ភ្នំពេញ៖ គិត​ត្រឹម​ថ្ងៃទី ១៨ ខែ​មេសា ក្រុមហ៊ុន​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា បាន​លក់​អង្ករ​ក្នុង​តម្លៃ​ថោក និង​ដឹក​ដល់​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​បាន​ជាង ១០០ តោន ខណៈ​ការ​បញ្ជា​ទិញ​របស់​ប្រជាពលរដ្ឋ​មក​កាន់​ក្រុមហ៊ុន​នេះ មាន​រហូត​ដល់ ៣៤ ៩២២ គ្រួសារ។

លោក សុខ ដារ៉ាវុធ អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា មាន​ពលរដ្ឋ​ជាង ៣ ម៉ឺន​គ្រួសារ​ហើយ ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​ក្រុមហ៊ុន​តាមរយៈ​ការ​ខម​មិន​ទិញ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក។

លោក​ថា បើ​គិត​ជា​មធ្យម​ក្នុង​មួយ​គ្រួសារ ត្រូវ​បញ្ជា​ទិញ​បី​បាវ​នោះ ក្រុមហ៊ុន​ត្រូវ​ត្រៀម​អង្ករ​យ៉ាង​ហោច​ណាស់ ៦ ០០០ តោន។

លោក​បន្ថែម​ថា ដោយសារ​តែ​ក្នុង​ពេល​នេះ ក្រុមហ៊ុន​ទើប​តែ​បាន​ប្រមូល​ទិញ​អង្ករ​បន្ត​ពី​គ្រប់​ទិសទី​បាន​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​អង្ករ​ដែល​បាន​ដឹក​មក​ដល់​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ចូន​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាង ១០០ តោន រួច​មក​ហើយ​ដែរ ខណៈ​ក្រុម​ការងារ​បាន​បន្ត​ដឹក​អង្ករ​នេះ ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​ដែល​បាន​បញ្ជា​ទិញ គឺ​នឹង​ទទួល​បាន​អង្ករ​គ្រប់ៗ​គ្នា។

លោក​បញ្ជាក់​ថា ៖«យើង​ដឹក​អង្ករ​ជូន​ពលរដ្ឋ​បណ្តើរៗ​ហើយ តែ​ឥឡូវ​មិន​ទាន់​បាន​គ្រប់គ្នា ព្រោះ​តែ​អ្នក​បញ្ជា​ទិញ​វា​ច្រើន សូម​អធ្យាស្រ័យ។ ដោយសារ​តែ​មើល​ឃើញ​ពី​កង្វះ​ខាត​អង្ករ​នេះ ផ្សារ​កសិផល​ ឡេង ណាវ៉ាត្រា នឹង​បន្ត​ធ្វើ​ទៅ​មុខ​រហូត ហើយ​យើង​លក់​នេះ មិន​ធ្វើ​តែ​ក្នុង​រយៈ​ពេល​ខ្លី​ទេ ​គឺ​រយៈពេល​វែង​តែ​ម្តង សូម​កុំ​បារម្ភ»។

លោក ឡេង ណាវ៉ាត្រា ចុះមកត្រួតពិនិត្យអង្ករដែលបានមកដល់ ដើម្បីរៀបចំលក់ជូនប្រជាពលរដ្ឋ។ ហ្វេសប៊ុក ឡេង ណាវ៉ាត្រា

បើ​តាម​ការ​ប្រកាស​របស់​ទំព័រ​ហ្វេសប៊ុក​របស់​លោក ឡេង ណាវ៉ាត្រា បាន​ឲ្យ​ដឹង​ថា ផ្សារ​កសិផល ឡេង ណាវ៉ាត្រា នឹង​លក់​អង្ករ​ដែល​បាន​ប្រមូល​ទិញ​ពី​គ្រប់​ទិសទី​ចេញ​វិញ​ក្នុង​តម្លៃ ៣៨០ ដុល្លារ ក្នុង​មួយ​តោន គឺ​ខាត ៤០ ដុល្លារ​ក្នុង​មួយ​តោន ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ជន​រួម​ជាតិ​ក្នុង​គ្រា​ដ៏​លំបាក​នេះ។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បន្ត​ទៀត​ថា ការ​លក់​ចេញ​នេះ គឺ​ពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ អាច​កុម្ម៉ង់​ទិញ​បាន​ក្នុង​មួយ​គ្រួសារ ត្រឹម​តែ ៦ បាវ​ស្មើ​នឹង ៣០០ គីឡូ​ក្រាម​ប៉ុណ្ណោះ ហើយ​មិន​អាច​ទិញ​លក់​បន្ដ​ទេ ដោយ​មួយ​បាវ ៥០ គីឡូ មាន​តម្លៃ ១៩ ដុល្លារ ឬ​ស្មើ​នឹង ៧៦ ០០០ រៀល៕