ភ្នំពេញ: អ្នកជំនាញ​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សុខភាព​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​កម្ពុជា​ដែល​ស្លាប់​ដោយសារ​ការជក់​បារី​ជិត ១ ម៉ឺន​នាក់ ខណៈ​នៅ​លើ​ពិភពលោក​មាន​អ្នក​ស្លាប់​មាន​ ៧ ​លាន​នាក់​ក្នុង​នោះ​​ ៦ ​សែន​នាក់​ស្លាប់​ដោយ​ស្រូប​ផ្សែង​បារី​ពី​អ្នកដទៃ​ក្នុង ​១ ​ឆ្នាំៗ​។

ការបង្ហាញ​តួលេខ​នេះ​បាន​ធ្វើ​ឡើង​​ក្នុង​កម្មវិធី​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​«​ការលើក​ទឹកចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ការលក់​បារី និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់​» នៅ​មជ្ឈមណ្ឌល​មិត្តភាព​កម្ពុជា-កូរ៉េ​ (CKCC) ​ដើម្បី​ជំរុញ​ឲ្យ​ចូលរួម​លុបបំបាត់​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ដើម្បី​លើក​កម្ពស់​សុខភាព​សាធារណៈ និង​បរិស្ថាន ។

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ថ្លែង​ថា​ក្នុង​ ១ ​ឆ្នាំៗ​មាន​អ្នកស្លាប់​ដោយ​ការជក់បារី​ចំនួន​ ៧ ​លាន​នាក់​លើ​ពិភពលោក​ក្នុង​នោះ​មាន​ ៦ ​សែន​នាក់​ស្លាប់​ដោយ​ការ​ស្រូប​ផ្សែង​ពី​អ្នកដទៃ​។

ចំណែក​នៅ​កម្ពុជា​មាន​អ្នក​ស្លាប់​ប្រមាណ​ជិត​ ១ ​ម៉ឺន​នាក់​ក្នុង​ ១ ​ឆ្នាំ​ដោយ​ក្នុង​ ១ ​ថ្ងៃ​មាន​អ្នក​ស្លាប់​ពី​ ៣០ ​ទៅ​ ៤០ ​នាក់​។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា​តាមរយៈ​ការស្រាវជ្រាវ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​តួលេខ​អ្នកស្លាប់​ដោយសារ​បារី​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ ព្រោះ​មាន​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​ធ្វើឲ្យ​អត្រា​លក់​បារី​ថយចុះ ប៉ុន្ដែ​ចំនួន​អ្នកជក់​មិន​បាន​ថយ​ទេ ដោយសារ​កំណើន​ប្រជាជន​។

លោក គង់ បាន​បញ្ជាក់​ថា​៖ «​អ៊ីចឹង​ចំនួន​អ្នក​ជក់​ក៏​នៅ​ដដែល​ និង​ចំនួន​អ្នកស្លាប់​ក៏​នៅ​ប្រហែល​គ្នា​នេះ​ដែរ​។ អ្នក​ជក់​បាន​បណ្ដាល​ឲ្យ​មាន​ជំងឺ​ប្រចាំកាយ​ជាច្រើន​មុខ ប៉ុន្ដែ​យើង​ផ្ដោត​លើ​ជំងឺ​ ៥ ​មុខ​សិន ព្រោះ​វា​តែងតែ​កើត​លើ​អ្នក​ជក់បារី និង​អ្នក​ស្រូប​ផ្សែង​បារី​មាន​ដូចជា ជំងឺ​មហារីក​សួត ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​ត្បៀត​ទងសួត​រ៉ាំរ៉ៃ ត្បៀត​សរសៃឈាម និង​ហើម​សួត ជាដើម​»​។

លោក ផាន់ ចាន់ពៅ ប្រធាន​ដេប៉ាតឺម៉ង់​​ចិត្តវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​បាន​ថ្លែង​ថា ថ្នាំជក់​គឺជា​ផលិតផល​តែ​​មួយ​គត់​ដែល​ធ្វើឲ្យ​អ្នក​ប្រើ​ពាក់​កណ្ដាល​ស្លាប់​មុន​អាយុ ហើយ​ភាគី​ក្រុមហ៊ុន​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ការលក់​ និង​ជំរុញ​ការលក់​បារី​ឲ្យ​មាន​សម្ទុះ​កាន់តែ​ខ្លាំង​ដោយ​ស្ទើរ​​គ្រប់​ក្រុមហ៊ុន​ថ្នាំជក់​នៅ​កម្ពុជា​បាន​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អ្នក​ជក់បារី​ដូចជា ប្រាក់​ឧបត្ថម្ភ សម្ភារ​ប្រើប្រាស់ វត្ថុ​អនុស្សាវរីយ៍ បារី និង​ការលើក​ទឹកចិត្ត​ផ្សេង​ទៀត​ដល់​ក្រុម​អ្នកលក់​បារី​។

