ភ្នំពេញៈ ពី​ឆ្នាំ​ ១៩៨០ ដល់​ឆ្នាំ ២០២០ ​នេះ​អាស៊ាន​បាន​បាត់បង់​តំបន់​ព្រៃ​កោងកាង​អស់​ប្រហែល​ ៣៣ ​ភាគរយ​ គឺ​ធ្លាក់ចុះ​ពី​ជាង ៦៣ ​ពាន់​គីឡូ​ម៉ែត្រការ៉េ​មក​នៅត្រឹម​ជិត ៤៣ ​ពាន់​គីឡូម៉ែត្រការ៉េ​ ខណៈ​មន្ត្រី​លើកឡើង​ថា កម្ពុជា​កំពុង​តែ​ដាំ​ព្រៃកោងកាង​ឡើងវិញ​នៅ​តំបន់​ដែល​បាត់បង់​។

មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន​ហៅកាត់​ថា ACB បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​ ២៦ ខែ​កក្កដា​ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​អភិរក្ស​អេកូឡូស៊ី​កោងកាង ដើម្បី​ក្រើនរំឭក​ទៅដល់​សាធារណជន​អំពី​សារៈសំខាន់​នៃ​តំបន់​ព្រៃកោងកាង និង​អំពី​តម្លៃ ដើម្បី​ដោះស្រាយ​ការបាត់បង់ និង​ការបំផ្លាញ​ព្រៃកោងកាង​។

បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​គឺមាន​ផ្ទៃដី​ព្រៃកោងកាង​សរុប​រហូត​ទៅដល់ ៤២ ​ភាគរយ​នៃ​ផ្ទៃដី​ព្រៃកោងកាង​នៅក្នុង​ពិភពលោក​។ មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន​បាន​បញ្ជាក់ថា តំបន់​ព្រៃ​កោងកាង​គឺ​បាន​ផ្តល់​ជម្រក​បន្ត​ពូជ​ដ៏សំខាន់ សម្រាប់​ពពួក​ត្រី​ប្រហែល ៧៥ ​ភាគរយ ​នៃ​ប្រភេទ​ត្រី​ដែល​ត្រូវបាន​គេ​ចាប់​នៅក្នុង​មហាសមុទ្រ ហើយ​ផ្នែក​ខ្លះ​នៃ​ព្រៃកោងកាង​ក៏​បាន​ជួយ​គាំទ្រ​ដល់​ប្រព័ន្ធ​ចំណីអាហារ​របស់​ពិភពលោក និង​ជា​អ្នកការពារ​ភពផែនដី ប្រឆាំង​នឹង​គ្រោះ​មហន្តរាយ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។

លើសពីនេះ​ព្រៃកោងកាង​ក៏​អាច​ផ្ទុក​កាបូន​បាន​ ១០ ​ដង​ច្រើន​ជាង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងទៀត​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​រលក​សមុទ្រ និង​ខ្យល់​បក់​ខ្លាំង និង​ជួយ​កាត់បន្ថយ​ការបាក់​ហូរ​ដី​ដែល​ជះឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​​សហគមន៍​តាម​ឆ្នេរសមុទ្រ​។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍ មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក​ អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល និង​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បានទេ ដោយ​ទូរស័ព្ទ​ពួកលោក​មិនមាន​អ្នកទទួល​។

ប៉ុន្តែ​កន្លងមក​លោក នេត្រ ភក្ត្រា បាន​លើកឡើង​ថា កម្ពុជា​មាន​ផ្ទៃដី​ព្រៃកោងកាង​សរុប​ចំនួន ៥៨៨០០ ​ហិកតា​គឺ​មាន​នៅ​ខេត្ត​កែប​ចំនួន ១០០៥ ហិកតា ខេត្ត​កំពត​មាន​ចំនួន ១៩៦៦ ​ហិកតា ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ ៩៣៥២ ​ហិកតា និង​ខេត្ត​កោះកុង​មាន​ចំនួន​ ៤៦ ៥២៩ ​ហិកតា​។

