The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្នុង​រយៈ​ពេល​ ៦ ​យប់​ រាជ​ធានី​ភ្នំពេញ​ ឃាត់​យាន​យន្ត​​ល្មើស​នឹង​បម្រាម​គោចរ​បាន​ ១៧៨​ គ្រឿង​




ក្នុង​រយៈ​ពេល​ ៦ ​យប់​ រាជ​ធានី​ភ្នំពេញ​ ឃាត់​យាន​យន្ត​​ល្មើស​នឹង​បម្រាម​គោចរ​បាន​ ១៧៨​ គ្រឿង​

Content image - Phnom Penh Post
សមត្ថ​កិច្ច​នៅ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​រាជ​ធានី​ភ្នំពេញ សួរ​នាំ​អ្នក​ធ្វើ​ដំពើរ​កាលពី​យប់​ថ្ងៃ​ទី​ ៧​ ខែ​មេសា។ ហេង ជីវ័ន

ក្នុង​រយៈ​ពេល​ ៦ ​យប់​ រាជ​ធានី​ភ្នំពេញ​ ឃាត់​យាន​យន្ត​​ល្មើស​នឹង​បម្រាម​គោចរ​បាន​ ១៧៨​ គ្រឿង​

ភ្នំពេញៈ ក្នុង​រយៈពេល ៦ យប់ សមត្ថ​កិច្ច​បាន​ឃាត់​យាន​យន្ត​ចំនួន ១៧៨ គ្រឿង​ ដែល​ល្មើស​នឹង​​បម្រាម​​គោចរ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ខេត្ត​មួយចំនួន​ បានដាក់​បម្រាម​គោចរ​នេះដែរ ​ដើម្បី​បង្ការ​​ការ​​ឆ្លង​​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​​​ នៅ​ថ្ងៃ​ទី ​៨​ ខែ​មេសា​​ថា ក្នុង​រយៈពេល​ ៦​ យប់ នៃ​ការអនុវត្ត​បម្រាម​គោចរ សមត្ថកិច្ច​ឃាត់​បាន​យានយន្ត ១៧៨ គ្រឿង ក្នុងនោះ ម៉ូតូ ១៤៦ និង​រថយន្ត ៣២ គ្រឿង។

លោក​សង្កេត​​ឃើញ​ថា ពី​មួយ​យប់​ទៅ​មួយ​យប់ ​អ្នកបើក​បរ​ល្មើស​បម្រាម​គោចរ មានការ​ថយចុះ​គួរឱ្យ​កត់​សម្គាល់ ពោល​ការអនុវត្ត​នៅ​ថ្ងៃ​ដំបូង​ ឃាត់​យានយន្ត​បាន​ចន្លោះ​ពី ៦០ ​ទៅ ៧០ ​គ្រឿង ប៉ុន្តែ​ប៉ុន្មាន​យប់​ចុង​ក្រោយនេះ​ ឃាត់​បាន ២ គ្រឿង​ប៉ុណ្ណោះ។

លោក​​បញ្ជាក់​ថា៖ «ជាក់​ស្តែង​យប់មិញ​(៧​មេសា)ឃាត់​បាន​រថយន្ត​តែ​ ២ ​គ្រឿង​ទេ។ យើង​ឃើញថា ​មួយរយៈ​ចុងក្រោយ​នេះ ការឃាត់​យាន​យន្ត​មានការ​ថយចុះ​ច្រើន ដោយសារ​ពលរដ្ឋ​យល់ដឹង​ពី​បម្រាម​នេះ និង​ចូលរួម​គោរព​ទាំង​អស់​គ្នា»។

ទន្ទឹម​នេះ​ខេត្ត​មួយចំនួន​ ក៏​បានសម្រេច​ដាក់​វិធានការ​បម្រាម​គោរ​ចរ​ដូច​គ្នា​នេះ​ដែរ​​ ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩។

សេចក្តី​សម្រេច​ដែល​មាន ៧ ប្រការ ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក អ៊ុំ រាត្រី កាលពី​ថ្ងៃទី ៧ មេសា បានឱ្យដឹងថា ​ខេត្ត​​បាន​សម្រេច​ដាក់ចេញ​នូវ​វិធានកា​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ ១៩ ​នៅ​ភូមិសាស្ត្រ​ទូទាំង​ខេត្ត ដែលមាន​ថិរវេលា​អនុវត្ត​រយៈ​​ពេល ២ សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី ៧ រហូតដល់​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២១។

ក្នុង​ប្រការ ៤ បាន​កំណត់ថា​៖ «ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ នូវ​ការធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទា​យ​​មានជ័យ​នៅ​ចន្លោះ​ម៉ោង ៨ យ​ប់​​ ដល់​ម៉ោង​ ៥​ ទៀបភ្លឺ។ ប៉ុន្តែ​ក៏មាន​ការលើកលែង​មួយ​ចំ​​នួន​ក្នុងករណី​ចាំបាច់​រួមមាន រថយន្ត​ដឹកទំនិញ ករណី​សង្គ្រោះបន្ទាន់ ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក​គ្រូពេទ្យ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន។ល។»។

ចំណែក​ប្រការ ២ បាន​ចែង​ថា៖ «ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហា​រដ្ឋា​ន ភោជនីយ​ដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយ​ដ្ឋាន​នៅតាម​សណ្ឋាគារ។​ល។ ដែល​ទទួល​អតិថិ​ជន​ចូលមក​ទទួលទានអាហារ ​ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ម៉ោង ៨ យប់ ដល់​ម៉ោង ៥ ព្រឹក​ជា​កំហិត ប៉ុន្តែ​ទីតាំង អាជីវ​កម្ម​ទាំងនោះ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន»។

ដោយ​ឡែក​ថ្មីៗនេះ ខេត្ត​កំពង់​​ស្ពឺ​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​បម្រាម​គោចរ​នេះដែរ ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​អាជីវកម្ម ភោជនីយ​ដ្ឋាន​នានា​ ចាប់ពី​ម៉ោង ៨ យប់​ដល់​ម៉ោង ៥ ទៀបភ្លឺ ប៉ុន្តែ​មិន​ហាម​ការធ្វើ​ចរាច​រណ៍​នោះទេ។

យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ស្តីពី​ការអនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺ​កូ​វីដ ១៩ ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ បាន​ហាម​ការធ្វើ​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន ​នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ចាប់ពី​ចន្លោះ ម៉ោង ៨ យប់ ដល់ ម៉ោង ៥ ​ព្រឹក​ រយៈពេល ២ សប្តា​ហ៍ ចាប់ពី​ថ្ងៃទី ១ ដល់ ថ្ងៃទី ១៤ ខែ ​មេសា ២០២១៕

អត្ថបទគួរចាប់អារម្មណ៍