ភ្នំពេញៈ នគរបាល​សង្កាត់​ជ្រោយចង្វារ​កាលពី​ម្សិលមិញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេងទំនើង​ ២ ​នាក់ ក្រោយពី​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​តាមផ្លូវ​សាធារណៈ​ និង​យកដៃ​វាយ​ក្បាល​បុរស​បរទេស​ម្នាក់​ដែល​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា ហើយ​រូបភាព​នោះ​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

លោក ចាន់ ប៊ុនធឿន នាយនគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រោយចង្វារ​បាន​ប្រាប់ឱ្យដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ លឹម ហុងឡេង អាយុ​ ១៨ ​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​ ១១ និង​រស់នៅ​ផ្ទះជួល​ក្នុងភូមិ​កៀន​ឃ្លាំង​សង្កាត់-ខណ្ឌ​ជ្រោយចង្វារ និង​ម្នាក់ទៀត​ឈ្មោះ រិទ្ធ ចាន់តារា អាយុ​ ១៧ ​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិ ​១ សង្កាត់-ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។

លោក​បន្តថា នគរបាល​បានកំណត់​អត្តសញ្ញាណ​បាន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​បន្ទាប់ពី​ទទួលបញ្ជា​ពី​ថ្នាក់លើ​ឱ្យ​ចាត់​កម្លាំង​នគរបាល​តាម​ស្រាវជ្រាវ​រហូត​ចាប់បាន​ជនសង្ស័យ​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​ សមត្ថកិច្ច​ខ្ញុំ​បាន​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ចាត់ការ​បន្ត​ហើយ​។ ចំពោះ​នីតិវិធី​ ឬ​ចំណាត់​ការបន្ត​យ៉ាងណា​ទៀត​នោះ​ជា​សមត្ថកិច្ច​របស់​ខណ្ឌ​»​។

លោក ចាន់ ប៊ុនធឿន បញ្ជាក់​ថា​ក្រុម​ជនសង្ស័យ មុន​បង្កហេតុ​ពួកគេ​បាននាំគ្នា​ផឹកស្រាបៀរ​រហូត​ស្រវឹង​។ បន្ទាប់មក​ពួកគេ​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ ចេញពី​កន្លែង​ផឹកស៊ី​ហើយ​ចៃដន្យ​ពេល​កំពុង​ជិះ​ម៉ូតូ ក៏​ឃើញ​បុរស​ជនបរទេស​ម្នាក់​ដែល​ក្បាល​កោរត្រងោល កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា​។ ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​លើកដៃ​ទះ​ក្បាល​បុរស​នោះ​មួយ​ទំហឹង​ហើយ​គ្នីគ្នា​ពួកគេ​ ២ ទៅ​ ៣ ​នាក់​ទៀត​ចាំ​ថត​សកម្មភាព​យក​ទៅ​បង្ហោះ​។

លោក ឯក សេរីវុធ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បានឱ្យ​ដឹងថា លោក​កំពុង​ចាត់ការ​ក្នុង​រឿងនេះ​៕