ភ្នំពេញៈ ករណី​រន្ទះបាញ់​ក្នុង​រយៈ​ពេល​ប្រមាណ ២​ សប្ដាហ៍​កន្លង​មក​នេះ បាន​សម្លាប់​មនុស្ស​ក្មេង-ចាស់ ​ប្រុស-ស្រីសរុប ១៣ នាក់ និង ១២ នាក់​ទៀតបាន​រងរបួស។ ចំនួន​នេះ បាន​ធ្វើ​ឲ្យ​កំណើន​អ្នកស្លាប់​ដោយ​ករណីរន្ទះ​បាញ់​​កើន​ឡើង​រហូត​ដល់ ៥៩ នាក់ និង​អ្នក​រង​របួស​កើន​ឡើង​រហូត​ដល់ ៥៦ នាក់ នៅ​ក្នុង​ឆ្នាំ ​២០១៩ ​នេះ។ ​

លោក កែវ វី​ អ្នក​នាំពាក្យ​គណៈ​​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​​រាយ ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ខណៈ​រដូវ​បង្ក​បង្កើន​ផល​បាន​មក​ដល់ ប្រជា​កសិករ​បាន​នាំគ្នា​ធ្វើ​ការ​ភ្ជួរ​រាស់​ធ្វើ​ស្រែ​ចម្ការ​ និងដាំដុះ​ដំណាំរួមផ្សំ​ផ្សេង​ទៀត​ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួក​គ។ ប៉ុន្តែ​ការ​បំពេញ​ការងារ​ដាំ​ដុះក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ គឺ​ជា​ហានិភ័យ​មួយ​ សម្រា​ប់​​ពួក​គាត់​ជា​កសិករ ព្រោះ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ បាតុ​ភូត​រន្ទះ​បា​ញ់​ក៏កើត​មាន​ផង​ដែរ​ ជាក់​ស្ដែង​ក្នុង​​រយៈ​​​​​​ពេល ​២ ​សប្ដាហ៍​កន្លង​​មក​នេះ បាតុភូត​ភ្លៀង​ខ្យល់​លាយ​ឡំ​នឹង​ផ្គរ​រន្ទះបាន​សម្លាប់​ប្រជា​ពលរដ្ឋ​ ១៣ នាក់ និង ​១២ ​​នាក់​ទៀតរងរបួស ព្រម​ទាំង​បាន​សម្លាប់​គោក្របី​ចំនួន ១៧ ក្បាល។

លោក​បាន​បញ្ជាក់​ថា​៖ «តួលេខ​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​​ដោយ​ករណី​រន្ទះ​បាញ់​ នៅ​ក្នុង​រយៈ​ពេល​ជាង​ ៥ ខែ​ដើម​ឆ្នាំ ២០១៩ គិត​ត្រឹម​ថ្ងៃចន្ទ [ម្សិ​ល​មិញ] កើន​ឡើង​រហូត​ដល់​ ៥៩ នាក់ និង​​​អ្នក​រង​របួស​កើន​ឡើង​រហូត​ដល់​ ៥៦​ នាក់ ខណៈ​ចំនួន​គោក្របី​ ដែល​បាន​​ងាប់​​ដោយ​ករណី​រន្ទះ​បាញ់​បាន​កើន​ដល់​ ៨០ ​ក្បាល»។

ជា​មួយ​គ្នា​នេះ លោក​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​​បាតុ​ភូត​ផ្គរ​រន្ទះ​ និងហាម​ប្រាម​ពលរ​ដ្ឋ​ប្រើប្រាស់​ឧបករណ៍​អេឡិច​ត្រូ​និកដែ​ល​រួម​មាន​ទូរស័ព្ទ វិទ្យុ​ទាក់​ទង វិទ្យុ-ទូរទស្សន៍​ និង​គ្រឿ​ងប្រដាប់​ប្រើ​ប្រាស់​ផ្សេ​ង​​​ទៀត​ដែល​ធ្វើ​ពីលោហ​ធាតុដែល​ងា​យ​ចម្លង​ចរន្ត​អគ្គិ​សនីនៅ​ក្នុង​ទីវាល​ពេល​​មេឃ​កំពុង​ភ្លៀង។

