ភ្នំពេញៈ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ បានធ្វើការចោទប្រកាន់ក្មេងជំទង់វ័យ ១៦ ឆ្នាំម្នាក់ពីបទរួមភេទជាមួយអនីតិជន អាយុក្រោម ១៥ ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាស ហើយនៅពេលនេះសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបអង្កេត។
លោក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះបានបញ្ជូនជនសង្ស័យមកការិយាល័យរបស់លោក។ លោកបានបញ្ជាក់ថា៖ «យើងទទួលបានជនសង្ស័យពីក្រុមគ្រួសាររបស់ជនរងគ្រោះ ២-៣ ថ្ងៃមកហើយ ហើយយើងបានបញ្ជូនគាត់មកកាន់តុលាការហើយ។ ករណីរបៀបនេះ មិនមែនជាលើកទីមួយទេ វាមានច្រើនករណីរួចមកហើយ។ យើងមានភ័ស្តុតាង ហើយយើងបានសង្ស័យគាត់ពីបទរួមភេទជាមួយអនីតិជន និងចែករំលែករូបភាពអាសអាភាសរបស់អនីតិជន។
តាមរយៈសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា ជនសង្ស័យ និងជនរងគ្រោះ គឺរៀននៅសាលាជាមួយគ្នា។ ជនសង្ស័យធ្លាប់បានរួមភេទជាមួយជនរងគ្រោះ។ ក្រោយមកបានគំរាមជនរងគ្រោះចែករំលែករូបភាពអាសអាភាសរបស់ជនរងគ្រោះដែលបានថតក្រោយពេលជនរងគ្រោះមិនព្រមតាមសំណើ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោកបានបញ្ជូនករណីនេះទៅកាន់ចៅក្រមស៊ើបសួររួចហើយកាលពីថ្ងៃសុក្រ។
លោកបញ្ជាក់ថា៖ «យើងបានធ្វើការចោទប្រកាន់គាត់ (ជនសង្ស័យ) រួចហើយ។ ជនសង្ស័យមានឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ ១៦ ឆ្នាំ។ ជនរងគ្រោះមានអាយុ ១៤ ឆ្នាំ។ សំណុំរឿងនេះនៅក្នុងដៃចៅក្រមស៊ើបសួរ៕