រតនគិរី៖ អធិការន​គរបាល​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី លោក សូយ សំណាង បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២ មេសា​នេះ​ថា ក្មេង​ជំទង់​ចំនួន ៧ នាក់​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ស្រុក​វិញ​ហើយ បន្ទាប់​ពី​ចូល​ព្យាបាល​ក្រោយ​បរិភោគ​ត្រីខ​កំប៉ុង ហើយ​ពុល​កាល​ពី​ថ្ងៃទី ១ ខែមេសា នៅ​ភូមិ​ភិឃុំសេសាន ស្រុក​អូរយ៉ាដាវ។

លោក​វរសេនីយ៍ឯក សូយ សំណាង បាន​ឱ្យ​ដឹង​ថា ក្មេង​ទាំង ៧ នាក់នោះ ទី១-ឈ្មោះ សល់ ព្រំ ភេទ ប្រុស អាយុ ១២ ឆ្នាំ, ទី២-ឈ្មោះ សល់ សេ ភេទ ប្រុស អាយុ ១៣ ឆ្នាំ, ទី៣-ឈ្មោះ សល់ ដានី ភេទ ស្រី អាយុ ១១ ឆ្នាំ, ទី៤-ឈ្មោះ សល់ ញូង ភេទ ប្រុស អាយុ ១៣ ឆ្នាំ, ទី៥-ឈ្មោះ សេវ លីន ភេទ ស្រី អាយុ ១៤ ឆ្នាំ, ទី៦-ឈ្មោះ សល់ ឡេស ភេទ ប្រុស អាយុ ១៥ ឆ្នាំ និង​ទី៧-ឈ្មោះ សល់ សី ភេទ​ប្រុស អាយុ ១៦ឆ្នាំ។ ពួក​គេ​ទាំង​អស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។

លោក សូយ សំណាង បាន​បន្ត​ថា តាម​ការ​សាកសួរ ករណី​នេះ គឺ​ពួក​គេ​បាន​ហូប​ត្រីខ​ជាមួយ​បាយ​ជុំ​គ្នា​ជាមួយ​បងប្អូន​បង្កើត​ និង​បងប្អូន​ជី​ដូន​នៅ​ចម្ការ​នាពេល

រសៀល។ លុះ​ក្រោយ​មក​ពួក​គេ​មាន អាការ​វិល​មុខ ក្អួត​ចង្អោរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​មន្ទីរពេទ្យ​ស្រុក​អូរយ៉ាដាវ។

លោក​បាន​បញ្ជាក់​ថា៖ «ទាំង​ក្រុម​គ្រូពេទ្យ​ទាំង​សមត្ថកិច្ច​មិន​បាន​ឃើញ​សម្បក​កំប៉ុង​នោះ​ទេ តែ​ខាង​កាំកុង​ត្រូល​ដែល​ចុះ​អង្កេត​ដែរ​គាត់​ប្រាប់​ខ្ញុំ​ថា ត្រីខ​កំប៉ុង​បើ​កាល​ណា​ទុក​វា​ចោល​ត្រូវ​ថ្ងៃ​ខ្លាំង គឺ​វា​ខូច​គុណភាព និង​បង្ក​បញ្ហា​ដល់​សុខភាព»។

ទោះ​ជា​យ៉ាង​ណា លោក​ សំណាង បាន​ឱ្យ​ដឹង​ថា ឥឡូវ​នេះ​ពួក​គេ​ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​វិញ​ហើយ បន្ទាប់​ពី​បាន​ធូរស្រាល​ឡើង​វិញ៕