កាល​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន មនុស្ស​ ៤ ​នាក់​ បាន​ស្លាប់ និង ៤​ នាក់​ទៀត ​បាន​រង​របួស​ ដោយ​សារ​ករណី​រន្ទះ​បាញ់​ ក្នុង​ខេត្ត​ចំនួន​​ ៣ ផ្សេង​គ្នា ក្នុង​នោះ​ខេត្ត​រតនគិរី ​សិស្ស ២​ នាក់​ បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស ខណៈ​នៅ​ខេត្ត​ក្រចេះស្ត្រី ៣ នាក់​ម្ដាយ​ និង​កូន បាន​រង​របួស​ធ្ងន់​ស្រាល និងនៅ​ខេត្ត​សៀម​រាបយុវជន​ ៣ នាក់​បាន​ស្លាប់។

លោក ក្លុល ធឿង អធិការ​ស្រុក​លំផា​ត់ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ខណៈ​​​​កំពុង​លេង​ទាត់​បាល់​ក្នុង​ទីធ្លា​សាលា​រៀន ស្រាប់​តែ​មាន​ភ្លៀង​ខ្យល់ ​និង​ផ្គររន្ទះ​កើត​ឡើង បណ្ដាល​ឲ្យ​យុវសិស្ស​ ២ នាក់​ រួម​មាន​ឈ្មោះ ​យំ ថា​យ អាយុ​ ១១​ ឆ្នាំ និង​ លេង គឹ​ម​ហ៊ អាយុ​ ១៨ ​ឆ្នាំ បាន​ស្លាប់​នៅនឹង​កន្លែង និង​ម្នាក់​ទៀត​ឈ្មោះ ​ធ្វើ​ន រ៉េ​ន អាយុ​ ១៤ ​ឆ្នាំ បាន​រង​របួស​ធ្ងន់។

លោក​បញ្ជាក់​ថា៖​ «បាតុភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​នេះ កំពុង​រាំង​ស្ទះ​ដល់​ការ​សិក្សា​ផ្នែក​អប់រំ​កាយ​ និង​កីឡារ​បស់​សិស្ស​នៅ​ក្នុង​​ស្រុក​របស់​យើង»។

ចំណែក​នៅ​ឯខេត្ត​ក្រចេះ​ អ្នក​ស្រី ប៉ិច ច​ន្ធូ អាយុ​ ៣៣​ ឆ្នាំ និង​កូន​ស្រី​របស់​គាត់​ ២ ​នាក់​ទៀត​ ត្រូវ​បាន​រន្ទះបាញ់​ឲ្យរង​របួស​ធ្ងន់ ខណៈ​ពួក​គាត់​កំពុង​មើល​ទូរទស្សន៍​នៅលើ​គ្រែក្រោម​ផ្ទះពេល​មេឃ​កំពុង​ភ្លៀង​។ នេះបើ​យោង​តាម ​លោក ប៊ុន ឈឿន អធិការ​ស្រុក​សំបូរ។

ចំណែក​លោក ចាន់ សុធា នាយ​សេនា​ធិការ​នគរ​បាលក្រុង​សៀម​រាប បាន​និយាយ​ថា បុរស ២​ នាក់​ រួម​មាន​ឈ្មោះ ​សាយ ប៊ុន​តាន់ អាយុ ៣៣ ឆ្នាំ ជា​អ្នក​លក់​ទឹក​សុទ្ធ នៅ​ភូមិ​ត្រៀក សង្កាត់-ក្រុង​សៀម​រាប ខេត្ត​សៀម​រាប និង​ម្នាក់​ទៀត​ឈ្មោះ ទៀង សំបូរ អាយុ​ ២៧ ​ឆ្នាំ ជា​អ្នក​រក​ស៊ីបេះ​ឈូក​លក់ មាន​ទីលំនៅ​ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​កាលពី​រសៀ​ល​​ថ្ងៃ​សុក្រ ខណៈ​ពួក​គេ​កំពុង​ជ្រក​ភ្លៀង នៅ​ក្រោម​ដើម​ឈើធំ​មួយ​ដើម ស្ថិត​នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប៕