
សមត្ថកិច្ចត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងម៉ោងបម្រាមគោចរ កាលពីខែមេសា។ ហុង មិនា
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្សជិត ២ ០០០ នាក់ ដែលបានល្មើសនឹងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលនៅក្នុងរយៈពេល ១ ខែកន្លងមកនេះ គិតចាប់ពីថ្ងៃទី ១៥ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ ២០២១។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែឧសភានេះថា មនុស្សប្រមាណជិត ២ ០០០ នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ចែកជា ២ ដំណាក់កាល។
ទី១ ការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៥ ខែមេសា រហូតដល់ ថ្ងៃទី ៥ ឧសភា និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី ៦ ខែឧសភា រហូតដល់ថ្ងៃទី ១៥ ខែឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានបន្តអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៨ យប់ រហូតដល់ម៉ោង ៣ ទៀបភ្លឺ។
លោកថ្លែងថា៖ «ក្នុងរយៈពេល ១ ខែមកនេះ សរុបទៅយើងឃាត់បានមនុស្ស ១ ៩៤០ នាក់ តុលាការបានបញ្ជូនទៅពន្ធនាគារ ១១ នាក់ កំពុងសាកសួរនៅតុលាការ ៣ នាក់ ហើយយើងបានធ្វើការអប់រំណែនាំ ១ ២៩៨ នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក ២៩១ នាក់ និងព្យាបាលកូវីដចំនួន ៤ នាក់ ហើយនិងពិន័យអន្តរការណ៍ ៣៣៣ នាក់»។
បើតាមលោក សាន សុខសីហា ការឃាត់ខ្លួនមនុស្សដែលមានការបែងចែកអ្នកខ្លះត្រូវបញ្ជូនទៅតុលាការ អ្នកខ្លះពិន័យអន្តរការណ៍ព្រមទាំងអ្នកខ្លះទៀត ត្រូវទទួលបានការអប់រំណែនាំ និងអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដោយសារតែស្ថានភាពទោសមានសភាពផ្សេងៗពីគ្នា។
លោកបានថ្លែងថា៖ «យើងឃើញស្រាប់ហើយអ្នកខ្លះគាត់រត់ទៅតាមខេត្តតាមអីឆ្លងកូវីដ ១៩ ទៅអ្នកផ្សេងអាហ្នឹង គឺជាស្ថានភាព ១ ធ្ងន់ធ្ងរ ដែលយើងត្រូវតែបញ្ជូនទៅតុលាការ ហើយទាក់ទងនឹងការបើកបុកបារ៉ាស់ វ៉ៃមកលើសមត្ថកិច្ច ការកាត់ខ្សែកន្លែងរបាំងហាមឃាត់ បិទខ្ទប់អីហ្នឹង សុទ្ធតែជាទោសទណ្ឌ»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះបានបញ្ជាក់ថា ចំពោះការអប់រំណែនាំមានន័យថា បងប្អូនប្រជាពលរដ្ឋអត់មានបង្កបញ្ហាអីទេ គាត់គ្រាន់តែចេញមកក្រៅផ្ទះជិតៗ ទើបសមត្ថកិច្ចធ្វើការណែនាំគាត់ឲ្យមានការយល់ដឹង។ ចំណែកអ្នកដែលពិន័យអន្តរការណ៍វិញ ជាទូទៅច្រើនតែអនុវត្តចំពោះអ្នកដែលល្មើសមានការជួបជុំ ផឹកស៊ី ឬក៏ជួបជុំនៅហាងមួយចំនួន ដែលគេហាមឃាត់ហើយពួកគាត់នៅតែបំពានទៅជួបជុំគ្នាទៀត។
លោកថា៖ «យើងនិយាយជារួមមក គឺអាជ្ញាធរមានការយោគយល់ច្រើន យើងមានការអប់រំណែនាំគាត់ច្រើន ហើយយើងគិតថា លើកលែងតែបទល្មើសហ្នឹងវាធ្ងន់ធ្ងរណាស់ ទើបយើងធ្វើការបញ្ជូនគាត់ទៅកាន់តុលាការ»។
លោក សាន សុខសីហា បញ្ជាក់បន្ថែមថា សមត្ថកិច្ចនៅតែបន្តអនុវត្តល្បាតតាមតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងជាប្រចាំ ពិសេសអនុវត្តបម្រាមគោចរពេលយប់ ពីម៉ោង ៨ យប់ ដល់ម៉ោង ៣ ទៀបភ្លឺ តាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ក្នុងការល្បាតនោះ មានការចល័តកងកម្លាំងសមត្ថកិច្ចរាល់យប់ នៅគ្រប់ខណ្ឌដែលដឹកនាំដោយស្នងការរង ដើម្បីត្រួតពិនិត្យការអនុវត្តបម្រាមគោចរនេះ។ ឯការល្បាតនោះទៀតសោធ ក៏ដើម្បីរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ»៕
វីដេអូ៖