លោកស្រី ឡេង ផល្លា មន្ត្រី​បច្ចេកទេស​ជីវសាស្ដ្រ​សមុទ្រ​នៃ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ​ហៅ​កាត់​ថា WEA បាន​ថ្លែង​ថា ព្រៃកោងកាង​នៅ​កម្ពុជា​ពិតជា​មាន​ការថយចុះ​ដោយសារ​មាន​ការកាប់​ដើម្បី​យក​មក​ធ្វើ​ធ្យូង ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍ បាននិង​កំពុង​សហការ​គ្នា ដើម្បី​ដាំ​ព្រៃ​កោងកាង​ឡើងវិញ នៅ​តាម​តំបន់​ដែល​ត្រូវបាន​គេ​កាប់​រុករាន ជាពិសេស​នៅក្នុង​ខេត្តកំពត​។

លោកស្រី​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ឥឡូវនេះ​ដោយសារ​តែ​មាន​ការផ្សព្វផ្សាយ​ដោយ​រដ្ឋាភិបាល​ពលរដ្ឋ​គាត់​បាន​ដឹងថា ព្រៃកោងកាង​មាន​សារៈប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់គាត់ និង​មាន​សារៈសំខាន់​សម្រាប់​មុខរបរ​ប្រចាំថ្ងៃ​។ ឥឡូវ​នេះ​ក្នុង​ ១ ​ថ្ងៃ​ពួកគាត់​រក​ចំណូល​ពី​ព្រៃកោងកាង ដោយ​ចុះទៅ​រាវ​បង្គា ក្ដាមថ្ម និង​ត្រី​ជាដើម​ហ្នឹង​គឺ​អាច​រក​ចំណូល​មិន​ក្រោម​ពី​ ៣ ​ម៉ឺន​ទៅ​ ៤ ​ម៉ឺន​រៀល អានេះ​យ៉ាង​តិច​បំផុត​»​។

ចំណែក​លោក ស សូរិន ប្រធាន​រដ្ឋបាល​ជលផល​ខេត្តកំពត​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សហគមន៍​នៅក្នុង​តំបន់​ព្រៃកោងកាង​ក្នុង​ខេត្ត​នេះ​គឺមាន​ចំនួន ៩ ដែល​ត្រូវ​បាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផ្ដល់​សិទ្ធិ​ដើម្បី​ឱ្យ​គ្រប់គ្រង​ធនធាន​ជលផល​ដូចជា​ព្រៃកោងកាង ស្មៅ​សមុទ្រ និង​ផ្កាថ្ម​នៅតាម​តំបន់​រៀងៗ​ខ្លួន​។

លោក​បញ្ជាក់​ទៀត​ថា ព្រៃកោងកាង គឺ​ត្រូវ​បាន​ការពារ និង​អភិរក្ស​ដោយ​រដ្ឋបាល​ជលផល​តាមរយៈ​ការបោះបង្គោល​កំណត់​ទីតាំង រួមទាំង​ការដាំ​ដើម​កោងកាង​ឡើងវិញ​។ លោក​បញ្ជាក់​ថា សកម្មភាព​ដាំ​ព្រៃកោងកាង​គឺ​កើត​មាន​តាំងពី​ឆ្នាំ​ ១៩៩៥ ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ​ ២០០៨ ​មក​ដល់​ ២០២០ ​នេះ​ព្រៃកោងកាង​ជិត​ ៤ ​សែន​ដើម​ត្រូវ​បាន​ដាំ​ជួស​ឡើងវិញ នៅ​តំបន់​រេចរិល និង​តំបន់​មាន​ភក់​ដែល​មិនទាន់​មាន​ដើម​ព្រៃកោងកាង​។

លោក​ថា​៖ «​មាន​កត្តា​ផ្សេងៗ​ដែល​ធ្វើឱ្យ​ចំនួន​ព្រៃកោងកាង​ធ្លាក់ចុះ ដោយសារ​មាន​ការអភិវឌ្ឍ​លំនៅឋាន និង​ការប្រែប្រួល​អាកាសធាតុ​»៕