យ៉ាង​ណា​ក្ដី​លោក​ថា​រហូត​មក​ទល់​ពេល​នេះ​គ្មាន​ក្រុមហ៊ុន​ថ្នាំជក់​ណា​មួយ​​បាន​បង្ហាញ​ពី​ការចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទេ​។ ​ចាប់​តាំង​កម្ពុជា​អនុម័ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់​កាលពី​ឆ្នាំ​ ២០១៥ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់ ការផ្សព្វផ្សាយ​លក់ និង​ការឧបត្ថម្ភ​កម្មវិធី​ដោយ​ឧស្សាហកម្ម​ថ្នាំជក់​ត្រូវ​បាន​ហាមឃាត់​។

លោក​ថា​៖ «​ក្រោយ​ពី​ច្បាប់​ហាមឃាត់​នេះ​ចេញ​មក​ក្រុមហ៊ុន​បាន​បង្វែរ​ជា​ការផ្ដល់​រង្វាន់​ដល់​អ្នកលក់​បារី​វិញ​ម្ដង​ក្នុង​គោលបំណង​ដូច​គ្នា​គឺ​បង្កើន​ការលក់​ផលិតផល​ថ្នាំជក់​របស់​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​ដែល​ជា​ឧបសគ្គ​រារាំង​ដល់​ការកាត់​បន្ថយ​ចំនួន​ពលរដ្ឋ​ដែល​ស្លាប់ ពិការ​ និង​កើត​ជំងឺ​បណ្ដាល​មកពី​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​»​។

ចំណែក​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បាន​ឲ្យ​ដឹង​ថា​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុម័ត និង​អនុវត្ត​ដោយ​មិន​ពន្យារពេល​លើ​បទដ្ឋាន​គតិយុត្ត ដែល​ទាមទារ​ឲ្យ​មាន​សារ​ព្រមាន​ជា​រូបភាព​​មាន​ទំហំ​ធំ​លើ​កញ្ចប់​បារី​ដោយ​អនុលោម​តាម​មាត្រា​ ១១ នៃ​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​។

លោក​បន្ត​ថា​បើ​តាម​ការសង្កេត​កន្លងមក​ឃើញ​ថា អត្រា​សិស្ស​គិត​ពី​អាយុ​ត្រឹម​ ១៣ ​ទៅ​ ១៥ ​ឆ្នាំ​ដែល​ចេះ​ជក់បារី​បាន​ធ្លាក់​ចុះ​ប្រហែល​ ២ ​ភាគរយ និង​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ​ឡើង​ទៅ​មាន​ជាង​ ៣៥ ​ភាគរយ​។

លោក​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​ជម្រាប​ថា ហេតុអ្វី​អ្នក​ជក់បារី​បាន​ជក់​ម្ដង​ហើយ ម្ដង​ទៀត​? ​ព្រោះ​ក្នុង​ផ្សែង​បារី​មាន​ជាតិ​​គីមី​ជាង​ ៧ ​ពាន់​ប្រភេទ ប៉ុន្ដែ​មាន​សារជាតិ​ម្យ៉ាង​ធ្វើឲ្យ​យើង​ចង់​ជក់​ម្ដង​ហើយ ចង់​ជក់​បន្ត​ទៀត​...​អាហ្នឹង​គេ​ហៅថា សារជាតិ​ញៀន​ដែល​យើង​មិន​បាន​ដឹង​»​។

លោក​វេជ្ជបណ្ឌិត ដារ៉ាវុធ បាន​បន្ថែម​ថា​រដ្ឋាភិបាល អ្នក​ជំនាញ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សុខភាព គួរ​បើក​វគ្គ​បំប៉ន​ដល់​អាជ្ញាធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​ពួកគេ​មាន​ចំណេះដឹង​យក​ទៅ​អប់រំ​ពី​ផល​បះពាល់​នៃ​ការប្រើប្រាស់​ថ្នាំជក់​​នេះ​បន្ត​នៅ​តាម​កន្លែង​អាជីវកម្ម​នីមួយៗ​។

លោកស្រី ឱ វណ្ណឌិន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​ និង​លោក ឡូ វាសនាគិរី​ប្រធាន​នាយកដ្ឋាន​ផែនការ និង​ព័ត៌មាន​សុខាភិបាល​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ពួកគាត់​អះអាង​ថា កំពុង​រវល់​ប្រជុំ​កាលពី​ម្សិលមិញ​៕