រំពឹង​ទុក​ថា សាលាដំបូង​រាជធានី​ខេត្ដ​ដែល​មិនទាន់​ប្រកាស​ជោគជ័យ និង​ប្រកាស​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ហើយ​នឹង​បិទ​បញ្ចប់​យុទ្ធនាការ​នេះ​ទូទាំង​ប្រទេស​នៅមុន​ដំណាច់​ឆ្នាំនេះ​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ថ្លែង​ថា​នេះ​ជា​ការល្អ​ចំពោះ​លទ្ធផល​នៃ​ការដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះ​នេះ​។ ប៉ុន្ដែ​ជា​បទពិសោធ​ក្នុង​យុទ្ធនាការ​នេះ ក្រសួង​យុត្ដិធម៌ និង​តុលាការ​នៅ​តាម​សាលាដំបូង រាជធានី-ខេត្ដ​គួរតែ​មាន​វិធានការ​គ្រប់គ្រង​ចំពោះ​សំណុំរឿង​នៅតាម​កន្លែង​របស់ខ្លួន​ឱ្យបាន​ល្អ និង​មាន​ចំណាត់ការ​ឱ្យបាន​ទាន់​ពេលវេលា​ចៀសវាង​ការកកស្ទះ​។

លោក​ថ្លែងថា​៖ «​កាលណា​ការដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះ​ដោយ​បង្ខំ ក្នុង​រយៈពេល​ខ្លី វា​មិនអាច​ធ្វើការ​ដោះស្រាយ​សំណុំរឿង​នោះបាន​ល្អ​ប្រសើរ និង​យុត្ដិធម៌​ទេ​។ ដូច្នេះ​គួរតែ​មាន​ការគិតគូរ​ពី​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ​ក្នុង​ពេលវេលា​កំណត់​ច្បាស់លាស់ ត្រឹមត្រូវ ដើម្បី​កុំ​ឱ្យ​សំណុំរឿង​មាន​ការកកស្ទះ​ទៀត​»៕